មន្ត្រីអង្គការសង្គមស៊ីវិល ព្រួយបារម្ភខ្លាំងអំពីដំណើរការបោះឆ្នោតជាតិខាងមុខដែលនឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានទេ ព្រោះខ្វះគណបក្សប្រឆាំងដ៏រឹងមាំ ខ្វះអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកំពុងរងសម្ពាធទណ្ឌកម្មពីសហគមន៍អន្តរជាតិបែបនេះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះ អង្គការលោកកំពុងពិចារណានៅឡើយថាតើត្រូវចូលរួមឃ្លាំមើលការបោះឆ្នោតជាតិខាងមុខនេះ ឬមិនចូលរួម?
ការមិនទាន់បញ្ជាក់ជំហរច្បាស់លាស់នៅពេលនេះ គឺដោយសារអង្គការលោកនៅពិចារណាលើកត្តាច្រើនយ៉ាងពាក់ព័ន្ធនឹងបទដ្ឋាននៃភាពស្របច្បាប់សម្រាប់ការបោះឆ្នោតជាតិខាងមុខ ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ៖ «ជំហររបស់យើង បើនិយាយពីនិយាមរបស់យើង យើងមាននិយាមស្តង់ដារសម្រាប់វាស់វែង។ ក្នុងនោះវាមានកត្តាដល់ទៅ ១០ចំណុចឯណោះ ដែលត្រូវធ្វើការពិចារណា»។
បន្ថែមលើបញ្ហាស្របច្បាប់នៃការបោះឆ្នោតខាងមុខនេះ កត្តានៃទណ្ឌកម្មរបស់អន្តរជាតិ ដូចជាការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលប្រកាសឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ក៏ធ្វើឲ្យអង្គការរបស់លោកជួបប្រទះបញ្ហាថវិកា។ ពីមុនអង្គការរបស់លោកធ្លាប់ទទួលបានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងសហភាពអឺរ៉ុប។ ប៉ុន្តែរហូតដល់ពេលនេះ អង្គការលោកមិនទាន់ទទួលបានដំណឹងល្អណាមួយអំពីការបន្តផ្ដល់ជំនួយផ្នែកឃ្លាំមើលការបោះឆ្នោតពីប្រទេសផ្ដល់ជំនួយធំៗទាំងនេះនៅឡើយទេ។ កត្តាទាំងអស់នេះឯង ដែលសុទ្ធតែជាចំណុចសំខាន់ដែលអង្គការរបស់លោកត្រូវការពេលវេលាបន្ថែមដើម្បីពិចារណា។ ទោះជាយ៉ាងក្តី លោក សំ គន្ធាមី ថានឹងដឹងជំហរជាក់លាក់នៅខែមេសា ខាងមុខនេះ។
ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សប្រឆាំងបានសម្រេច និង បណ្ដេញវិទ្យាស្ថានប្រជាធិបតេយ្យរបស់អាមេរិក ហៅកាត់ថា (NDI) បិទបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត និងបិទសារព័ត៌មានឯករាជ្យនៅកម្ពុជា សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប បានកាត់ផ្ដាច់ជំនួយទាំងស្រុងដែលធ្លាប់ផ្តល់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ មិនតែប៉ុណ្ណោះ សហគមន៍អន្តរជាតិ ថែមទាំងបានព្រមានធ្ងន់ៗថា នឹងមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះទេ បើគ្មានគណបក្សសង្គ្រោះជាតិចូលរួម។
ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្ហាញជំហរច្បាស់លាស់មិនគាំទ្រការបោះឆ្នោតខាងមុខ ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏ធំមួយរបស់ប្រទេសកម្ពុជា បញ្ជាក់ជំហរថា ខ្លួននឹងនៅតែបន្តជួយផ្នែកបច្ចេកទេសដល់ផ្នែកបោះឆ្នោតនេះ។ ប៉ុន្តែ រហូតមកដល់ពេលនេះ លោក សំ គន្ធាមី មិនទាន់បានការឆ្លើយតបជាវិជ្ជមានណាមួយពីរដ្ឋាភិបាលជប៉ុន ជុំវិញជំនួយសម្រាប់អង្គការលោកនៅឡើយដែរ បើទោះបីជាលោកបានជួបមន្ត្រីទូតជប៉ុន កាលពីខែមុន ក្នុងរឿងជំនួយជប៉ុននេះ៖ «ជំហរជប៉ុន គាត់នៅអត់ទាន់មានចម្លើយអ្វីឲ្យជាវិជ្ជមាននៅឡើយ។ ថាទេ ឬក៏ថាជួយ គឺនៅអត់ទាន់មាននៅឡើយ។ យើងនៅរង់ចាំ»។
