រយៈពេលពីរឆ្នាំហើយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសន្យាក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត កាលពីអាណត្តិទី៥ ថា នឹងរក្សាការពារបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ជាពិសេសជាមួយវៀតណាម។ ក៏ប៉ុន្តែគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ គឺជាខួបរយៈពេល ២ឆ្នាំហើយនៃការបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ កន្លងទៅ។ គេនៅចាំបានថា នៅមុនការបោះឆ្នោតចូលមកដល់ គឺពេលឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងកាលណោះ បានសន្យាចំពោះមុខអ្នកគាំទ្រថា ខ្លួននឹងលះបង់គ្រប់បែបយ៉ាង ដើម្បីពលរដ្ឋខ្លួន និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេស ការជ្រើសរើសប្រធានបទឃោសនាក្នុងកម្មវិធីនយោបាយរបស់ខ្លួន ក្រៅពីធ្វើអោយសេដ្ឋកិច្ចរីកលូតលាស់ ពង្រឹងការអប់រំ និងសេវាសង្គមដទៃទៀតឲ្យល្អប្រសើរហើយ រឿងដែលចាំបាច់ជាងនេះទៀត គឺទឹកដី ដែលជាចំណុចដ៏មុតស្រួចក្នុងការប្ដេជ្ញាចិត្តរបស់បក្សនយោបាយនីមួយៗ។
កាលពីជាង ១ឆ្នាំមុន ការចងចាំរបស់ម្ចាស់ឆ្នោតមិនទាន់រសាត់ទៅណាឆ្ងាយនៅឡើយ ដោយពិនិត្យលើកម្មវិធីនយោបាយរបស់គណបក្សគ្រប់គ្រងអំណាច គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្ររហូតដល់ ៦៨អាសនៈ ក្នុងចំណោម ១២៣អាសនៈ នៅក្នុងរដ្ឋសភា ហើយឈានទៅគ្រប់គ្រងរដ្ឋាភិបាលក្រោយពីបោះឆ្នោត។
ក្នុងកម្មវិធីនយោបាយរបស់គណបក្សកាន់អំណាចដ៏ចំណាស់មួយនេះ រឿងបូរណភាពទឹកដី និងអធិបតេយ្យភាព គឺកម្មវិធីនយោបាយជាអាទិភាពមួយក្នុងចំណោមកម្មវិធីនយោបាយទាំង ១១ចំណុចផ្សេងទៀត។
នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកាលពីពេលកន្លងទៅនេះ គណបក្សដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥១ ហើយមានឈ្មោះដើមថា "បក្សប្រជាជនបដិវត្តន៍ខ្មែរ" នោះ ត្រង់ប្រកា១១ និយាយយ៉ាងពិស្ដារពីការការពារ និងយន្តការជាអន្តរជាតិ រឿងទឹកដីនេះ។
បើទោះជាបែបនេះក៏ដោយចុះ ទាំងសកម្មជនព្រំដែន អ្នកនយោបាយបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល នៅតែយល់ឃើញថា រដ្ឋាភិបាលពិតជាខកខាន ថែមទាំងពុំបានធ្វើដូចការសន្យានៅមុនការបោះឆ្នោតឡើយ ចំពោះរឿងអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសកម្មក្នុងរឿងព្រំដែន មើលឃើញថា នៅតាមខ្សែបន្ទាត់ព្រំដែនទាំងខាងលិចជាមួយថៃ និងខាងកើតជាមួយវៀតណាម ភាគីទាំងពីរនេះ នៅតែបន្តរំកិលព្រំដែនតាមគ្រប់រូបភាពចូលមកក្នុងទឹកដីកម្ពុជា។ លើសពីនេះ បើនិយាយពីរដ្ឋាភិបាលវិញ កុំថាឡើយស្នើឲ្យវៀតណាម អនុវត្តតាមកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា សូម្បីថ្មីៗនេះ ក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូតជាច្រើនលើកច្រើនសាក្នុងរឿងព្រំដែននេះ ក៏រដ្ឋាភិបាលវៀតណាម មិនបានអើពើអ្វីដែរ។
