គណនីហ្វេសប៊ុក (Facebook) របស់ក្រសួងយុត្តិធម៌ និងហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ្នកនាំពាក្យក្រសួងនេះ ត្រូវបានសង្គ្រោះពី Hacker វិញហើយ កាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងអស់រយៈពេល ១០ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២០ ខែឧសភា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរសារនៅលើហ្វេសប៊ុក ដែលទើបយកមកគ្រប់គ្រងវិញបាននោះ ដោយជម្រាបជូនសាធារណជនថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ និងទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ផ្ទាល់ ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយក្រុមការងាររបស់ក្រសួងយុត្តិធម៌វិញហើយ។ ប៉ុន្តែលោក គឹម សន្តិភាព មិនបានបញ្ជាក់ថា គណនីហ្វេសប៊ុក ទាំងនេះ សង្គ្រោះយកបានមកវិញដោយវិធីណានោះទេ។
លោក គឹម សន្ដិភាព បានដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២០ ខែឧសភា ឲ្យជួយស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធដែលលួចចូលគ្រប់គ្រងសារអេឡិចត្រូនិក (Email) របស់លោក និងគណនីហ្វេសប៊ុក របស់លោកផ្ទាល់ ព្រមទាំងហ្វេសប៊ុក ក្រសួងយុត្តិធម៌ ហើយបានយកទៅផ្សព្វផ្សាយការឃោសនានយោបាយរបស់គណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ធ្លាប់បានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ការផ្សាយយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅលើគណនីហ្វេសប៊ុក ក្រសួងយុត្តិធម៌ ដែលត្រូវបានមន្ត្រីក្រសួងនេះអះអាងថា ជនអនាមិក លួចចូលគ្រប់គ្រងនោះទេ។ លោកថា អ្នកនយោបាយគួរកុំយកពេលទៅបង្កើតក្រុមដើម្បីកាច់គ្នា ឬបំបែកបំបាក់បក្សដៃគូនយោបាយ គួរតែដោះស្រាយ ឫសគល់នៃបញ្ហាដែលនាំឲ្យពលរដ្ឋក្រីក្រ ឬ ឫសគល់នៃការបំផ្លាញធនធានធម្មជាតិជាដើម។
លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមថា គណបក្សសង្គ្រោះជាតិ មានហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលមានអ្នកគាំទ្រជាង ៤លាននាក់ និងគណនីហ្វេសប៊ុក របស់មន្ត្រី និងសមាជិកគណបក្សសង្គ្រោះជាតិ ជាច្រើនទៀត សម្រាប់ផ្សព្វផ្សាយគោលនយោបាយបក្សសង្គ្រោះជាតិ ដោយមិនចាំបាច់ទៅលួចប្រើហ្វេសប៊ុក ក្រសួងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយព័ត៌មានបក្សសង្គ្រោះជាតិ នោះទេ។
ទោះបីគណនីហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក គឹម សន្តិភាព ត្រូវបានសង្គ្រោះមកវិញ ក៏ដោយ ប៉ុន្តែអ៊ីមែល ផ្ទាល់ខ្លួនរបស់គាត់ មិនទាន់អាចសង្គ្រោះមកវិញបាននៅឡើយទេ នៅថ្ងៃទី៣១ ខែឧសភា។
ឯកសារដែលបែកធ្លាយចេញពីអ៊ីមែលរបស់លោក គឹម សន្តិភាព បង្ហាញពីការប្រកាសទ្រព្យសម្បត្តិដ៏មហាសាលរបស់មន្ត្រីរូបនេះ ដោយគ្រាន់តែក្បាលខ្សែក្រវាត់មួយ មានដាំពេជ្រ មានតម្លៃជាង ២ម៉ឺនដុល្លារ (២២.៥០០ដុល្លារ)។ ប៉ុន្តែលោក គឹម សន្តិភាព បដិសេធរាល់ខ្លឹមសារព័ត៌មានដែលបែកធ្លាយចេញពីអ៊ីមែលរបស់គាត់៖ «រាល់ព័ត៌មានដែល Hacker ដែលអាចយករបស់ខ្ញុំ ហើយគាត់ Hack បានជំហររបស់ខ្ញុំនៅដដែល ដូចជាលើកមុន។ អ៊ីមែលរបស់ខ្ញុំគាត់ Hack បាន ដូច្នេះព័ត៌មានអ្វីៗ ក៏គាត់អាចកែបានដែរ។ នេះជាជំហររបស់ខ្ញុំ។ ខ្ញុំសូមបដិសេធព័ត៌មានទាំងអស់»។
តាមពាក្យបណ្ដឹងរបស់លោក គឹម សន្តិភាព បានរៀបរាប់ថា អ៊ីមែលផ្ទាល់ខ្លួនរបស់លោក ត្រូវបានជនអនាមិកលួចចូលគ្រប់គ្រង តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នោះដែរ។ លោក គឹម សន្តិភាព បញ្ជាក់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣១ ខែឧសភា ថា រហូតមកដល់ពេលនេះ អ៊ីមែលរបស់លោកមិនទាន់អាចយកមកគ្រប់គ្រងខ្លួនឯងវិញបាននៅឡើយទេ។
ព័ត៌មានដែលលោក គឹម សន្តិភាព បានបដិសេធផងដែរ គឺឯកសារស្ដីពីការបង្កើតក្រុមហ្វេសប៊ុកមួយ កាលពីឆ្នាំ២០១៣ ដើម្បីវាយប្រហារគណបក្សប្រឆាំង។ ក្រុមការងារបណ្ដាញព័ត៌មាន Cyber War Room (CWR) ដែលបង្កើតឡើងដើម្បីបង្កើនសំឡេងគាំទ្រលទ្ធផលឆ្នោតឆ្នាំ២០១៣ និងដើម្បីបន្សាបព័ត៌មានរបស់បក្សប្រឆាំងតាមហ្វេសប៊ុក។
ក្រុមវាយប្រហារតាមបណ្តាញអ៊ីនធឺណិតនេះ មានរាយនាមលោក ហ៊ុន ម៉ាណែត ជាប្រធានលោក សុខ ពុទ្ធិវុធ កូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធាន លោក ឌិត ទីណា កូនប្រុសលោក ឌិត មន្ទីរ ជាអនុប្រធានលោក គឹម សន្ដិភាព កូនប្រសាលោក ជាម យៀប ជាអនុប្រធាន លោក មាន ចាន់យ៉ាដា បច្ចុប្បន្នជាអភិបាលរងក្រុងភ្នំពេញ ជាអនុប្រធាន និងមន្ត្រីមានងារជាឯកឧត្តមជាច្រើននាក់ទៀត ជាអនុប្រធានដឹកនាំក្រុមបណ្ដាញព័ត៌មាននេះ។ ឯកសារបន្តថា តួនាទី និងភារកិច្ចរបស់ក្រុមនេះនៅលើការងារហ្វេសប៊ុក គឺបន្សាបរាល់ព័ត៌មានដែលផ្សព្វផ្សាយដោយបក្សប្រឆាំង ហើយធ្វើប្រតិកម្មជាបន្ទាន់តាមប្រភេទព័ណ៌ខ្មៅ ប្រផេះ និងស។
អាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេ ដោយលោកមិនតបអ៊ីមែលដែលអាស៊ីសេរី ផ្ញើទៅគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។