ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ការកំណត់ថ្ងៃចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺជាសញ្ញាណល្អមួយ ក្នុងការរកដំណោះស្រាយនយោបាយសមស្របមួយ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១ វិច្ឆិកា ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃអង្គារ ទី៥ វិច្ឆិកា សប្ដាហ៍ក្រោយ ជាកាលកំណត់ជួបគ្នាចរចាជាថ្មី។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការជួបចរចានេះ គឺកំណត់ភាគីម្ខាង ៥រូប ដែលមិនមែនជាថ្នាក់ដឹកនាំកំពូលនៃគណបក្ស ដូចកាលពីមុនទេ។ លោកបញ្ជាក់ថា អ្នកដឹកនាំចរចាខាងគណបក្សប្រជាជនកម្ពុជា នោះ គឺលោក ព្រំ សុខា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង អះអាងទៀតថា ការជួបចរចានេះ នឹងជជែកសំខាន់អំពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
ការកំណត់ពេលវេលាជួបគ្នាចរចានៅសប្ដាហ៍ក្រោយនេះ ធ្វើឡើងនៅបន្ទាប់ពី លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានទាក់ទងតាមទូរស័ព្ទទៅ លោក ស ខេង ដើម្បីកំណត់អំពីការចរចានេះ កាលពីថ្ងៃទី៣១ តុលា នៅក្រោយពីគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតភ្លាមៗ។
នៅក្នុងសន្និសីទកាសែតនោះ គណបក្សសង្គ្រោះជាតិ បានដាក់របៀបវារៈបីដើម្បីចរចា គឺទី១ ទាមទារឲ្យធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។ ទី២ ទាមទារឲ្យមេដឹកនាំកំពូល គ.ជ.ប ទាំង៩ លាលែងពីតួនាទី និងទី៣ ទាមទារឲ្យយកអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួនទៀត។
ទាក់ទងនឹងរបៀបវារៈទី១នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ពន្យល់ថា ការចរចានេះ គឺជាការចរចាបិទទ្វារ មិនអាចអនុញ្ញាតឲ្យអ្នកកាសែត ឬមន្ត្រីអង្គការសង្គមស៊ីវិលចូលរួមបានទេ។ លោកបានបន្ថែមថា ចំពោះការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតវិញ ក៏មិនអាចធ្វើការស៊ើប ហើយទាត់ចោលលទ្ធផលបោះឆ្នោតបានដែរ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងប្រជុំដើម្បីកំណត់សមាសភាពចំនួន ៥រូប ទៅចរចាជាមួយគណបក្សប្រជាជន នៅថ្ងៃទី៥ វិច្ឆិកា នោះ។ លោក យឹម សុវណ្ណ បន្ថែមថា របៀបវារៈបន្ថែមទៀតដែលនឹងជជែកនោះ នឹងលើកនៅក្នុងអង្គប្រជុំ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូល គ.ជ.ប នេះ ជារឿងសំខាន់មួយ ពីព្រោះថា ការបោះឆ្នោតកន្លងមក មានបញ្ហាជាច្រើនកើតមាន។
ការកំណត់ពេលជួបចរចាជាថ្មីនេះ នៅបន្ទាប់ពីគណបក្សទាំងពីរបានបរាជ័យក្នុងការចរចា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣ ដែលធ្វើឡើងនៅវិមានរដ្ឋសភាជាតិ នៅខណៈដែលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រជាពលរដ្ឋធ្វើមហាបាតុកម្មបណ្ដើរ និងធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បណ្ដើរ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ការងាកមករកតុចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរនេះ គឺជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីការជាប់គាំងនយោបាយបានអូសបន្លាយពេលជាងបីខែមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
