លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ថាលោកលាលែងពីតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ។ ការប្រកាសរបស់លោក សម រង្ស៊ី នេះ ស្របពេលដែលតំណាងរាស្ត្របក្សកាន់អំណាចកំពុងរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលអាចឈានដល់រារាំងលោក សម រង្ស៊ី ពីការចូលរួមដឹកនាំប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសារតែលោកមានបណ្ដឹងជាច្រើននៅតុលាការ។
តើការប្រកាសលាលែងពីតួនាទីជាប្រធាន និងពីសមាជិកបក្សប្រឆាំងធំជាងគេនៅកម្ពុជា របស់លោក សម រង្ស៊ី ជាការបញ្ចប់ជីវិតនយោបាយរបស់លោកនៅពេលនេះ ឬយ៉ាងណា?
ភ្លាមៗក្រោយការប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី សំណួរដែលពលរដ្ឋនាំគ្នាចោទសួរនោះ គឺហេតុអ្វីបានមេបក្សប្រឆាំងចាស់វស្សារូបនេះ សម្រេចចិត្តបោះបង់តំណែងរបស់ខ្លួនចោល? តើបក្សប្រឆាំងមានទំនាស់ផ្ទៃក្នុង ឬយ៉ាងណា? តើលោក សម រង្ស៊ី ធុញទ្រាន់នឹងការធ្វើនយោបាយ ឬយ៉ាងណា? ឬ តើអនាគតរបស់បក្សប្រឆាំងនឹងទៅជាយ៉ាងណានៅពេលគ្មានរូបលោក សម រង្ស៊ី ជាដើម?
ក្រៅពីមានចម្ងល់ចំពោះការលាលែងរបស់លោក សម រង្ស៊ី អ្នកខ្លះក៏សម្ដែងការគាំទ្រចំពោះការសម្រេចចិត្តនេះ ដោយគេយល់ថា ដោយសារលោក សម រង្ស៊ី ដឹងច្បាស់ពីល្បិចកលរបស់បក្សកាន់អំណាចក្នុងការព្យាយាមបំបែកបំបាក់រំលាយបក្សប្រឆាំងតាមរយៈការកែប្រែច្បាប់។ ចំណែកអ្នកខ្លះទៀតចាត់ទុកលោក សម រង្ស៊ី ថាជាអ្នកនយោបាយកំសាក មិនហ៊ាននៅតទល់ជាមួយបក្សកាន់អំណាច ខណៈអ្នកខ្លះទៀតយល់ថា ការលាលែងនេះមិនមែនជារឿងពិត ឬគ្រាន់តែជាយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី ដើម្បីទាក់ទាញការចាប់អារម្មណ៍ជាថ្មីប៉ុណ្ណោះ។
ទោះជាមានការបកស្រាយក្នុងហេតុផលណាក៏ដោយចុះសម្រាប់មេបក្សប្រឆាំង លោក សម រង្ស៊ី វិញ លោកបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំបក្សតាមរយៈវីដេអូ ខនហ្វើរេន (Video Conference) ពីប្រទេសបារាំង កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា ការលាលែងរបស់លោកគឺដើម្បីការពារគណបក្សពីការរំលំរលាយ។ លោកបន្តថា បើលោកនៅធ្វើជាប្រធាន ហើយគណបក្សត្រូវគេរំលាយវានឹងខាតដល់ប្រយោជន៍គណបក្ស និងប្រយោជន៍ប្រទេសជាតិ។
លោក សម រង្ស៊ី សង្កត់ធ្ងន់ថា លោកមិនត្រឹមតែសុខចិត្តអស់តំណែងដើម្បីកុំឲ្យបក្សរលាយនោះទេ តែលោកសុខចិត្តអស់ជីវិតកុំឲ្យតែជាតិស្លាប់៖ «ដូច្នេះយើងត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុមួយដែលយើងស្រឡាញ់លើសលប់ក្នុងចិត្តរបស់យើង ខ្ញុំតែងតែនិយាយញឹកញាប់មកហើយថា តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់គឺឧត្ដមគតិរបស់យើង អ្វីដែលសំខាន់គឺភាពស្មោះត្រង់របស់យើង គឺភាពថ្លៃថ្នូររបស់យើង ថាយើងចង់បានអី យើងត្រូវតែហ៊ានលះបង់ទាំងអស់ដើម្បីឆ្ពោះទៅគោលដៅរបស់យើង តែវិលត្រឡប់មកការលាលែងរបស់ខ្ញុំនេះ ឥឡូវយល់ទាំងអស់គ្នាហើយ គឺដើម្បីការពារគណបក្ស»។
