ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមមួយ ហើយកំពុងក្លាយជាយុទ្ធនាការរបស់អង្គការសង្គមស៊ីវិល ប្រមូលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើញត្តិជំរុញឱ្យសភាកែរដ្ឋធម្មនុញ្ញ សម្រាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលអនាគត។ អតីតនាយករដ្ឋមន្ត្រីមួយរូប គាំទ្រគំនិតនេះ។
អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ គាំទ្រចលនាឱ្យមានការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា យ៉ាងយូរបំផុត ២អាណត្តិ ដើម្បីកុំឱ្យមានបច្ច័យអាក្រក់ដល់ប្រទេសជាតិ។
លោក ប៉ែន សុវណ្ណ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៣ កញ្ញា ថា ការកាន់អំណាចយូរពេក គឺនាំឱ្យមានបច្ច័យអាក្រក់ច្រើន ដូចជា ការនាំឱ្យមានភាពផ្ដាច់ការ បុគ្គលនិយម អត្តនោម័តិនិយម ដែលមិនស្ដាប់មតិមហាជនទេ៖ «ខ្ញុំឃើញថា នាយករដ្ឋមន្ត្រីបើកាន់យូរអង្វែងគ្រាន់តែដប់ឆ្នាំឡើងទៅ គឺមានអត្តនោម័តិហើយ វាយតម្លៃអត់ត្រឹមត្រូវទេ ថាខ្លួនឯងចេះជាងគេ។ ខ្លួនឯងសម្រេចអ្វីទាំងអស់។ អត់ខ្វល់របស់ប្រជាពលរដ្ឋហ្នឹងឃើញអ៊ីចឹង។ ដូចសព្វថ្ងៃ ប្រទេសយើងអ៊ីចឹង។ នាយករដ្ឋមន្ត្រីជាង ៣០ឆ្នាំហើយ បើអ៊ីចឹងបច្ច័យអាក្រក់កើតឡើងមួយចង្កោមក្រោយទៀត អត្តនោម័តិ បុគ្គលនិយម បុណ្យស័ក្ដិនិយម គ្រួសារនិយម ផ្ដាច់ការ អាហ្នឹងធ្វើឱ្យកម្ពុជា យើងអត់អាចអភិវឌ្ឍបានទេ»។
លោកថា ប្រសិនបើនាយករដ្ឋមន្ត្រីមានតែមួយអាណត្តិ នឹងអាចលើកកម្ពស់ឱ្យសង្គមជាតិឱ្យបានល្អប្រសើរ ហើយសេដ្ឋកិច្ច និងទស្សនៈរបស់មនុស្ស ក៏នឹងវិវឌ្ឍន៍ល្អ។ លោកបន្តថា ការធ្វើចលនាកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលនេះ គឺជាការត្រឹមត្រូវ ដើម្បីកុំឱ្យមានបច្ច័យអាក្រក់ដូចសព្វថ្ងៃ ដែលមាននាយករដ្ឋមន្ត្រីកាន់អំណាចជាង ៣០ឆ្នាំ។ លោកបញ្ជាក់ថា វាជាការប្រសើរ គឺការកំណត់អាណត្តិនាយករដ្ឋមន្ត្រីយ៉ាងយូរបំផុត ត្រឹមពីរអាណត្តិដែលមានរយៈពេល ១០ឆ្នាំ។
ការថ្លែងរបស់ លោក ប៉ែន សុវណ្ណ គឺធ្វើក្រោយជំនួបរវាងលោក និងប្រតិភូអង្គការមិនមែនរដ្ឋាភិបាលមួយក្រុម ដឹកនាំដោយ លោក គល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោត ហៅថា ខុមហ្វ្រែល (Comfrel)។ លោក គល់ បញ្ញា ថ្លែងថា ចលនាកំណត់អាណត្តិនាយករដ្ឋមន្ត្រី ជាដំណើរការលទ្ធិប្រជាធិបតេយ្យពិភពលោក ដែលកម្ពុជា ត្រូវចូលរួម៖ «សូម្បីរបបកុម្មុយនិស្តដូចជាប្រទេសវៀតណាម ប្រទេសចិន គេក៏កំណត់អំពីអាណត្តិនាយករដ្ឋមន្ត្រី ឬក៏បុគ្គលកាន់កិច្ចការរដ្ឋ នីតិប្រតិបត្តិហ្នឹង គេកំណត់ហើយ ហើយយ៉ាងច្រើន គឺពីរអាណត្តិ។ គឺអាហ្នឹងវាជានិន្នាការពិភពលោក មិនមែនប្រទេស ប្រទេសប្រជាធិបតេយ្យ ឬប្រទេសកុម្មុយនិស្តទេ ជាពិសេសប្រទេសប្រជាធិបតេយ្យ គេបានរុញច្រានរឿងហ្នឹង។ អ៊ីចឹងប្រទេសយើងត្រូវតែចូលរួមចំណែកនៅក្នុងការធ្វើឱ្យដំណើរការប្រជាធិបតេយ្យសេរីពហុបក្សហ្នឹង ដំណើរការទៅដោយរលូន កុំឱ្យវាមានបញ្ហា ហើយវាដូចឯកឧត្ដម ប៉ែន សុវណ្ណ ខ្ញុំគិតថា លោកមានប្រសាសន៍ខាងដើមត្រឹមត្រូវថាអាចដែរ បើសិននាយករដ្ឋមន្ត្រីមួយកាន់អំណាចយូរ វាអាចជាឱកាស ជាហានិភ័យ ដែលនាំឱ្យមានអំណាចប្រមូលផ្ដុំដែរ។ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ពេលនេះជាពេលល្អសម្រាប់យុទ្ធនាការជំរុញឱ្យមានការកែរដ្ឋធម្មនុញ្ញ សម្រាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលអនាគត និងមនុស្សជំនាន់ក្រោយ។ លោកថ្លែងទៀតថា បើនាយករដ្ឋមន្ត្រី និងសភាយល់គំនិតនៃការកំណត់បែបនេះ ហើយដាក់នៅក្នុងច្បាប់ គឺសម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៖ «ពេលនេះជាពេលល្អសម្រាប់ឱ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ព្រោះថាទីមួយ យើងកំណត់អាណត្តិនាយករដ្ឋមន្ត្រី ប៉ុន្តែយើងទុកច្រកដែរ។ គឺមានន័យថា យើងរាប់សាថ្មី អត់មែនថា អ្នកហ្នឹងធ្លាប់ហើយលែង មិនមែនអ៊ីចឹងទេណ៎ា គឺចាប់រាប់សាថ្មី។ ដូច្នេះ សម្ដេចនាយកលោកអាចមានឱកាសឈរបានពីរអាណត្តិទៀត។ ហេតុដូច្នេះ វាជាឱកាសល្អ បើនាយករដ្ឋមន្ត្រីចាស់ហ្នឹងលោកមានអាណត្តិយូរហើយ ហើយលោកគិតល្មម បើសិនជាប្រជារាស្ត្រគាំទ្រទៀត វាល្មមដល់ពេលអាយុលោកចាស់បាត់។ ដូច្នេះ លោកអាចអូខេបាន។ ដូច្នេះ មានតែពេលហ្នឹងទេជាឱកាសល្អ ហើយយើងគិតថា យើងចង់ជួបអតីតនាយករដ្ឋមន្ត្រី ដើម្បីចង់បានយោបល់គាត់»។
លោកបញ្ជាក់ថា ជំនួបជាមួយ លោក ប៉ែន សុវណ្ណ នៅព្រឹកថ្ងៃទី៣ កញ្ញា គឺចង់ដឹងអំពីមតិយោបល់របស់លោក ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីមួយរូប។
លោក គល់ បញ្ញា ឱ្យដឹងថា នៅក្នុងសប្ដាហ៍នេះ លោកនឹងដាក់ញត្តិគាំទ្ររបស់តំណាងអង្គការចំនួនជាងមួយពាន់នាក់ ដំណាក់កាលទីមួយ ជូនទៅសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅសប្ដាហ៍ក្រោយ ក្រុមលោកនឹងជួបជាមួយអតីតនាយករដ្ឋមន្ត្រីមួយរូបទៀត គឺលោក អ៊ឹង ហួត និងបន្ទាប់មកទៀត គឺសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែរ។ លោកឱ្យដឹងដែរ អតីតនាយករដ្ឋមន្ត្រីទាំងពីរ សុទ្ធតែគាំទ្រដល់គំនិតកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះ។ លោកថា ដោយឡែកគណបក្សប្រជាជនកម្ពុជា ថានឹងពិចារណាអំពីបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។