ទោះប្រទេសជប៉ុន ប្រកាសថា បន្តផ្តល់ជំនួយបច្ចេកទេសផ្នែកបោះឆ្នោត រដ្ឋាភិបាលជប៉ុន បញ្ជាក់ជាច្រើនលើកច្រើនគ្រាថា រដ្ឋាភិបាលជប៉ុន ពិតជាព្រួយបារម្ភ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលអាចប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខ។ ជំហរនេះ ទើបតែបញ្ជាក់សាជាថ្មីក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះ។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កាស៊ូយូគី ណាកាណេ (Kazuyuki Nakane) សង្កត់ធ្ងន់ថា ជារឿងសំខាន់បំផុតដែលការបោះ ឆ្នោតជាតិនៅខែកក្កដា ខាងមុខ ប្រព្រឹត្តទៅឲ្យបានត្រឹមត្រូវដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរម្ចាស់ឆ្នោត។ មន្ត្រីជាន់ខ្ពស់ផ្នែកការបរទេសជប៉ុន រូបនេះ ក៏បានស្នើឲ្យរបបលោក ហ៊ុន សែន បង្កើតឲ្យមានបរិយាកាសមួយឲ្យអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលទាំងអស់ អាចអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានពេញលេញ។ ខាងរបបលោក ហ៊ុន សែន វិញ ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ឆ្លើយតបកាលណោះ ក៏ដូចរាល់ជំនួបជាមួយភាគីបរទេសថា កម្ពុជានឹងគោរពតាមគោលការណ៍សេរីពហុបក្ស និងរៀបចំការបោះឆ្នោតខាងមុខឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកបោះឆ្នោត សង្កេតឃើញថា ការសន្យា និង ធានារបស់របបលោក ហ៊ុន សែន គ្មានប្រសិទ្ធភាពនោះទេ ដោយតថភាពពិត គឺប្រព័ន្ធសេរីពហុបក្ស រងការបំផ្លាញយ៉ាងដំណំទៅហើយ។ អតីតមន្ត្រីច្បាប់នៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ប្រាប់អាស៊ីសេរី ថា រដ្ឋាភិបាលជប៉ុន យល់ដឹងយ៉ាងច្បាស់លាស់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ទើបជប៉ុនបង្ហាញក្តីកង្វល់បែបនេះ។
លោកបន្ថែមថា គោលការណ៍សេរីពហុបក្ស មិនមែនធ្វើឲ្យគ្រាន់តែល្អមើលដូចសព្វថ្ងៃនេះទេ។ ការមានគណបក្សតូចៗច្រើនមិនមែនបានន័យថា មានពហុបក្សទេ៖ «គណបក្សមួយចំនួនគ្រាន់តែជាគណបក្សបង្កើតឡើងដើម្បីកំដរឆាកនយោបាយ។ នេះជាការឆ្លុះបញ្ចាំងមួយថា អត្ថន័យប្រជាធិបតេយ្យនៅកម្ពុជា វាអត់មានអត្ថន័យគ្រប់គ្រាន់នោះទេ វាដូចជាផ្លែល្វា ដែលល្អពីខាងក្រៅ ខាងក្នុងវាអត់ល្អ ឬដូចដើមឈើដែលមានតែផ្កា អត់ផ្លែ»។
គណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន ផាត់ចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតបាត់ទៅហើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរកម្ពុជា កំពុង តាមធ្វើទុក្ខបុកម្នេញ និង យាយីមន្ត្រីគណបក្ស សង្គ្រោះជាតិ មិនឲ្យធ្វើសកម្មភាពនយោបាយសព្វបែបយ៉ាង ស្របពេលដែលការបោះឆ្នោតជាតិនៅសល់តែ ៥ខែទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។