មានអាយុ ៦៨ឆ្នាំ លោក សម រង្ស៊ី ដែលមានឪពុកជាអតីតអ្នកនយោបាយជើងចាស់មួយរូបក្នុងសម័យបារាំង និងសម័យសង្គមរាស្ត្រនិយម លោក សម រង្ស៊ី បានចាប់ផ្ដើមចូលរួមប្រឡូកក្នុងជីវិតនយោបាយក្នុងចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច នៅទសវត្សរ៍ទី៨០។ នៅមុននេះ គឺលោកបានបំពេញការងារក្នុងមុខតំណែងកំពូលៗនៅតាមស្ថាប័នហិរញ្ញវត្ថុមួយចំនួនក្នុងប្រទេសបារាំង។
ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក្រោមការចាត់ចែងរបស់អង្គការសហប្រជាជាតិ។ ក្នុងការបោះឆ្នោតនោះ លោក សម រង្ស៊ី បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលសៀមរាប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជាប្រធានបក្ស។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលចម្រុះដែលមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ លោក សម រង្ស៊ី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៣ ដោយសារតែជំនាញសេដ្ឋកិច្ចដែលលោកបានរៀនចប់នៅប្រទេសបារាំង។ គេនៅចាំបានថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក សម រង្ស៊ី ដឹកនាំការប្រមូលពន្ធដារបានច្រើន ធ្វើអោយថវិកាក្នុងធនាគារជាតិមានតិចតួច នោះកើនឡើងបានច្រើន។ លោកបានដឹកនាំសមត្ថកិច្ចរឹបអូសទំនិញគ្មានបង់ពន្ធ និងតម្រូវអោយឈ្មួញបង់ពន្ធជូនរដ្ឋ។ ការខិតខំប្រឆាំងអំពើពុករលួយរបស់លោក សម រង្ស៉ី ធ្វើអោយឈ្មួញធំគ្រាក់ៗដែលមានខ្នងក្រាស់ដូចជាលោក ថេង ប៊ុនម៉ា ថៅកែក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ជាដើម ស្អប់លោក។ ពេលនោះ នាយករដ្ឋមន្ត្រីទាំងពីរ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន មិនបាននៅខាងលោក សម រង្ស៊ី ទេ ប៉ុន្តែនៅខាងលោក ថេង ប៊ុនម៉ា។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្រេចដកលោក សម រង្ស៊ី ពីតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៤។ ការដកតំណែងលោក សម រង្ស៊ី នៅពេលនោះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបំបែកគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចុះទន់ខ្សោយ។
