លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋខ្មែរកត់ត្រាទុកនូវពាក្យសម្ដីរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលលើកឡើងថា អ្នកនយោបាយខ្មែរគួរបញ្ចប់នូវវប្បធម៌គុំកួន ឬវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។
លោក ហ៊ុន សែន ក៏ទាមទារឲ្យបក្សប្រឆាំង ឈប់ហៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងរបស់យួន។ ការថ្លែងរបស់ លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងសម័យប្រជុំសភា ដែលមានការចូលរួមរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មប្រការ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលបក្សទាំង២បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ។
ស្ថានភាពនយោបាយនៅកម្ពុជា ហាក់ធូរស្រាលមួយកម្រិតថែមទៀត បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រមចូលប្រជុំសភា ដែលពួកគេបានធ្វើពហិការអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ។ ការចូលប្រជុំសភារបស់តំណាងរាស្ត្របក្សប្រឆាំងពេលនេះ ធ្វើឲ្យសភាដែលគេចោទប្រកាន់ថា ជាសភាឯកបក្ស ឬសភាមិនគ្រប់ទឹកនោះ ក្លាយទៅជាសភាពហុបក្ស និងគ្រប់ទឹក។ ក្រៅតែពីធ្វើឲ្យស្ថាប័ននីតិប្បញ្ញត្តិមួយនេះ ជាស្ថាប័នគ្រប់ទឹកនោះ មេដឹកនាំគណបក្សនយោបាយទាំង២ ក៏បង្ហាញជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ឈប់វប្បធម៌ស្អប់គ្នាទៅវិញទៅមក។
ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែសីហា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា វាដល់ពេលដែលអ្នកនយោបាយខ្មែរ ត្រូវរួមរស់ និងធ្វើការជាមួយគ្នា ដើម្បីការពារ និងកសាងប្រទេសកម្ពុជា ហើយ។ លោក សម រង្ស៊ី បន្តថា វប្បធម៌ថ្មីមួយដែលអ្នកនយោបាយខ្មែរត្រូវបង្កើតនោះ គឺវប្បធម៌សន្ទនា ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រទេសជាតិ។ ក្រៅតែពីលើកឡើងបែបនេះ ដែលមើលទៅហាក់ធ្វើឲ្យ លោក ហ៊ុន សែន សប្បាយចិត្តនោះ លោក សម រង្ស៊ី ក៏មិនភ្លេចសម្ដែងការអរគុណចំពោះ លោក ហ៊ុន សែន ចំពោះស្មារតីយោគយល់ និងសហការរបស់លោក ដើម្បីអាចឈានទៅដល់ការបញ្ចប់វិបត្តិនយោបាយនៅពេលនេះ។
លោក សម រង្ស៊ី៖ «វប្បធម៌សហការធ្វើការជាមួយគ្នា ជជែកគ្នា មិនដណ្ដើមយកឈ្នះយកចាញ់ទេ មិនសំខាន់ទេ អ្នកណាឈ្នះ អ្នកណាចាញ់ អ្វីដែលសំខាន់ យើងត្រូវរកគំនិតដែលល្អ គំនិតដែលត្រឹមត្រូវ គំនិតដែលជួយការពារប្រទេសជាតិយើង គំនិតដែលជួយកសាងប្រទេសជាតិយើងឲ្យរុងរឿង។ ដូច្នេះ គំនិតដែលល្អនេះ អាចទទួលការគាំទ្រពីគ្រប់គណបក្សទាំងអស់។ ដូច្នេះមិនមែនគណបក្សណាចង់យកឈ្នះគណបក្សណាដាច់ខាតទេ»។
បន្ទាប់ពីអង្គុយស្តាប់យ៉ាងយកចិត្តទុកដាក់ការថ្លែងរបស់ លោក សម រង្ស៊ី លោក ហ៊ុន សែន បានថ្លែងឆ្លើយតបទៅកាន់សមាជិកបក្សប្រឆាំង ដែលកំពុងបាញ់ភ្នែកមករកលោកនោះ ហាក់ជារបៀបឌឺដងទៅវិញ។ លោក ហ៊ុន សែន ចាប់ផ្តើមដោយថ្លែងស្វាគមន៍ចំពោះវត្តមានរបស់តំណាងរាស្ត្របក្សប្រឆាំង និងចំពោះស្មារតីរួបរួម មិនគុំកួនគ្នារបស់មេបក្សនេះ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ដោយមិនបង្អង់យូរ ឆ្លើយតបបែបចំអកទៅវិញថា ប្រសិនបើបក្សប្រឆាំងប្រកាន់យកស្មារតីនេះតាំងពីក្រោយការបោះឆ្នោតមកម្ល៉េះ សភាពការណ៍នយោបាយនៅកម្ពុជា មានលក្ខណៈប្រសើរពេញមួយឆ្នាំមកហើយ។
លោក ហ៊ុន សែន ថ្លែងចំអកផ្ទួនៗទៀតថា អ្វីដែលបានសម្រេចក្នុងកិច្ចព្រមព្រៀងរវាងគណបក្សទាំង២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វាមិនខុសគ្នាប៉ុន្មានទៅនឹងស្មារតីនៃការចរចា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នោះទេ។ លើសពីនេះ លោក ហ៊ុន សែន ចាត់ទុកការចូលសភារបស់បក្សប្រឆាំងពេលនេះ ថាជាការភ្ញាក់ខ្លួនរបស់ពួកគេ។ លោក ហ៊ុន សែន មិនបានបង្អង់ត្រឹមនេះទេ លោកថា ការប្រជុំសភានៅពេលនេះ និងនៅថ្ងៃខាងមុខ គឺដើម្បីដោះស្រាយបញ្ហាឲ្យសមាជិកតំណាងរាស្ត្រគណបក្សប្រឆាំងដែរនេះ លោកក៏សំដៅលើការបោះឆ្នោតជ្រើសតាំង លោក កឹម សុខា ឲ្យទៅកាន់តំណែងជាអនុប្រធានសភាផងដែរ។ ក្រៅពីនេះ លោកទទូចឲ្យបក្សប្រឆាំងឈប់ហៅលោកថាជាអាយ៉ងយួន ទៀតទៅ។
