មេភូមិ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា នៅខេត្តសៀមរាប គំរាមកំហែងបង្ខំសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យផ្ដិតស្នាមមេដៃដើម្បីឲ្យចុះចូលគណបក្សខ្លួន បើទោះជាពួកគាត់មិនព្រមចុះចូលក៏ដោយ។ ស្របគ្នានេះ សកម្មជនបក្សប្រឆាំងខ្លះបានសម្រេចចិត្តចុះចូលគណបក្សកាន់អំណាចទាំងបង្ខំដើម្បីបញ្ចៀសការប្រឈមផ្លូវតុលាការ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការសម្លុតគំរាមកំហែងគណបក្សណាមួយឲ្យចុះចូលគណបក្សខ្លួនគឺជាទង្វើស្មោកគ្រោក និងដោយខុសច្បាប់។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់សមាជិកក្រុមប្រឹក្សាគណបក្សលោក ព្រោះអាជ្ញាធរគណបក្សកាន់អំណាចសម្លុតអូសទាញពួកគាត់។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប សុំមិនឲ្យបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា អាជ្ញាធរគណបក្សប្រជាជនកម្ពុជា នៅតាមភូមិឃុំស្ទើរគ្រប់ស្រុកនៅក្នុងខេត្តមួយនេះ ប្រើយុទ្ធនាការថ្មីគឺការគំរាមផងសម្លុតផងទៅលើសកម្មជនគណបក្សលោកដើម្បីឲ្យចុះចូលគណបក្សកាន់អំណាច។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា យុទ្ធនាការនេះអាជ្ញាធរបានសម្រុកខ្លាំងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា មក ហើយយុទ្ធនាការនេះដោយអាជ្ញាធរបានបង្ខំសមាជិកក្រុមប្រឹក្សាគណបក្សលោកនៅតាមមូលដ្ឋានឲ្យផ្ដិតស្នាមមេដៃបញ្ចូលក្នុងសៀវភៅសមាជិកគណបក្សប្រជាជនកម្ពុជា តែម្ដង៖ «បើនិយាយទៅបច្ចុប្បន្ននេះយើងអត់មានលទ្ធភាពអីជួយពួកគាត់ទេ សូម្បីតែរូបខ្ញុំក៏ដោយត្រូវប្រឈមមុខការអូសទាញដែរ។ ដូចនៅកន្លែងខ្លះសកម្មជនរបស់ខ្ញុំគាត់មិនឲ្យមកគាត់ទេ ព្រោះខ្លាចគេធ្វើបាបគាត់ ហើយយើងក៏មិនហ៊ានបង្ខំពួកគាត់ដែរ»។
មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ថែមទៀតថា អាជ្ញាធរគំរាមថា ប្រសិនបើសកម្មជនគណបក្សប្រឆាំងណាមិនព្រមផ្ដិតមេដៃ និងត្រូវបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់ ដោយយកលេសថាគណបក្សប្រឆាំងបានរំលាយអស់ហើយ ដូច្នេះការរឹងទទឹងមិនព្រមចុះចូលគឺជាទង្វើខុសច្បាប់។
អាស៊ីសេរី ពុំទាន់អាចរកប្រភពទាក់ទងអាជ្ញាធរមូលដ្ឋានគណបក្សកាន់អំណាចដើម្បីឆ្លើយតបពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា បញ្ហានេះគឺជាការឃោសនានយោបាយដោយការបំភិតបំភ័យរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមកលើសកម្មជនគណបក្សសង្គ្រោះជាតិ ថ្នាក់ក្រោម ដើម្បីពួកគាត់បានចាកចេញទៅក្រៅប្រទេសទៅវិញទេ៖ «ហើយចង់រត់ភៀសខ្លួនទៅបរទេសដូចខ្លួនឯង ខ្ញុំយល់ថា បងប្អូនមិនធ្វើតាមមេបក្សប្រឆាំងរបស់ខ្លួនបានទេ ពីព្រោះវាអត់មានបរទេសណាជួយឧបត្ថម្ភដូចមេបក្សប្រឆាំងដែលលក់ខ្លួនឲ្យបរទេសនោះទេ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel)លោក យឿង សុធារ៉ា លើកឡើងថា ការគំរាមកំហែង និងការទិញទឹកចិត្ត ដើម្បីអូសទាញសកម្មជនគណបក្សដទៃឲ្យចុះចូលគណបក្សខ្លួនគឺជាទង្វើស្មោកគ្រោកដោយខុសច្បាប់៖ «ខ្ញុំគិតថាជាការបំភិតបំភ័យនយោបាយ ខណៈដែលគណបក្សមួយត្រូវបានខូចខាតយ៉ាងដំណំ ហើយឆ្លៀតឱកាសពេលនេះបានតាមធ្វើទុក្ខបុកម្នេញគាត់ទៀត គឺជារឿងអយុត្តិធម៌កាន់តែធ្ងន់ធ្ងរ។ បញ្ហានេះនឹងនាំឲ្យមានទំនាស់ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ»។
មន្ត្រីគណបក្សប្រឆាំងខេត្តសៀមរាប អះអាងថា ដោយភ័យខ្លាចមានសកម្មជនរបស់គណបក្សខ្លួនខ្លះបានផ្ដិតមេដៃយល់ព្រមតាមអាជ្ញាធរគណបក្សកាន់អំណាច ក៏ប៉ុន្តែបេះដួងរបស់ពួកគាត់នៅតែស្មោះស្ម័គ្រជាមួយគណបក្សដោយមិនក្បត់ឆន្ទៈរបស់ម្ចាស់ឆ្នោតឡើយ។ រហូតមកទល់ថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃឱសានវាទកំណត់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ដល់ឱកាសអោយមន្ត្រីបក្សសង្គ្រោះជាតិចុះចូលនោះ មានសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្នុងខេត្តសៀមរាប ចុះចូលជាមួយគណបក្សកាន់អំណាចចំនួន ១៤នាក់ ក្នុងចំណោមសមាជិកទាំងអស់ជិត ៤០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។