បក្ស​ប្រជាជន​ប្រកាស​អនុវត្ត​តាម​ព្រះរាជសារ​ព្រះមហាក្សត្រ

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ដង្ហែ​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ ដូច​ព្រះអង្គ​បញ្ជាក់​ក្នុង​ព្រះរាជសារ​ព្រះអង្គ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា បាន​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​នេះ​បន្ត​ការពារ​ដាច់​ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​ឯករាជ្យ អធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ភាព​សុខសាន្ត និង​សេចក្ដី​ចម្រើន​រុង​រឿង​របស់​ប្រទេស និង​ប្រជាជន។

នៅ​ក្នុង​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះ​បរម​នាថ នរោត្តម សីហមុនី អំពាវនាវ​អោយ​ពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​ភាព​ថ្លៃថ្នូរ​នៃ​ជាតិ​យើង។ ក្នុង​នោះ​បញ្ជាក់​ទៀត​ថា កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ដែល​ប្រជាជាតិ​យើង​គោរព​ទាំងអស់​គ្នា។ ការ​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ គួរ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​តួនាទី​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ។

ព្រះរាជសារ​ព្រះករុណា ចេញ​គឺ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កញ្ញា។

ទាក់ទិន​នឹង​ព្រះរាជសារ អំពាវនាវ​របស់​ព្រះមហាក្សត្រ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​លោក​ក៏​ពិចារណា​ចំពោះ​អត្ថន័យ​នៃ​ព្រះរាជសារ​ព្រះមហាក្សត្រ​ដែរ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​តែ​គោរព​តាម​ព្រះរាជ​តម្រិះ​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។