ក្ដី​សង្ឃឹម​របស់​ក្រុម​ជន​ពិការ​ក្នុង​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

ជន​ពិការ​ជា​ច្រើន​នាក់ បាន​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣ និង​ទី​២៤ ខែ​តុលា។ បើ​ទោះ​ជា​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​បាន​តស៊ូ​ចូល​រួម​ហែ​ក្បួន​ជា​មួយ​គណបក្ស​នេះ ដើម្បី​នាំ​ញត្តិ​ទៅ​ដាក់​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

ក្រុម​ជន​ពិការ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន មាន​បំណង​អោយ​រដ្ឋាភិបាល​ថ្មី​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ពិការ តាម​រយៈ​គោលការណ៍​សង្គម​កិច្ច​ពិសេស ក្នុង​នោះ​រួម​ទាំង​ការ​អប់រំ ការងារ និង​សេវា​សុខភាព។

ដៃ​ម្ខាង​កាន់​ឈើ​ច្រត់ ដៃ​ម្ខាង​ទៀត​កាន់​បដា​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា ឌី បាន​ព្យាយាម​ដើរ​ទាំង​លំបាក​តាម​ក្បួន​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​ស្ថានទូត​បារាំង បន្ទាប់​មក គឺ​ស្ថានទូត​ចក្រភព​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋ​អាមេរិក។

ក្នុង​វ័យ​ជាង ៤០​ឆ្នាំ បុរស​ពិការ ជា ឌី មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ រូប​នេះ​បាន​អោយ​ដឹង​ថា លោក​បាន​ធ្លាក់​ខ្លួន​ពិការ​ដោយ​ជាន់​មីន។ ក្នុង​ជីវិត​ជា​ជន​ពិការ​ជាង ២០​ឆ្នាំ​មក​ហើយ លោក​ពុំ​ធ្លាប់​ទទួល​បាន​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។ បច្ចុប្បន្ន វ័យ​កាន់​តែ​ច្រើន លោក​ហាក់​ចាប់​ផ្ដើម​អស់​សង្ឃឹម​ក្នុង​ជីវិត។

លោក​ប្រាថ្នា​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ដឹក​នាំ​ប្រទេស ដែល​លោក​គិត​ថា នឹង​អាច​ជួយ​អោយ​ជន​ពិការ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ពិត​ប្រាកដ ដែល​ទំនង​ថា​នឹង​មាន​ជីវភាព​សមរម្យ វៀរចាក​ការ​មាក់ងាយ ឬ​ការ​ប្រមាថ​នានា។

លោក ជា ឌី រំលឹក​ថា ធ្លាប់​មាន​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ​ជន​ពិការ ដែល​មាន​ទាំង​រូប​លោក​ផង​នោះ ដោយ​សន្យា​ថា ផ្ដល់​ប្រាក់​សង្គម​កិច្ច​ជួយ​សម្រួល​ជីវភាព​រស់​នៅ​របស់​ជន​ពិការ។ ប៉ុន្តែ​ពេល​វេលា​បាន​កន្លង​ទៅ​ជាង ៨​ឆ្នាំ​ហើយ លោក​នៅ​តែ​មិន​ទាន់​បាន​ប្រាក់​សង្គម​កិច្ច​នោះ។

អតីត​យុទ្ធជន​មួយ​រូប​ដែល​បាន​ធ្លាក់​ខ្លួន​ពិការ​ក្នុង​សង្គ្រាម កាល​ពី​ឆ្នាំ​១៩៩៣ ជា​អ្នក​មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លោក ហ៊ីង ប៊ុនធឿន មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​ការ​អនុវត្ត​គោលការណ៍​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ក្រីក្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ប៊ុនធឿន រំលឹក​ថា នៅ​ពេល​មួយ​នោះ​ដែល​កូន​ឈឺ​ធ្ងន់ លោក​បាន​សម្រេច​លក់​ឈ្មោះ​ជា​យោធិន​ពិការ​ក្នុង​តម្លៃ​ជាង ១​លាន​រៀល ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​កូន។

តាម លោក ប៊ុនធឿន អ្នក​ក្រីក្រ​ដូច​រូប​លោក គឺ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ។ ស្រប​គ្នា​នេះ អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ក៏​នឹង​រុញ​ច្រាន​អោយ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គាត់ ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់។

នៅ​គោល​នយោបាយ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធានា​ពី​ចំណុច​មួយ​ចំនួន​ទាក់ទង​ដល់​ប្រាក់​សង្គម​កិច្ច និង​ផ្ដល់​សេវា​សុខាភិបាល​ដោយ​ពុំ​យក​ប្រាក់។

យ៉ាង​នេះ​ក្ដី សម្រាប់​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ក៏​បាន​ប្រកាស​ពី​ការ​កែ​ទម្រង់​វិស័យ​ជាច្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ថា​នឹង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​គម្រោង​កែលំអ​សេវាកម្ម​សុខាបាល​សម្រាប់​ជន​ក្រីក្រ។

ដ្បិត​ថា​មាន​ការធានា​អះអាង​បែប​នេះ អ្នក​វិភាគ​សង្គម​បាន​មើល​ឃើញ​ថា កំណែ​ទម្រង់​របស់​រដ្ឋាភិបាល គឺ​ពិបាក​នឹង​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។