ដោយមិនអាចនៅកសាងអនាគតជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច បន្តទៀត លោក សម រង្ស៊ី បានបង្កើតគណបក្សថ្មីដោយខ្លួនឯងឈ្មោះគណបក្ស "ជាតិខ្មែរ" ដែលក្រោយមកបានប្ដូរឈ្មោះទៅជាគណបក្ស "សម រង្ស៊ី" ដែលជាឈ្មោះរបស់លោកផ្ទាល់ដើម្បីជៀសវាងបញ្ហាក្នុងការចុះបញ្ជី។ បើទោះជាបង្កើតឡើងបានតែ ៣ឆ្នាំក្តី គណបក្ស សម រង្ស៊ី បានទទួលជ័យជំនះគួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៨ ដោយឈ្នះអាសនៈតំណាងរាស្ត្រចំនួន ១៥ ក្នុងរដ្ឋសភា។
ទោះជាយ៉ាងណា មុននឹងទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន១៥ នៅពេលនោះ លោក សម រង្ស៊ី បានហែលឆ្លងកាត់ជីវិតនយោបាយដ៏មហាសែនគ្រោះថ្នាក់មិនធ្លាប់មាន ចាប់តាំងពីលោកបានចូលប្រឡូកក្នុងនយោបាយតាំងពីទសវត្សរ៍ទី៨០ មក។ ព្រឹត្តិការណ៍បោកគ្រាប់បែក នៅឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង ដែលឃាតកមានបំណងផ្ដាច់យកជីវិតលោក សម រង្ស៊ី គឺជាព្រឹត្តិការណ៍ដែលលោក សម រង្ស៊ី មិនអាចបំភ្លេចបាន។ ប៉ុន្តែជាកុសល លោក សម រង្ស៊ី ត្រូវបានអង្គរក្សយកខ្លួនទៅពាំងគ្រាប់បែកជំនួស ជាហេតុធ្វើឲ្យលោកនៅមានជីវិតរហូតមកទល់សព្វថ្ងៃ។
ជីវិតនយោបាយគ្រោះថ្នាក់របស់លោក សម រង្ស៊ី មិនបានបញ្ចប់ត្រឹមនេះឡើយ បញ្ហានៅតែបន្តកើតឡើងចំពោះរូបលោកជាហូរហែ មានទាំងការគំរាមកំហែងយកជីវិត ការប្ដឹងផ្ដល់នៅតុលាការ ការគំរាមចាប់ដាក់គុក ឬការបង្ខំឲ្យនិរទេសខ្លួនជាដើម។ ទោះជាបែបនេះក្ដី លោក សម រង្ស៊ី បានដឹកនាំគណបក្សរបស់លោករីកចម្រើន និងទទួលបានលទ្ធផលប្រសើរក្នុងការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺទទួលបានពី ១៥ អាសនៈក្នុងឆ្នាំ១៩៩៨ ដល់ ២៤ អាសនៈក្នុងឆ្នាំ២០០៣ និង ២៦ អាសនៈនៅក្នុងឆ្នាំ២០០៨។ នេះគេនៅមិនទាន់គិតទៅដល់ភាពមិនប្រក្រតីនានាដែលអ្នកសង្កេតការណ៍បោះឆ្នោតបានរកឃើញនៅក្នុងពេលបោះឆ្នោតរៀងរាល់អាណត្តិផង។
លុះមកជិតដល់ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣ ដោយមើលឃើញថា ការដែលអ្នកប្រជាធិបតេយ្យនិយមនៅបែកខ្ញែកគ្នាអាចធ្វើឲ្យបែកសំឡេងគាំទ្ររបស់ពលរដ្ឋលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចរួបរួមច្របាច់បក្សទាំង២ បញ្ចូលគ្នា រួចបង្កើតគណបក្សថ្មីមួយដើម្បីចូលប្រកួតក្នុងការបោះឆ្នោតនៅអាណត្តិទី៥ នោះ គឺគណបក្សសង្គ្រោះជាតិ ដែលមានរូបព្រះអាទិត្យរះជានិមិត្តរូប។ ជាលទ្ធផលនៃការរួបរួមនេះ គណបក្សសង្គ្រោះជាតិ បានស្រូបយកសំឡេងគាំទ្រគួរឲ្យភ្ញាក់ផ្អើល គឺបានទទួលអាសនៈក្នុងរដ្ឋសភារហូតដល់ ៥៥ ក្នុងចំណោមអាសនៈសរុបចំនួន១២៣។ ទោះជាបែបនេះក្តី គណបក្សសង្គ្រោះជាតិហាក់នៅមិនអស់ចិត្តចំពោះលទ្ធផលនេះឡើយ ដោយលើកឡើងថា ប្រសិនបើការបោះឆ្នោតប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ អ្នកដែលឈ្នះការបោះឆ្នោតគឺគណបក្សសង្គ្រោះជាតិ ទៅវិញទេ។