ហេតុនេះ លោក អ៊ុំ សំអាន ចាត់ទុកថា រដ្ឋាភិបាលធ្វើបានតិចតួចណាស់ បើផ្អែកលើកម្មវិធីនយោបាយ ដែលខ្លួនធ្លាប់បានសន្យានៅមុនការបោះឆ្នោតនោះ៖ «ខ្ញុំឃើញរដ្ឋាភិបាលមិនបានគោរពទៅតាមពាក្យសន្យាចំពោះម្ចាស់ឆ្នោតមុនបោះឆ្នោតនោះទេ។ ពាក់ព័ន្ធបូរណភាពទឹកដី យើងមើលខាងលិចក៏ចូល ខាងកើតក៏ចូល។ យួនយកក៏ច្រើន ថៃយកក៏ច្រើន ហើយអត់មានវិធានការទប់ស្កាត់ទេ»។

សេចក្ដីប្រកាសស្ដីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិក្នុងរយៈពេល ៥ឆ្នាំ ត្រង់ចំណុចទី១១ ក្នុងចំណោមគោលនយោបាយទាំង ១១ចំណុចជាអាទិភាពនោះ បានសរសេរថា គណបក្សប្រជាជនកម្ពុជា បន្តខិតខំដោះស្រាយព្រំដែនគោក និងសមុទ្រជាមួយប្រទេសជិតខាងឲ្យបានសម្រេចដោយផ្អែកលើរដ្ឋធម្មនុញ្ញច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេសជំរុញការបោះបង្គោលព្រំដែនជាមួយវៀតណាម ប្រទេសឡាវ ឲ្យបានចប់សព្វគ្រប់។ ដោយឡែក ជាមួយប្រទេសថៃវិញ ក៏ខិតខំបន្តរុករកបង្គោលសីមាចាស់ដែលនៅសេសសល់ឲ្យបានឆាប់។ បន្ថែមពីលើនេះទៀត ជំរុញឲ្យមានការឯកភាពគ្នាលើទីតាំងបង្គោលដែលបានរកឃើញ ដើម្បីធានានូវអធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា។
ជុំវិញរឿងនេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ថ្លែងថា ការពិតក្នុងដំណោះស្រាយរឿងគោលនយោបាយព្រំដែននេះ រដ្ឋាភិបាលហាក់មុជមិនជ្រៅទៅមិនឆ្ងាយឡើយ។ លោកបន្តថា ជាច្រើនអាណត្តិណាស់មកហើយ រដ្ឋាភិបាលហាក់ធ្វើមិនបានសម្រេចទាល់តែសោះ ក្នុងការការពារ និងរក្សាបានភាពស្ងប់ស្ងាត់រឿងការរំកិលព្រំដែននេះ ជាពិសេសជាមួយវៀតណាម។
លោកបន្តថា មានមន្ទិលសង្ស័យជាច្រើនក្នុងរឿងព្រំដែននេះ ប្រហែលជារដ្ឋាភិបាលមានរឿងដែលត្រូវបិទបាំងរហូតមិនហ៊ានអារកាត់ថា ខុស ឬ ត្រូវ ជាមួយវៀតណាម ថែមទៀតផង៖ «គាត់ដូចជាមានរឿងអាថ៌កំបាំងពីក្រោយ មើលឃើញមិនហ៊ាននិយាយចេញ មិនហ៊ានតវ៉ា មិនហ៊ានធ្វើ។ ខ្ញុំមើលឃើញខុសគ្នាស្រឡះ។ បើថៃ មានការចូលមកតិចតួច នាំទ័ព ប្រកាសរៃអង្គាសលុយ យកលុយរដ្ឋទៅជួយការពារ ប៉ុន្តែពេលដែលវៀតណាម ទន្ទ្រានវិញ សឹងគ្រប់ខេត្ត ក្រុង ១១ខេត្តក្រុង បែរជារដ្ឋាភិបាលនៅស្ងាត់ច្រៀប»។