លោក ហ៊ុន សែន៖ «ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ពួកយើងខ្ញុំជាគណបក្សប្រជាជន មិនក្លាយទៅជាអាយ៉ងយួន ទៀតទេ។ បើឯកឧត្តមឲ្យខ្ញុំទៅជាយួន អស់ទៅហើយ អ៊ីចឹងមានន័យថា យើងនៅតែជាសត្រូវជាមួយគ្នា គ្រាន់តែមកនិយាយល្អរៀងខ្លួន។ អ៊ីចឹងបានជាខ្ញុំអំពាវនាវ សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាជនទូទាំងប្រទេស កត់ត្រាទុកនូវសម្ដីទាំងឡាយដែលបានលើកឡើង»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏មិនភ្លេចថ្លែងអំណរគុណចំពោះការយោគយល់របស់ លោក សម រង្ស៊ី ដែលធ្វើឲ្យការប្រជុំសភាពហុបក្សលេចចេញជារូបរាងឡើង។ ព្រមជាមួយគ្នា លោកក៏ច្រានចោលការចោទប្រកាន់ដែលថា លោកបានសូកប៉ាន់លុយទៅ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងលោក គួយ ប៊ុនរឿន ចំនួន ២០លានដុល្លារ ជាថ្នូរនឹងការធ្វើឲ្យចូលសភានេះ។
ចំណែកអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច វិញ លោកគាំទ្រការថ្លែងរបស់ លោក ហ៊ុន សែន ដែលថា លទ្ធផលដែលបក្សប្រឆាំងទទួលបាននៅពេលនេះ គឺមិនខុសគ្នាច្រើននឹងអ្វីដែលបក្សកាន់អំណាចប្រកាសផ្តល់ឲ្យពីមុនមកទេ។ ប៉ុន្តែលោកថា ការចូលសភារបស់បក្សប្រឆាំងពេលនេះ គឺដោយសារពួកគេខ្លាចការគំរាមកំហែងរបស់បក្សកាន់អំណាច បន្ទាប់ពីមានការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនជាបន្តបន្ទាប់មក។ ចំពោះការថ្លែងលុបបំបាត់វប្បធម៌គុំកួនគ្នា ឬការហាមឃាត់មិនឲ្យហៅអ្នកនយោបាយថាអាយ៉ង ជាដើមនោះ លោកបណ្ឌិត សុខ ទូច ថាវាមិនចាំបាច់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអ្នកនយោបាយ គួរនាំគ្នាអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឲ្យបានខ្ជាប់ខ្ជួន ប្រសើរជាង។
លោកបណ្ឌិត សុខ ទូច៖ «ពាក្យអាយ៉ងយួន ហ្នឹង វាចេញពីណាមក អាយ៉ងយួន ហ្នឹង វាមិនមែនចេញពីគណបក្សប្រឆាំងទេ វាជាប្រវត្តិសាស្ត្រមកហើយ នៅពេលណាដែលគណបក្សណាមួយយល់ឃើញថា គណបក្សនោះមិនបានបម្រើស្អីដែលជាផលប្រយោជន៍របស់គេ គេយល់ថា អាហ្នឹងជាអាយ៉ងរបស់បរទេសហើយ អាហ្នឹងវាផុសចេញពីណាមក វាផុសចេញពីប្រជាជន។ យើងបារម្ភខ្លាចអ្នកនយោបាយទាំង២ហ្នឹងត្រូវគ្នា ហើយបង្កើតច្បាប់មួយថា អ្នកណាហៅកញ្ជះយួន ឬក៏អាយ៉ងយួន ហ្នឹង ត្រូវតែជាប់ទោស។ អាហ្នឹងខ្លាចប្រើប្រព័ន្ធតុលាការ ដូចដែលប្រើប្រាស់ប្រព័ន្ធតុលាការសម្លុតគណបក្សប្រឆាំង ឲ្យចូលសភាអ៊ីចឹង»។
ការចូលសភារបស់បក្សប្រឆាំង ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មប្រការ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុងសភា គឺគ្រាន់តែជាជំហានចាប់ផ្តើមតូចមួយ ក្នុងការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងរវាងគណបក្សទាំង២ កាលពីថ្ងៃទី២២ កក្កដា ប៉ុណ្ណោះ។ បន្ទាប់ពីនេះ ពួកគេនឹងត្រូវបោះឆ្នោតជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំសភា អនុម័តសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ជាដើម៕
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកាសស្វាគមន៍ចំពោះកិច្ចប្រជុំសភាលើកដំបូងដែលមានវត្តមានតំណាងរាស្ត្របក្សទាំងពីរ ក្នុងថ្ងៃនេះ និងការបើកទីលានប្រជាធិបតេយ្យឡើងវិញ។ លោក បាន គីមូន ជំរុញឲ្យគណបក្សទាំងពីរប្រឹងប្រែង កែទម្រង់ និងពង្រឹងស្ថាប័ន ដែលជំរុញដំណើរការប្រជាធិបតេយ្យទាំងឡាយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងអស់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។