សារព័ត៌មាន ឌឹ វ៉លស្រ្ទីត ហ្សួរណាល់ បានលើកឡើងនូវការវិភាគរបស់លោក ខាល ថាយយរ៍ (Carl Thayer) ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៃវិជ្ជាស្ថានការពារជាតិអូស្ត្រាលី។ លោកសាស្ត្រាចារ្យ ខាល ថាយយរ៍ មានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងតែស្ថិតនៅលើចំណុចមួយដែលអាចនឹងមានការផ្លាស់ប្ដូរហើយ។
លោកបន្តថា ការរួមសាមគ្គីគ្នារវាងកម្មករជាមួយនឹងចលនានៃគណបក្សប្រឆាំង គឺជាការគំរាមមួយដល់របបកាន់អំណាចរបស់លោក ហ៊ុន សែន។ លោកបញ្ជាក់ថា នៅពេលដែលការធ្វើមហាបាតុកម្មចេះតែបន្តទៅមុខនោះ ភាពស្របច្បាប់របស់លោក ហ៊ុន សែន ក៏កាន់តែសាបរលាបដែរ។ លោក ខាល ថាយយរ៍ អះអាងថា ការបង្ក្រាបបាតុករនាពេលថ្មីៗនេះ គឺជាការព្យាយាមផ្ដាច់ចំណងទាក់ទងរវាងបាតុករដែលជាកម្មករពីបាតុករដែលជាអ្នកគាំទ្រគណបក្សប្រឆាំង។
លោកសាស្ត្រាចារ្យ ខាល ថាយយរ៍ មានប្រសាសន៍បន្តថា ស្ថានភាពនយោបាយកម្ពុជា ចាប់ពីពេលនេះតទៅ មួយចំណែកធំវាអាស្រ័យទៅលើជំហររបស់លោក សម រង្ស៊ី ថាតើលោកអាចនៅបន្តរក្សាកំហឹងរបស់ប្រជាពលរដ្ឋប្រឆាំងនឹងលោក ហ៊ុន សែន អោយនៅងំបានទៀតដែរឬទេ ត្បិតលោក ហ៊ុន សែន អាចប្រើយុទ្ធសាស្ត្រយកអ្នកប្រឆាំងអោយជល់នឹងគ្នាឯងវិញ ដោយប្រើវិធីរំងាប់កំហឹងរបស់កម្មករតាមការដំឡើងប្រាក់ខែគោលដែលពួកគេទាមទារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
