ជំនួប​បក្ស​ទាំង​២​គ្មាន​លទ្ធផល​ខណៈ​បក្ស​ប្រជាជន​ស្នើ​ពន្លឿន​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល

0:00 / 0:00

កិច្ច​ពិភាក្សា​រវាង​ក្រុម​ការងារ​កែទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​មិន​បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ឡើយ។ ជំនួប​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា នេះ គណបក្ស​ទាំង​ពីរ​មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដូច​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ឡើយ ប៉ុន្តែ​អ្នក​នយោយបាយ​ទាំង​សង​ខាង​ស្រុះ​ស្រួល​គ្នា​បន្ត​កិច្ចពិភាក្សា​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា សប្ដាហ៍​ក្រោយ។

កិច្ចពិភាក្សា​លើក​នេះ គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ចំនួន​២។ បក្ស​ប្រឆាំង​ស្នើ​ពិភាក្សា​លើ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ចំណែក​បក្ស​កាន់​អំណាច​លើក​ឡើង​ពី​សុចរិតភាព​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​រយៈពេល​ជាង ៣​ម៉ោង​រួច​មក តំណាង​គណបក្ស​ទាំង​ពីរ​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​កាសែត ដោយ​ប្រកាស​ថា ក្រុម​ការងារ​បាន​លើក​យក​អ្វី​ដែល​ខ្លួន​ចង់​បាន​ទៅ​វិញ​ទៅ​មក ដើម្បី​ដាក់​ឲ្យ​មេដឹកនាំ​កំពូល​របស់​បក្ស​សម្រេច​នៅ​ពេល​ក្រោយ។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​លើក​នេះ គឺ​បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នៅ​ត្រង់​ពាក្យ​បច្ចេកទេស​មួយ​ចំនួន ប៉ុន្តែ​បាន​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​ឧត្ដម​គតិ​ហើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​ប្រឆាំង បាន​ព្រមព្រៀង​គ្នា​ខ្លះៗ លើ​ចំណុច​ទាក់ទង​នឹង​ការ​កែទម្រង់​ការ​បោះ​ឆ្នោត។ ហើយ​ចំណុច​ដែល​នៅ​សល់​នោះ គឺ​នឹង​បន្ត​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

ឆ្លើយ​សំណួរ​អ្នក​កាសែត​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​ប្រធានបទ​សុចរិតភាព​របស់​សង្គម​ស៊ីវិល​មក​ធ្វើ​ការ​ពិភាក្សា?

លោក ប៊ិន ឈិន បាន​តប​វិញ​ថា រឿង​នេះ​អ្នក​កាសែត​គួរ​តែ​ដឹង ហើយ​ក៏​អាច​យល់​ដោយ​ខ្លួន​ឯង​ដែរ៖ «ប្រកាស​ថ្ងៃ​ហ្នឹង​ចំណុច​ទី​៣ គេ​ថា បញ្ហា​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ចំណុច​មួយ​ពីរ​បី ។ល។ លោក​ឯង​អត់​យល់​អា ។ល។ ហ្នឹង អា​ហ្នឹង​មាន​ច្រើន មក​ពី​យើង​អត់​ចេះ​អា ។ល។ គេ​និយាយ​ពី​អព្យាក្រឹតភាព និង​សុចរិតភាព​របស់​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ លោក​យក​ទៅ​គិត​ទៅ​ដឹង​ហើយ»

ទោះ​យ៉ាង​ណា​ក្តី បន្ទាប់​ពី​ចប់​សន្និសីទ​កាសែត​សមាជិក​គណៈកម្មាធិការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បក្ស​កាន់​អំណាច​លើក​យក​ប្រធានបទ​សុចរិតភាព​របស់​សង្គម​ស៊ីវិល​មក​ពិភាក្សា​ដោយសារ​កន្លង​ទៅ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​ចេតនា​អាក្រក់ ដោយ​ព្យាយាម​វាយ​ប្រហារ​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា កម្ពុជា​គួរ​តែ​មាន​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល​ឲ្យ​បាន​ឆាប់៖ «យើង​ចង់​ធ្វើ​ម៉េច​ឲ្យ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សង្គម​ស៊ីវិល​ហ្នឹង​ ចេញ​ទៅ​បាន ហើយ​អោយ​ស្រួល​ទាំង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល។ កន្លង​ទៅ​កាន់​ជើង​តែ​បក្ស​ម្ខាង»

