មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការងារបោះឆ្នោតខេត្តព្រះសីហនុ បានអះអាងថា នៅថ្ងៃដំបូងនៃការបិទបញ្ជីឈ្មោះបោះឆ្នោតនាមូលដ្ឋាននេះ មិនសូវឃើញវត្តមានប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះច្រើនទេនៅតាមសាលាឃុំ-សង្កាត់នានានៅថ្ងៃទី៣ ខែមករា។
ទោះបីជាយ៉ាងណា មន្ត្រីរៀបចំការបោះឆ្នោតខេត្តនេះបញ្ជាក់ថា បានចុះផ្សព្វផ្សាយតាមមូលដ្ឋានឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះនៅមុនកាលបរិច្ឆេទ នៃការពិនិត្យបញ្ជីឈ្មោះចូលមកដល់។
អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) និងជាអ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី។ អ្នកស្រីកត់សម្គាល់ថា នៅថ្ងៃបិទបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលចាប់ផ្តើមនៅថ្ងៃទី៣ ខែមករា នៅតាមឃុំ-សង្កាត់ភាគច្រើនមិនសូវឃើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនោះទេ។
អ្នកស្រីជំរុញឲ្យមន្ត្រីពាក់ព័ន្ធ ជួយនាំយកបញ្ជីឈ្មោះបោះឆ្នោតនេះបិទផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋនៅតាមផ្ទះមេភូមិ និងសាលារៀនជាដើម ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋចូលរួមពិនិត្យឈ្មោះឲ្យបានទាំងអស់គ្នា។
អ្នកស្រី សុធារី អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នា ហើយបើពិនិត្យឃើញកំហុសឆ្គងអក្ខរាវិរុទ្ធ ឬខុសថ្ងៃខែឆ្នាំកំណើតជាដើម ត្រូវស្នើទៅមន្ត្រីជំនាញរៀបចំការងារចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នីមួយៗ កែតម្រូវឲ្យបានទាន់ពេលវេលា ព្រោះរយៈពេលពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះមានតែ ១០ថ្ងៃទេ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា៖ «ប្រសិនបើជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬអាជ្ញាធរគាត់មានលទ្ធភាព គាត់គួរតែកូពីបញ្ជីឈ្មោះដំបូងនេះយកទៅបិទ ឬដាក់នៅទីកន្លែងទីប្រជុំជន ដូចជានៅសាលារៀន ឬផ្ទះមេភូមិជាដើម ហើយធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅតាមភូមិទាំងអស់ហ្នឹង អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់។ ការធ្វើបែបនេះ អាចឲ្យប្រជាពលរដ្ឋ គាត់បានទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់បានងាយស្រួល»។
ទាក់ទិនបញ្ហានេះ លោក ហួត ផុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានឲ្យអាស៊ីសេរីដឹងថា ស្ថាប័ននេះបានចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាទូទាំងខេត្ត ឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងកែតម្រូវ បើមានបញ្ហាខុសឆ្គងទៅលើឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត និងចង់ប្ដឹងតវ៉ាទៅលើបញ្ហាអ្វីមួយ នៅមុនការបិទផ្សាយបញ្ជីបោះឆ្នោតនេះរួចហើយ។
លោក ហួត ផុន អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់តាមមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់ ព្រោះពេលវេលាពិនិត្យបញ្ជីឈ្មោះ និងការតវ៉ាមានរយៈពេលត្រឹម ១០ថ្ងៃទេ៖ «និយាយជារួមយើងបានផ្សព្វផ្សាយជាមុនៗ ពេលបិទបញ្ជីឈ្មោះបោះឆ្នោតដំបូងនៅថ្ងៃទី៣ ខែមករា នេះ។ ឥឡូវនេះខ្ញុំកំពុងចុះពិនិត្យ និងតាមដានមើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នានា ជាមួយអ្នកជំនាញអង្គការចៃកា មកពី គ.ជ.ប នៅស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៅថ្ងៃដំបូងនៃការបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ»។
បុរសឈ្មោះ ទុន សុខ ស្ថិតក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលបានទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតរបស់ខ្លួន និងឈ្មោះប្រពន្ធកូនសរុបចំនួន ៤នាក់ នៅសាលាសង្កាត់លេខ៣ កា៣ កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែមករា។ លោកចាត់ទុកការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះ ជារឿងចាំបាច់ ដើម្បីឲ្យប្រាកដថា សមាជិកទាំងអស់ក្នុងគ្រួសារលោកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក មានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតពិតប្រាកដ ដើម្បីឈានដល់មានសិទ្ធិចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខ។
លោក ទុន សុខ ស្នើដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នា ដើម្បីឲ្យប្រាកដថា ពិតជាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។
គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យទៅពិនិត្យមើលឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែល គ.ជ.ប បានបិទផ្សាយបញ្ជីឈ្មោះដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ឲ្យបានទាំងអស់គ្នា។
លោក ហួត ផុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ អ្នកមានសិទ្ធិបោះឆ្នោត ឬគ្រប់អាយុចុះឈ្មោះបោះឆ្នោតមានប្រមាណ ១៣ម៉ឺននាក់ និងបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង ១១ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។