ឆ្លើយតបការចោទប្រកាន់នេះ លោក ឈឹម ផលវរុណ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ថ្លែងការពារគោលជំហររដ្ឋាភិបាល ដោយចាត់ទុកថា ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលធ្វើកិច្ចការផ្ទុយពីលក្ខន្តិកៈដែលមានចែងនៅក្រសួងមហាផ្ទៃ បានន័យថា ស្ថាប័នក្រៅរដ្ឋាភិបាល គឺកំពុងប្រើប្រាស់តួនាទីរបស់ខ្លួន បម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយទៅវិញទេ៖ «បើគ្រាន់តែមន្ទិលទៅលើការអះអាងរបស់បុគ្គលអ្នកនយោបាយ ដូច្នេះអង្គការសង្គមស៊ីវិលមួយនោះ ឬក៏មួយចំនួននោះ ក៏ជាក្រុមនយោបាយរបស់គណបក្សប្រឆាំងដែរ»។
បើទោះជាបែបណា ជិតពាក់កណ្ដាលអាណត្តិទៅហើយ សម្រាប់អាណត្តិទី៥ នេះ បើពិនិត្យទៅលើគោលនយោបាយរបស់រដ្ឋាភិបាល រឿងព្រំដែន ក្នុងចំណោមគោលនយោបាយទាំង ១១ចំណុចដែលជាអាទិភាពរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នោះ គឺភាពចម្រូងចម្រាសនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម បានបង្កើនកម្ដៅជាថ្មីទៀត រហូតបង្កទៅជាជម្លោះ និងមានហិង្សាថែមទៀតផង។
បញ្ហានេះហាក់ផ្ទុយពីការធានា និងសន្យាក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ដែលជំរុញឲ្យមានសន្តិភាពនៅតាមព្រំដែន។ ចំពោះករណីនេះ រដ្ឋាភិបាលចោទប្រកាន់ថា ភាពល្អក់កករនេះ គឺផ្ដើមចេញពីមហិច្ឆតារបស់គណបក្សប្រឆាំង ដែលដើរធ្វើព្យុះ ធ្វើភ្លៀងនៅតាមព្រំដែន រហូតបង្កើតទៅជាបញ្ហាថែមទៀតផង។ ក៏ប៉ុន្តែ ក្នុងដំណាក់កាលចុងក្រោយនេះវិញ គណបក្សប្រឆាំងរកឃើញថា វៀតណាមពិតជាបានរំកិលព្រំដែនចូលមកក្នុងអធិបតេយ្យភាពកម្ពុជា ជាច្រើនគីឡូម៉ែត្រ ត្រង់ចំណុចខ្លះ នៅតាមខ្សែបន្ទាត់ព្រំដែនចូលមកក្នុងទឹកដីកម្ពុជា ដូចជានៅខេត្តរតនគិរី ស្រុកមេមត់ ខេត្តកំពង់ចាម ស្រុកចន្ទ្រា និង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ចំណុចតន់ហន់ ខេត្តកំពត និងស្រុកភ្នំដិន ខេត្តតាកែវ ជាដើម។ បញ្ហាទាំងនេះ នៅមិនគិតដល់មធ្យោបាយដែលវៀតណាម ប្រើប្រាស់តាមរូបភាពជួលដីខ្មែរធ្វើកសិកម្ម នៅតាមព្រំដែននៅឡើយផង។
ពាក់ព័ន្ធរឿងនេះ លោក ឈឹម ផលវរុណ មានប្រសាសន៍ថា បើសិនជាទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលខ្លះ មានមន្ទិលសង្ស័យថា ការកំណត់បង្គោលព្រំដែនមានភាពមិនច្បាស់លាស់ គួរលើកបញ្ហានេះ ពិគ្រោះយោបល់ដោយផ្ទាល់ជាមួយរដ្ឋាភិបាល ជាជាងការបកស្រាយជាសាធារណៈក្នុងរូបភាពអ្វីផ្សេង ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន៖ «គាត់គួរតែប្រើយន្តការនៃវប្បធម៌សន្ទនា ដែលគាត់មានឱកាសកំពូលបំផុត ក្នុងឋានៈស្មើគ្នាជាគូសន្ទនាជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ពីរនាក់ជជែកគ្នាទៅ ចាំបាច់ឲ្យនរណាដឹង ជជែកគ្នាឲ្យអស់សេចក្ដីទៅ»។
ដោយឡែក រដ្ឋធម្មនុញ្ញមាត្រា ២ ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
