បក្ស​ទាំង​២​ព្រមព្រៀង​បង្កើត​យន្តការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើង​វិញ

0:00 / 0:00

តំណាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង ព្រមព្រៀង​គ្នា​បង្កើត​យន្តការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើង​វិញ និង​គ្រោង​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ។

ការ​ព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ដើម្បី​សិក្សា និង​រៀបចំ​ក្របខ័ណ្ឌ​កែទម្រង់​ការ​បោះ​ឆ្នោត។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​វិមាន​ព្រឹទ្ធ​សភា នៅ​រាជធានី​ភ្នំពេញ។

បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង ៤​ម៉ោង​រួច​មក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ​ប្រកាស​ថា គណៈកម្មការ​កែទម្រង់​ការ​បោះ​ឆ្នោត​នេះ នឹង​បើក​កិច្ច​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មីនា ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​កែ​ទម្រង់​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន៖ ការ​រៀបចំ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ពេល​បោះ​ឆ្នោត បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ រួម​ទាំង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ប៉ុន្តែ​បក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ពីរ​ជា​មុន​សិន គឺ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ និង​ការ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លម្អិត​លើ​ចំណុច​ដែល​នៅ​សល់​បន្ត​ទៀត ដូចជា​កំណែ​ទម្រង់​ស្ថាប័ន គ.ជ.ប. យន្តការ​ដោះស្រាយ​បណ្ដឹង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។ លោក​បន្ត​ថា ជំនួប​ថ្មី​នេះ ជា​យន្តការ​មួយ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ចរចា​រវាង​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ។ លោក​បន្ត​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ដោយ​មិន​កែប្រែ​ឡើយ។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភា ដើម្បី​ធ្វើ​ការ​កែ​ទម្រង់ ឬ​ទេ?

លោក សុន ឆ័យ ឆ្លើយ​យ៉ាង​ដូច​នេះ​ថា៖ «ឧទាហរណ៍​ថា អនុម័ត​ច្បាប់​ថា​ត្រូវ​ចូល​អី​ហ្នឹង​នោះ​ណា វា​តម្រូវ​ថា ត្រូវ​ចូល​អី​ហ្នឹង​វា​អាច​ទៅ​ជាមួយ​គ្នា​អី​ដែរ វា​ការងារ​ទៅ​មុខ​មួយ​ជំហាន​ដែរ តែ​មិន​បាន​ន័យ​ថា ការ​កែ​ទម្រង់​ហ្នឹង​អាច​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​សភា​ទាំង​ទទឹង​ទិស​នោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា រង់ចាំ​បើក​ទ្វារ​ចំហ​សម្រាប់​កិច្ច​ចរចា​នយោបាយ​រវាង​មេដឹកនាំ​កំពូល​នៃ​បក្ស​ទាំង​ពីរ។ លោក​បន្ត​ថា នៅ​ដំណាក់កាល​ចុង​ក្រោយ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ត្រូវ​ចូល​ទៅ​ក្នុង​សភា​ដោយ​ជៀស​មិន​រួច​ឡើយ ព្រោះ​ថា បើ​ចង់​កែ​ទម្រង់ ឬ​បង្កើត​ច្បាប់ គឺ​មិន​អាច​ធ្វើ​នៅ​ក្រៅ​របង​សភា​បាន​ទេ៖ «រឿង​សម្បទាន​ហ្នឹង គឺ​សម្បទាន​ហើយ តែ​ឯកឧត្ដម សុន ឆ័យ គាត់​លើក​មិញ​ហ្នឹង តែ​រឿង​កែ​ទម្រង់​ហ្នឹង ធ្វើ​ឡើង​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​ហ្នឹង​ទៀត​ណា»

ការ​ប្រជុំ​រវាង​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល​រវាង​មេដឹកនាំ​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​បច្ចេកទេស​នៃ​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

កន្លង​ទៅ​សង្គម​ស៊ីវិល​ធ្លាប់​រក​ឃើញ​ថា ភាព​មិន​ត្រឹមត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បាន​បង្ក​ជា​ឧបសគ្គ​មួយ​ផ្នែក​ធំ​សម្រាប់​អ្នក​បោះ​ឆ្នោត។ អង្គការ​ខុមហ្វ្រែល ធ្លាប់​បាន​រក​ឃើញ​ថា អ្នក​បោះ​ឆ្នោត​ជាង ១​លាន​នាក់ បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​រិះគន់​ថា របាយការណ៍​របស់​សង្គម​ស៊ីវិល​មិន​គួរ​ជា​ទី​ទុក​ចិត្ត​ឡើយ។

ចំពោះ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​វិញ ត្រូវ​បាន​សង្គម​ស៊ីវិល​ពណ៌នា​ថា វា​ជា​ឧបករណ៍​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព និង​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។