សង្គម​ស៊ីវិល​ចាត់​ទុក​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​នៅ​កំពត​ជា​ការ​រើសអើង​នយោបាយ

0:00 / 0:00

សង្គម​ស៊ីវិល​យល់​ថា ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​បឹងទូក ខេត្ត​កំពត គឺ​ជា​ករណី​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ គោរព​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ចៀស​ការ​រើសអើង​គ្នា។

​មេ​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជំទប់​ទី​២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៃ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ សុទ្ធតែ​ប្រាប់​ថា ពួកគេ​មិន​ទាន់​ធ្វើការ​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​នោះ​ទេ។

មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន ប្រាប់​ថា ក្រុមប្រឹក្សា​ឃុំ​ទាំង​៥ ត្រូវ​បាន​ប្រកាស​សុពលភាព​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ហើយ​មក​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ក្រុមប្រឹក្សា​ទាំង​៥ នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ចុះ​សម្រុង​គ្នា​ទាំង​ស្រុង​នោះ​ទេ។ លោក សេង ចាន់ថន ដែល​ជា​អតីត​មេ​ឃុំ​បឹងទូក របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​អាណត្តិ​ទី​៣ ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​មេ​ឃុំ​បឹងទូក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ វិញ បាន​ប្រាប់​ថា លោក​មិន​ទាន់​បាន​ទាមទារ​បន្ទប់​មេ​ឃុំ​ដែល​ជំទប់​ទី​២ កាន់​កាប់​នោះ​ទេ។ បន្ថែម​ពី​នេះ សព្វថ្ងៃ​ក្រុមប្រឹក្សា​ទាំង​ពីរ​បក្ស​បាន​ចែក​បន្ទប់​គ្នា​ធ្វើការ​ដាច់​ដោយ​ឡែក ដោយ​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ ធ្វើការ​ក្នុង​បន្ទប់​ជំទប់​ទី​២ រី​ឯ​​ក្រុមប្រឹក្សា​១ និង​ជំទប់​ទី​២ ធ្វើការ​នៅ​បន្ទប់​ក្រុមប្រឹក្សា​ឃុំ « មិន​កំណត់​ទេ តែ​ជា​ទម្លាប់ គឺ​គាត់​ចូល​ទៅ​តាម​គ្នា​គាត់​ចឹង​ទៅ ហើយ​ខាង​នេះ ( ក្រុម​ប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ ) គាត់​ចូល​ទៅ​ខាង​សង្គ្រោះ​ជាតិ ចឹង​ទៅ ប៉ុន្តែ​អត់​មាន​កំណត់​ទេ អត់​មាន​ញែក​ឲ្យ​ដាច់​ទេ គាត់​ចង់​ចូល​ទៅ​ខាង​បន្ទប់​នេះ​ក៏​បាន បន្ទប់​ក្រុម​ប្រឹក្សា​ក៏​បាន »

​ឃុំ​បឹង​ទូក នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​៥។ លទ្ធផល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ ដោយ​ទទួល​បាន​តំណែង​មេ​ឃុំ​ជំទប់​ទី​១ និង​ក្រុមប្រឹក្សា​ឃុំ​ម្នាក់ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ២​អាសនៈ បាន​តំណែង​ជា​ជំទប់​ទី​២ និង​ក្រុមប្រឹក្សា។

ជំទប់​ទី​២ ឃុំ​បឹងទូក អ្នកស្រី មូល សុខុម ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ដោយ​មាន​ការ​បែង​ចែក​បក្សពួក​គ្នា​មែន។ ប៉ុន្តែ​អ្នកស្រី​ថា ដំបូងៗ​គឺ​អ៊ីចឹង​ហើយ ព្រោះ​ស្ថិត​ក្នុង​កាលៈទេសៈ​មិន​ទាន់​យល់​ចិត្ត​គ្នា។ ចំពោះ​ករណី​មិន​ប្រគល់​បន្ទប់​មេឃុំ​ចាស់​ទៅ​ឲ្យ​មេឃុំ​ថ្មី ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​បឹងទូក អ្នកស្រី មូល សុខុម ប្រាប់​ថា ដោយសារ​បន្ទប់​នោះ​មាន​ឯកសារ​ច្រើន និង​មាន​ទូ​ដាក់​ឯកសារ​ធំ​មួយ​ដែល​ពិបាក​ក្នុង​ការ​លើក​ចេញ « គេ​ធ្វើ​អី គេ​អត់​សួរនាំ​យើង​ផង គេ​ធ្វើ​តែ ៣​នាក់​គ្នា​គេ ប៉ុន្តែ​ជំនួយការ​គាត់​ម្នាក់​នោះ អត់​ទាន់​មាន​សិទ្ធិ​អី​ទេ។ គាត់​យក​មក​ធ្វើ​ជំនួយការ »

នៅ​ស្រុក​ទឹកឈូ មាន​ឃុំ​ចំនួន​១៦។ ក្នុង​ចំណោម ១៦​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន ១៤ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន​២ គឺ​ឃុំ​បឹងទូក និង​ឃុំ​កូនសត្វ។

​មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ យល់​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​រើសអើង​គ្នា​ក្រុមប្រឹក្សា​ឃុំ​ត្រូវ​គោរព​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា ករណី​រើស​អើង​គ្នា និង​ករណី​ជំទប់​ឃុំ​មិន​ប្រគល់​បន្ទប់​មេ​ឃុំ​ចាស់​ធ្វើការ​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី នៅ​ខេត្ត​កំពត មិន​មែន​មាន​តែ​នៅ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ នោះ​ទេ « ពួក​គាត់​អត់​បាន​ពិភាក្សា​គ្នា​រវាង​បក្ស​ទាំង​ពីរ ធ្វើ​ការ​រៀងៗ​ខ្លួន​ចឹង ធ្វើ​ឲ្យ​ពលរដ្ឋ​អត់​ទទួល​បាន​សេវា​ល្អ​ពី​សាលា​ឃុំ​នេះ​ទេ »

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេ​ឃុំ និង​ជំទប់​ទី​២ ឃុំ​បឹងទូក សុទ្ធតែ​ប្រាប់​ថា នឹង​ព្យាយាម​សម្របសម្រួល​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍ និង​ជួយ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹងទូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។