បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​មិន​ទាន់​កំណត់​ថ្ងៃ​ចរចា

មក​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​នៅ​ឡើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​នៅ​ប្រកាន់​ជំហរ​ដោះស្រាយ​ជាប់​គាំង​នយោបាយ និង​បន្ត​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​សន្តិវិធី ព្រម​ទាំង​ឈរ​លើ​ប្រយោជន៍​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ហើយ​របៀបវារៈ​ស្ដីពី​បញ្ហា​នេះ ក៏​នឹង​ត្រូវ​យក​មក​ពិភាក្សា​គ្នា​ដែរ៖ «រហូត​មក​ដល់​ថ្ងៃ​នេះ​យើង​មិន​ទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក គឺ​គណៈ​អចិន្ត្រៃយ៍ ខ្ញុំ​ពុំ​ហ៊ាន​សន្មត​ថា​ម៉េច​ដែរ តែ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ហ្នឹង យើង​កំពុង​តែ​រក​វិធី ហើយ​មាន​តែ​ការ​ជជែក​ពិភាក្សា​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី បាន​ត្រឡប់​ពី​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ហើយ​កំពុង​ស្នាក់​នៅ​ខេត្ត​ព្រះវិហារ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​ចុះ​ពិនិត្យ​តំបន់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ទី​នោះ។ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក កឹម សុខា បាន​ទៅ​ជួប​មន្ត្រី​ស្ថានទូត​អាមេរិក និង​ជួប​វិទ្យាស្ថាន​សាធារណៈ​អន្តរជាតិ (IRI) ដើម្បី​ស្វែង​រក​ការ​គាំទ្រ និង​គំនិត​យោបល់​ទាក់ទង​នឹង​បញ្ហា​នយោបាយ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ក្នុង​ជំនួប​រវាង​ក្រុម​បច្ចេកទេស​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ លោក យឹម សុវណ្ណ និង​លោក ព្រំ សុខា មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នឹង​បើក​ការ​ចរចា​គ្នា​នៅ​សប្ដាហ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