អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ច្រានចោល​សារ​បែក​ធ្លាយ​រឿង​​ឈប់​ផ្ដល់​ជំនួយ​ដល់​​បក្ស​តូចៗ

0:00 / 0:00

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​សារ​បែក​ធ្លាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​អំពី​លទ្ធផល​នៃ​ការ​ប្រជុំ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ប្រជុំ​សង្កាត់​នោះ​ឲ្យ​ដឹង​ថា គណបក្ស​កាន់​អំណាច​គ្រោង​ឈប់​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ​បន្ត​ទៀត​នោះ នឹង​ឲ្យ​ចារកម្ម​ក្នុង​បក្ស​ប្រឆាំង​ចាកចេញ​ពី​បក្ស​ជាដើម។ បក្ស​កាន់​អំណាច​ក៏​រៀបចំ​ផែនការ​ឲ្យ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ជា​អ្នកដឹកនាំ​យុទ្ធនាការ​ទាញ​យក​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​ឡើង​វិញ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​កាន់​អំណាច​គ្មាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ ដែល​ជា​គណបក្ស​រណប​ខ្លួន​ឡើយ។

សារព័ត៌មាន​ដែល​ជា​ប្រព័ន្ធ​ឃោសនា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​​ធ្នូ ច្រានចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ដែល​ផ្សាយ​ពី​សារ​អេឡិចត្រូនិក និយាយ​ពី​ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក សួស យ៉ារ៉ា អះអាង​ថា ការ​ប្រកួតប្រជែង និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​តែ​ពង្រឹង​ដោយ​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​ជ័យជំនះ។ លោក​បន្ថែម​ថា៖ «ការ​មិន​ជួយ​គណបក្ស​តូចៗ​នោះ ក៏​មិន​មែន​ជា​យុទ្ធសាស្ត្រ​អ្វី​ដែរ ព្រោះ​គណបក្ស​នីមួយៗ ត្រូវ​ពង្រឹង​ភាព​ឈ្នះ​របស់​ខ្លួន​សម្រាប់​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​ប្រកួតប្រជែង»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​មិន​បាច់​ជួយ​ឧបត្ថម្ភ​ដល់​គណបក្ស​តូចៗ​ទៀត​ទេ ដោយសារ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលាយ​ទៅ​ហើយ ដូច្នេះ​គណបក្ស​កាន់​អំណាច​គ្មាន​គូ​ប្រកួតប្រជែង​ធំ​​ណា​មួយ​ទៀត​ដែរ លើកលែងតែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​វត្តមាន​ចូល​មក​ឆាក​នយោបាយ​ចូល​រួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ វិញ។ លោក​បន្ថែម​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បញ្ហា​ចម្បង​គឺ​គណបក្ស​កាន់​អំណាច​ភ័យ​ខ្លាច​ការ​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង៖ «សំឡេង​ប្រកួត​ប្រណាំង​គ្នា​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ មាន​ប្រកៀកប្រកិត​គ្នា បើ​មើល​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ នៅ​តាម​ភូមិ​ខ្លះ​ឈ្នះ​ចាញ់​គ្នា ១​សន្លឹក ឬ​ពីរ​សន្លឹក​ឆ្នោត​ទេ»

​អេឡិចត្រូនិក​របស់​​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​សរសេរ​របាយការណ៍​រៀបរាប់​ជា​ច្រើន​អំពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ក្នុង​នោះ​បាន​បញ្ជាក់​ថា គណបក្ស​នេះ​ឈប់​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ​ទៀត​ហើយ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។ លោក ស៊ុន ចាន់ថុល សរសេរ​អំពី​ការ​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​សំឡេង​ឆ្នោត​ថា ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​មិន​ងាយ​នឹង​ទទួល​យក​ជ័យជំនះ​បាន។

លោក​សរសេរ​បន្ត​ថា កាល​បី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៦៨​កៅអី ហើយ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​៥៥។ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ អាសនៈ​សភា​នឹង​កើន​ឡើង​ដល់ ១២៥​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៦៥​កៅអី ចំណែក​បក្ស​ប្រឆាំង​អាច​ឈ្នះ ៦០​កៅអី ហើយ​សេនារីយោ​អាក្រក់​បំផុត​សម្រាប់​បក្ស​ប្រជាជន​កម្ពុជា គឺ​បក្ស​កាន់​អំណាច​បាន ៦៣ និង​បក្ស​ប្រឆាំង​បាន​៦២។ លោក​បន្ត​ថា អ្នក​បោះឆ្នោត​ជា​យុវជន​នឹង​មិន​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា ទេ​នៅ​ឆ្នាំ​២០១៨។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃ​ទី​៩ មករា មិន​បាន​បកស្រាយ​អ្វី​ទេ ដោយ​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ ហើយ​បដិសេធ​ថា ដឹង​អំពី​សារ​អេឡិចត្រូនិក​នេះ​ទេ។

​នៅ​ក្នុង​សារ​ដដែល​នេះ ក៏​បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ជា​ច្រើន​ទៀត ដូចជា​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi JinPing)។ គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ប្រើប្រាស់​អំណាច និង​ផ្ដោត​អារម្មណ៍​លើ​ការ​ទទួល​ខុស​ត្រូវ​ថ្នាក់​ជាតិ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត ក្នុង​នោះ​មាន​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​សកម្មជន​របស់​ខ្លួន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ និង​មន្ត្រីរាជការ។ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ និង​សកម្មជន​របស់​ខ្លួន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ក្នុង​ម្នាក់ៗ ៥​ម៉ឺន​រៀល​ជាដើម។ សារ​នោះ​បន្ត​ថា បង្កើត​យុវជន​មួយ​ក្រុម​សម្រាប់​ឃុំ​សង្កាត់ ដើម្បី​តាមដាន​សកម្មភាព​សមាជិក​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី និង​ការ​ផ្លាស់ប្ដូរ​មេ​ភូមិ ការ​ចាប់​យក​ក្រុម​យុវជន​តាម​រយៈ​កីឡា និង​ការ​នាំ​​កម្សាន្ត​ពិចនិច (Picnic) ជាដើម។

​អ្នកវិភាគ​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​ជោគជ័យ​ទៅ​លើ​ផែនការ​ចាប់​យក​ក្រុម​យុវជន​ដើម្បី​មក​គាំទ្រ​ខ្លួន ព្រោះ​ថា ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​សតវត្ស​មក​ហើយ​នៅ​តែ​មិន​អាច​កែប្រែ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរ​ឡើយ។ អំពើ​ពុករលួយ បក្ស​ពួកនិយម​របស់​មន្ត្រី​រដ្ឋាភិបាល អំពើ​យុត្តិធម៌​សង្គម អំពើ​និទណ្ឌភាព​នៅ​តែ​បន្ត​មាន ដែល​ក្រុម​យុវជន​ជា​ក្រុម​មនុស្ស​វ័យ​ឆ្លាត​មិន​ងាយ​ជឿ​លើ​ការ​បោកប្រាស់​របស់​ក្រុម​អ្នក​នយោបាយ ឬ​គណបក្ស​កាន់​អំណាច​ងាយៗ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។