បើទោះបីជាទឹកដីកម្ពុជា មានការកំណត់ដោយច្បាប់កំពូលរបស់ជាតិ ថែមទាំងគោលនយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគាំពារចំពោះការរំលោភបំពានពីប្រទេសជិតខាងក្ដី ក៏រឿងព្រំដែននេះ ជាពិសេសជាមួយវៀតណាម បានបន្តភាពរកាំរកូសស្ទើរពុំអាចមើលមុខគ្នាបាន។
ផ្ដើមចេញពីជម្លោះនេះហើយ បានជំរុញឲ្យរដ្ឋាភិបាលត្រូវប្រើប្រាស់សិទ្ធិស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចបីផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសបារាំង ដើម្បីផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលកំពុងមានវិវាទ។ ករណីនេះ អាចចាត់ទុកថា ជាលើកទីមួយហើយក្នុងប្រវត្តិនយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ានប្រតិកម្មជាមួយមិត្តដ៏ជិតស្និតក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ ក៏ប៉ុន្តែក្រុមសកម្មជនឃ្លាំមើលព្រំដែនចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះថា ធ្វើឡើងក្នុងហេតុផលនយោបាយ ជាជាងការអនុវត្តយន្តការដែលមានក្នុងកម្មវិធីនយោបាយជាតិរបស់ខ្លួន។ មួយវិញទៀត គណបក្សចាស់វស្សាមួយនេះ ធ្លាប់ទទួលបានការគាំទ្រក្នុងការបោះឆ្នោតដ៏ច្រើនលើសលប់ រហូតដល់ ៩០អាសនៈនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០០៨។ ក៏ប៉ុន្តែគណបក្សដែលគ្រងអំណាចជាង ៣០ឆ្នាំមកនេះ ក៏បានធ្លាក់ចុះសំឡេងឆ្នោតកាលពីឆ្នាំ២០១៣ វិញ ជាង ២០អាសនៈ ដែលពុំធ្លាប់មានក្នុងប្រវត្តិនយោបាយរបស់ខ្លួន។
ប្រហែលស្ថិតក្រោមហេតុផលនេះហើយមើលទៅ ទើបជំរុញឲ្យគណបក្សប្រជាជនកម្ពុជា សម្រេចធ្វើកំណែទម្រង់រឿងព្រំដែន និងមានពេលខ្លះហ៊ានប្រតិកម្មជាមួយវៀតណាម ដែលជាមិត្តដ៏ច្រើនឆ្នាំមកនេះ។ ចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះ គឺចំពេលគណបក្សប្រឆាំងព្យាយាមចុះពិនិត្យរឿងបោះបង្គោលព្រំដែន ដែលពលរដ្ឋអះអាងថា បានធ្វើឲ្យទឹកដីកម្ពុជា ត្រូវខាតបង់ទៅវៀតណាម ជាច្រើនគីឡូម៉ែត្រ នៅតាមខ្សែបន្ទាត់ព្រំដែន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញកំណត់ទូតដ៏កម្រប្រឆាំងការរំកិលព្រំដែនដោយវៀតណាម ជាច្រើនលើកមកហើយ បន្ទាប់ពីមានវិវាទ។ ទោះជាបែបនេះក៏ដោយចុះ គិតមកដល់ពេលនេះ ប្រទេសវៀតណាម ហាក់បង្ហាញភាពសោះអង្គើយ នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនអើពើចំពោះប្រតិកម្មនេះទេ។ បញ្ហាទាំងនេះ នៅមិនគិតដល់ជម្លោះប្រាសាទព្រះវិហារ ដ៏រ៉ាំរ៉ៃ ដែលមិនទាន់អាចបញ្ចប់ ហើយចុងក្រោយ ភាគីថៃ បន្តធ្វើស្រែក្នុងទឹកដីកម្ពុជា នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថែមទៀតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។