ដោយសារតែការមិនអស់ចិត្តនេះហើយ ទើបបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលឆ្នោត ហើយបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម។ ប៉ុន្តែទីបំផុតដើម្បីបញ្ចៀសនូវការប្រឈមហិង្សារវាងខ្មែរ និងខ្មែរ គណបក្សសង្គ្រោះជាតិបានងាកទៅរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា រហូតឈានដល់ការសម្របសម្រួលនយោបាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ទោះជាយ៉ាងណា ភាពល្អូកល្អិននយោបាយរវាងមេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាច បានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយភាគីទាំង២ ចាប់ផ្ដើមពាក់មុខយក្សដាក់គ្នាជាថ្មី បន្ទាប់ពីមន្ត្រី និងសកម្មជនបក្សប្រឆាំងជាច្រើនរូបត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ។ មិនយូរប៉ុន្មានការប្ដឹងផ្ដល់ទៅកាន់តុលាការបានរាលដាលដល់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាថ្នាក់ដឹកនាំបក្ស។ ដោយសារតែការប្ដឹងផ្ដល់ជាច្រើននៅតុលាការនេះហើយ ទើបបង្ខំចិត្តឲ្យលោក សម រង្ស៊ី ចាកចេញពីប្រទេស ហើយទីបំផុតរដ្ឋាភិបាលក៏ប្រកាសហាមមិនឲ្យលោកចូលស្រុកទៀតផង។
ក្រៅពីហាមមិនឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ចូលស្រុក ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ថែមទាំងប្រកាសឲ្យតំណាងរាស្ត្របក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលឈានដល់ការរារាំងលោក សម រង្ស៊ី ពីការដឹកនាំបក្សប្រឆាំង និងការរំលាយបក្សប្រឆាំងទៀតផង។ ដោយសារតែខ្លាចគេរំលាយបក្សនេះហើយ ទើបលោក សម រង្ស៊ី ប្រកាសថា លោកសុខចិត្តបោះបង់តួនាទីជាប្រធាន និងចាកចេញពីបក្សនៅពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ នេះអាចមិនមែនជាការបញ្ចប់ជីវិតនយោបាយខ្លួនឯងរបស់លោក សម រង្ស៊ី នោះឡើយ។ លោក សម រង្ស៊ី ថ្លែងថា នៅគ្រប់កាលៈទេសៈទាំងអស់ លោកនៅតែរក្សាឧត្ដមគតិសង្គ្រោះជាតិជានិច្ចនៅក្នុងបេះដូងរបស់លោក។ លោក សម រង្ស៊ី បញ្ជាក់ថា អនាគតប្រទេសជាតិ នៅវែងឆ្ងាយ ដូច្នេះមន្ត្រីបក្សប្រឆាំងនៅមានឱកាសធ្វើការជាមួយគ្នាទោះក្នុងរូបភាពណាក្តីដើម្បីសម្រេចបំណងរបស់គណបក្ស នោះគឺការសង្គ្រោះជាតិ។
តាមរយៈការលើកឡើងរបស់លោក សម រង្ស៊ី នេះ គេអាចសន្និដ្ឋានបានថា ការសម្រេចចិត្តលាលែងពីប្រធានបក្សរបស់លោក សម រង្ស៊ី ពេលនេះ គឺធ្វើតាមកាលៈទេសៈបង្ខំប៉ុណ្ណោះ ហើយលោកអាចវិលមកចាប់អាជីពជាអ្នកនយោបាយជាថ្មី នៅពេលកាលៈទេសៈអំណោយផលសម្រាប់លោក និងសម្រាប់គណបក្សរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។