ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា នឹង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​កូន​ក្តី​របស់​ខ្លួន

0:00 / 0:00

ក្រុម​មេធាវី និង​ក្រុម​គ្រួសារ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៤ កញ្ញា។ ចំណែក​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ៣​រូប ក៏​បាន​បញ្ចប់​ការ​សាកសួរ​ចម្លើយ​លោក កឹម សុខា ដែរ ហើយ​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ កញ្ញា។ យ៉ាង​នេះ​ក្តី ក្រុម​មេធាវី​នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​កូន​ក្តី​របស់​ខ្លួន។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ស្ថានភាព​សុខភាព​លោក កឹម សុខា គឺ​រឹងមាំ និង​មាន​ស្មារតី​ល្អ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សាកសួរ​របស់​ក្រុម​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៀត​ផង។ ការ​ថ្លែង​ដូចនេះ ក្រោយ​ពេល​ក្រុម​មេធាវី​បាន​ចូល​ទៅ​ជួប​កូន​ក្តី​របស់​ខ្លួន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​៣ ឬ​ហៅ​ថា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​រសៀល​ថ្ងៃ​ទី​៤ កញ្ញា។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំងអស់ ៥​នាក់ មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចំនួន ៣​នាក់ បាន​បញ្ចប់​ការ​សាកសួរ​យក​ចម្លើយ​ពី​កូន​ក្តី​របស់​លោក ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ ព្រោះ​នេះ​គ្រាន់​តែ​ជា​ដំណាក់កាល​ស៊ើប​អង្កេត​បឋម​ប៉ុណ្ណោះ។ ចំណែក​កូន​ក្តី​របស់​លោក ក៏​មាន​ស្មារតី​ល្អ​ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ចំពោះ​ការ​សាកសួរ​របស់​ព្រះរាជអាជ្ញា​រង​ទាំង​បី​នាក់ ជុំវិញ​ករណី​សង្ស័យ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​លោក​នោះ៖ « មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​នីតិវិធី​បន្ទាប់​យ៉ាង​ម៉េច​ទេ សូម្បី​ខាង​ព្រះរាជអាជ្ញា​ក៏​គាត់​មិន​ដឹង​ថា​ធ្វើ​ម៉េច​ដែរ។ ដំណាក់កាល​នេះ ដំណាក់កាល​គាត់​សួរ​រក​ចម្លើយ ហើយ​គាត់​សិក្សា​លើ​ភស្តុតាង​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យ និង​សម្រេច​នៅ​ពេល​ក្រោយ »

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​រលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ យោង​លើ​ឃ្លីប​វីដេអូ​របស់​លោក កឹម សុខា ឈរ​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៤។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​យប់​នេះ​ដែរ ក្រុម​មេធាវី​របស់​លោក​មើល​ឃើញ​ថា គឺ​ជា​ការ​អនុវត្ត​ខុស​ច្បាប់ ទោះ​បី​ជា​បទល្មើស​ជាក់ស្តែង​ក៏ដោយ ព្រោះ​គេ​ត្រូវ​រង់ចាំ​ដល់​ព្រឹក​ឡើង​ហួស​ពី​ម៉ោង ៦​ព្រឹក ទើប​សមត្ថកិច្ច​អាច​ចូល​ទៅ​ឆែកឆេរ ឬ​ឃាត់​ខ្លួន​បាន៖ « ដោយសារ​ក្រម​នីតិ​ព្រហ្មទណ្ឌ​បាន​ចែង​ពាក់ព័ន្ធ​ពេលវេលា​នៃ​ការ​ចូល​ឆែកឆេរ ចូល​ឃាត់​ខ្លួន​ក៏ដូចជា​ចូល​លំនៅឋាន​របស់​ជន​ណា​មួយ​ហ្នឹង គេ​អាច​ធ្វើ​ពី​រយៈពេល​ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច »

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បញ្ជាក់​ថា តំណាង​អយ្យការ​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​លោក កឹម សុខា នា​រសៀល​ថ្ងៃ​ទី​៤ កញ្ញា ព្រម​ទាំង​កំពុង​ពិនិត្យ​លើ​ឯកសារ និង​ភស្តុតាង​នានា ហើយ​នឹង​បន្ត​ចំណាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃ​ទី​៥ កញ្ញា បន្ត​ទៀត។

ក្រៅ​ពី​មេធាវី​របស់​ប្រធាន​គណបក្ស​ប្រឆាំង ប្រពន្ធ​របស់​លោក កឹម សុខា អ្នកស្រី តែ ច័ន្ទមនោ ក៏​បាន​ចូល​ទៅ​ជួប​ស្វាមី​នៅ​ម៉ោង​ប្រមាណ ៦​ព្រលប់​ថ្ងៃ​ដដែល​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកស្រី​មិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បែប​ណា​ទេ។ ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​មួយ​ចំនួន​ផង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក កឹម សុខា ឡើយ។

នៅ​ខាង​ក្រៅ​ពន្ធនាគារ គឺ​មិន​មាន​សកម្មជន និង​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅ​ចូលរួម​តាមដាន​នោះ​ទេ ក្រៅ​ពី​មន្ត្រី​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​មួយ​ចំនួន និង​មន្ត្រី​សមត្ថកិច្ច​ដែល​ដាក់​ជាច្រើន​កន្លែង និង​ជាច្រើន​នាក់​នៅ​ក្បែរ​មណ្ឌល​កែប្រែ​ទី​៣ នោះ។

ក្រុម​មេធាវី​ដដែល​បញ្ជាក់​ថា នឹង​សិក្សា​ស្រាវជ្រាវ ព្រម​ទាំង​ប្រមូល​រក​ភស្តុតាង​ផ្សេងៗ​ដើម្បី​ដោះ​បន្ទុក​កូន​ក្តី​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំងឡាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។