បន្ទាប់​ពី​ការ​បោះឆ្នោត រាជរដ្ឋាភិបាល​បាន​ចោទ​គណបក្ស​ប្រឆាំង​ថា រៀប​គម្រោង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផលិត​របាយការណ៍​អង្កេត​ដែល​ចោទ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន ថា​ចូល​ដៃ​ជើង​ដើម្បី​ក្រឡុក​ស្ថានការណ៍​នយោបាយ និង​គាំទ្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​អោយ​មាន​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​អោយ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ហើយ​ក៏​បន្ត​ថា ពិភាក្សា​បញ្ហា​នេះ​ជាមួយ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សង្គម​ស៊ីវិល​ឡើយ។ លោក​បន្ត​ថា អ្នក​នយោបាយ​កម្ពុជា ដល់​ពេល​ហើយ​ដែល​ត្រូវ​បើក​ចំហ​ដួងចិត្ត​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​សង្គម​ស៊ីវិល សារព័ត៌មាន និង​ស្រទាប់​មហាជន៖ «យើង​មាន​គោលការណ៍​បង្កើត​ វប្បធម៌​ប្រជាធិបតេយ្យ ដោយ​យក​យោបល់​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ជា​មូលដ្ឋាន​ដើម្បី​មក​ធ្វើ​ការ​ សម្រេច​ចិត្ត។ បើ​សិន​ជា​ចង់​បង្កើត​ច្បាប់​មួយ​ដើម្បី​គាប​សង្កត់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ទេ គឺ​មិន​អាច​អភិវឌ្ឍន៍​ជាតិ​បាន​ទេ»

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ខ្វែង​គំនិត​គ្នា​នៃ​បក្ស​ទាំង​ពីរ ដោយសារ​បក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ត្រូវ​ជ្រើសតាំង​ដោយ​សំឡេង ២ ភាគ ៣ នៃ​រដ្ឋ​សភា។សំណើ​នេះ​ជា​មូលហេតុ​ដែល​បក្ស​កាន់​អំណាច​មិន​អាច​ទទួល​យក​បាន។

ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ នៅ​ឡើយ។ ក្រុម​សង្គម​ធ្លាប់​ចោទ​ប្រកាន់​ថា រាជរដ្ឋាភិបាល​មាន​បំណង​បង្កើត​ច្បាប់​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​សង្គម​ស៊ីវិល និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ថា ច្បាប់​នេះ​មិន​ប្រញាប់​ទេ​សម្រាប់​កម្ពុជា តែ​លោក​ក៏​ជំរុញ​ឲ្យ​ស្វែង​រក​ការ​គាំទ្រ​ពី​សង្គម​ស៊ីវិល​មុន​នឹង​សម្រេច​អនុម័ត​ច្បាប់​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​​ចុះ​ឈ្មោះ អ្នក​បោះ​ឆ្នោត​និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ និង​ការ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ និង​ការ​កែទម្រង់​ការ​បោះ​ឆ្នោត ប៉ុន្តែ​ចំណុច​លំអិត​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​បាន​ពិភាក្សា​គ្នា​ច្បាស់លាស់ និង​ឯកភាព​គ្នា​នៅ​ឡើយ។ នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មីនា ខាង​មុខ​បក្ស​ទាំង​ពីរ​រំពឹង​ថា នឹង​បន្ត​ពិភាក្សា​លើ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត និង​បញ្ហា​មួយ​ចំនួន​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។