បក្ស​ប្រជាជន​ប្រកាស​រក្សា​ជំហរ​បើក​ផ្លូវ​ចរចា​ជាមួយ​បក្ស​ប្រឆាំង

គណបក្ស​កាន់​អំណាច​ប្រកាស​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​បើក​ផ្លូវ​ចរចា ប៉ុន្តែ​ការ​ចរចា​នោះ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ឡើយ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត ​និង​ត្រូវ​​បោះ​ឆ្នោត​ឡើង​វិញ។

0:00 / 0:00

ការ​ស្វែង​រក​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ នៅ​តែ​ឋិត​នៅ​ក្នុង​ស្ថានភាព​តឹងតែង​នៅ​ឡើយ​ ទោះបី​វិបត្តិ​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន​ជាប់​គាំង​អស់​រយៈពេល​ជិត ៨​ខែ​មក​ហើយ​ក៏​ដោយ។ រនាំង​ឧបសគ្គ​ដែល​ខណ្ឌ​ចែក​​គណបក្ស​ធំ​ទាំង​ពីរ​មិន​ឲ្យ​ខិត​ចូល​តុចរចា​​បាន​នោះ​ គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។

នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បាត់ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ព្រមទាំង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បញ្ជាក់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញ​ពី​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​គូស​បញ្ជាក់​ថា ​ដើម្បី​លើក​កម្ពស់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នាម​គណបក្ស​ដែល​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា បាន​ប្ដេជ្ញា​ចិត្ត​ ជាមួយ​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​យក​តួនាទី​យ៉ាង​ ​សកម្ម​ក្នុង​រដ្ឋ​សភា។

លោក ស ខេង៖ «នេះ​គឺ​សុំ​បញ្ជាក់​អ៊ីចឹង គណបក្ស​ប្រជាជន​កម្ពុជា អត់​បោះបង់​ចោល​ទេ នៅ​តែ​បើក​ចំហ ហើយ​នៅ​តែ​ស្វះស្វែង​រក​ការ​ចរចា ប៉ុន្តែ​បើ​ចរចា​ដើម្បី​បោះឆ្នោត​ឡើង​វិញ​ទៅ​មិន​រួច​ទេ ចរចា​ដើម្បី​រៀបចំ​យន្តការ​ឲ្យ​សភា​អាច​ដំណើរ​ការ ហើយ​មែនទែន​ពួកគាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ណាស់​ក្នុង​ការ​ទៅ​តស៊ូ​នៅ​ក្នុង​រដ្ឋសភា​ ព្រោះ​មាន​ ៥៥​នាក់ និង ៦៨​នាក់»

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ លោក យឹម សុវណ្ណ មន្ត្រី​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ឲ្យ​មាន​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​កម្ពុជា​ ប៉ុន្តែ​ការ​បដិសេធ​មិន​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ គឺ​ជា​ការ​ខុស​គ្នា​ដែល​មិន​អាច​ឈាន​ទៅ​រក​តុ​ចរចា​បាន។

លោក​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួល​យក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​មាន​ កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ការ​បោះឆ្នោត​ឡើង​វិញ៖ «អ្វីៗ​ធ្វើ​ទៅ​បាន​លុះ​ត្រា​ណា​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ បើ​សិន​ជា​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ជាង​កន្លះ​លាន​នាក់​ចេញ​មក​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ហើយ​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​ ទាំង​ក្មេង​ទាំង​ចាស់​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដើម្បី​ស្នើ​សុំ​ឲ្យ​កែ​ទម្រង់​ការ​បោះឆ្នោត និង​បោះ​ឆ្នោត​ឡើង​វិញ​នោះ គឺ​ឆន្ទៈ​ដែល​អ្នក​នយោបាយ​ត្រូវ​គោរព​តាម»

គិត​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ មក​ទល់​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​រក្សា​ជំហរ​យក​ត្រូវ​រៀង​ខ្លួន​ ហើយ​ពួកគេ​ពុំ​បាន​បង្ហាញ​លទ្ធភាព​សុទិដ្ឋិនិយម​ណា​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​នោះ​ឡើយ។

អ្នក​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ សុខ ទូច​ យល់​ថា ​ អ្នក​នយោបាយ​នៅ​កម្ពុជា នៅ​តែ​បង្ហាញ​ភាព​​ក្មេង​ខ្ចី​របស់​ខ្លួន​ខាង​នយោបាយ​ តាម​រយៈ​ការ​ដាក់​ជម្រើស​តែ​មួយ ទាល់ច្រក​តែមួយ​ ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​បាន។

លោក​ថា ភាគី​ទាំង​ពីរ​គួរ​ដាក់​ជម្រើស​សម្រាប់​ការ​ចរចា​ឲ្យ​ច្រើន​ជាង​នេះ៖ «ខ្ញុំ​បាន​និយាយ​ហាក់​ដូច​ជា​ជ្រាំដែល ប៉ុន្តែ​យើង​ត្រូវ​កញ្ចប់​របៀបវារៈ​នយោបាយ​ឲ្យ​បាន​ច្រើន ៤ ទៅ ៦​ចំណុច​ទៅ ស្អី​ដែល​អ្នក​នយោបាយ​ចង់​បាន​ ហើយ​យើង​អ្នក​នយោបាយ​ដាក់ ដូច​គណិតវិទ្យា​ វា​អត់​មាន​វិទ្យាសាស្ត្រ​សង្គម មិន​មាន​ដូច្នេះ ត្រូវ​ដាក់​ឲ្យ​មាន​ជម្រើស​ឲ្យ​បាន​ច្រើន»

ការ​ជាប់​គាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ​​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បណ្ឌិត​ សុខ ទូច អត្ថាធិប្បាយ​ថា ​ផល​ប៉ះពាល់​ទាំង​នោះ​មាន ៥​ចំណុច។ ទី​១ គឺ​ការ​​ប្រេះឆា​គ្នា​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ ចំណុច​ទី​២ ប៉ះពាល់​ដល់​វិនិយោគិន ពួកគេ​មិន​ហ៊ាន​ចូល​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ ចំណុច​ទី​៣ ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​រក​ស៊ី​នៅ​ក្នុង​ស្រុក អ្នក​ជំនួញ​ក្នុង​ស្រុក ពួកគេ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​នយោបាយ ព្រោះ​សេដ្ឋកិច្ច​និង​នយោបាយ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ចំណុច​ទី​៤​ គឺ​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ ពួកគេ​ម្នាក់ៗ​មិន​ហ៊ាន​យក​ប្រាក់​ទៅ​ដាក់​តម្កល់​នៅ​ក្នុង​ធនាគារ​នោះ​ឡើយ​ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការ​ចរាចរ​សាច់ប្រាក់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ចំណុច​ទី​៥ គឺ​ប៉ះពាល់​វិស័យ​ទេសចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ការ​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​វិញ គឺ​លោក ប្រាជ្ញ ចន្ទ ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ខេត្ត​បាត់ដំបង ទៅ​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ។ លោក ប្រាជ្ញ ចន្ទ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត​ ក្រុង និង​ខណ្ឌ​រួច ​ទើប​តែង​តាំង​ធ្វើ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បង្កើត​ថ្មី។ ចំណែក​លោក ច័ន្ទ សុផល ​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​មក​ជា​អភិបាល​ខេត្ត​បាត់ដំបង ជំនួស​លោក ប្រាជ្ញ ចន្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