មន្ត្រីគណបក្សកាន់អំណាចច្រានចោលគំនិតរបស់អ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង ដែលស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីដោះស្រាយវិបត្តិនយោបាយ។ ទោះយ៉ាងនេះក្ដី អ្នកវិភាគនយោបាយយល់ថា ស្ថានការណ៍នយោបាយតឹងតែងដូចសព្វថ្ងៃនេះ គួរតែមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ខណៈច្បាប់កំពូលរបស់កម្ពុជា ចែងថា ព្រះមហាក្សត្រជាអ្នកបង្រួបបង្រួម ធ្វើឲ្យមានឯកភាពជាតិ។
ខណៈលិខិតទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍រឿងនយោបាយ បានដល់ស្ថាប័នព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយនេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ថា លិខិតរបស់អតីតឧបនាយករដ្ឋមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច មានទំនោរលំអៀងទៅគណបក្សប្រឆាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លិខិតរបស់លោក លឺ ឡាយស្រេង មានលក្ខណៈបង្ខិតបង្ខំព្រះមហាក្សត្រ និងជាការប្រមាថព្រះមហាក្សត្រ។ លោកបន្តថា ជំហររបស់គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេនូវទស្សនទាននៃខ្លឹមសារលិខិតនោះ៖ « ការដែលបង្គាប់បញ្ជាដែលបង្ខិតបង្ខំឲ្យព្រះករុណាដោះស្រាយនេះ ខ្ញុំយល់ថាជាទំនោរនយោបាយលម្អៀងទៅរកបក្សប្រឆាំង។ ខ្ញុំចង់ជូនយោបល់គាត់វិញ ប្រាប់ទៅបក្សប្រឆាំង មន្ត្រី ឬមេដឹកនាំគណបក្សប្រឆាំង ឲ្យឈប់ប្រព្រឹត្តខុសច្បាប់»។
ផ្ទុយពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ឯណោះវិញ គាំទ្រនូវគំនិតយោបល់ដែលបង្ហាញពីការចង់ដោះស្រាយបញ្ហាជាតិដោយសន្តិវិធី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រដើម្បីដោះស្រាយវិបត្តិនយោបាយនៅពេលនេះ។ ចំពោះការរំពឹងយ៉ាងណានោះ លោក យឹម សុវណ្ណ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ដោយរង់ចាំការឆ្លើយតបពីព្រះមហាក្សត្រចំពោះលិខិតរបស់លោក លឺ ឡាយស្រេង៖ « ចាំមើលសិនទៅ ចាំមើលថាតើលោកព្រះរាជតម្រិះយ៉ាងម៉េច ? ចំពោះគណបក្សសង្គ្រោះជាតិ រង់ចាំតែដំណោះស្រាយទេ»។

អតីតឧបនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង បានថ្វាយលិខិតមួយច្បាប់ទៅអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីយាងទ្រង់ធ្វើអន្តរាគមន៍ និងដោះស្រាយស្ថានការណ៍នយោបាយកំពុងតានតឹងនៅកម្ពុជា។
ក្រោយការលិខិតនេះ ទីប្រឹក្សាព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះនរោត្ដម មុនីនាថ គឺលោក អ៊ុំ ដារ៉ាវុធ ឲ្យអាស៊ីសេរី ដឹងថា បានទទួលលិខិតនេះហើយ និងកំពុងពិនិត្យ។
បញ្ជាក់បន្ថែមពីលិខិតរបស់ខ្លួន លោក លឺ ឡាយស្រេង និយាយថា ប្រសិនបើព្រះមហាក្សត្រកោះហៅប្រមុខទាំងពីរចូលវាំង នឹងធ្វើឲ្យស្ថានការណ៍នយោបាយវិលមកភាពល្អប្រសើរឡើងវិញ។ លោកថា ការដោះស្រាយបញ្ហាដោយចុងកាណុងកាំភ្លើង មិនអាចរំលត់បញ្ហាបានទេ៖ « បើសិនស្ដេចប្រកាសអញ្ជើញមេបក្សទាំងពីរនេះចូលវាំង ហើយបញ្ជាឲ្យធ្វើនេះៗ អ្នកមិនធ្វើ ប្រជារាស្ត្រនឹងថ្កោលទោស គឺច្បាស់ជាអ៊ីចឹង ប៉ុន្តែឲ្យព្រះមហាក្សត្រហ៊ាន » ។
ម្ដងហើយម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងព្រមានប្រើកងកម្លាំងដើម្បីជាការឆ្លើយតបការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ចំណែកមេទ័ពមួយចំនួនដែលសិទ្ធិនឹងលោក ក៏តែងតែស្រែកបន្ទរថា នឹងកម្ចាត់បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា ការបដិសេធរបស់គណបក្សនយោបាយប្រជាជនកម្ពុជានៅពេលនេះ ព្រោះគណបក្សនេះបង្ហាញជំហរមិនចង់ដោះស្រាយនយោបាយដោយសន្តិវិធី។ លោកថា ព្រះរាជតួនាទីរបស់ព្រះមហាក្សត្របានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺផ្ដល់សិទ្ធិឲ្យព្រះអង្គជាអ្នកសម្របសម្រួលនយោបាយ និងធ្វើឲ្យមានឯកភាពជាតិ៖ « ខ្ញុំរង់ចាំមើលព្រះរាជសម្រេចព្រះទ័យរបស់ព្រះករុណា ដែលព្រះអង្គមានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ក្នុងការបង្រួបបង្រួមឯកភាពជាតិ»។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនព្រមចូលធ្វើនៅក្នុងសភា និងងាកមកធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ ព្រោះមហាក្សត្របានកោះអញ្ជើញថ្នាក់ដឹកនាំគណបក្សទាំងពីរចូលវាំងដែរ ប៉ុន្តែមិនទទួលលទ្ធផលអ្វីជាគាប់ចិត្តនោះទេ។ ជុំវិញស្ថានការណ៍នយោបាយសព្វថ្ងៃនេះវិញ អ្នកវិភាគព្រមានថា ប្រសិនបើកម្លាំងនយោបាយនៃគណបក្សទាំងពីរប្រឈមដាក់គ្នា នឹងនាំមានការខាត់បង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។