ស្ថាប័ន​ធំៗ​៤​ជំរុញ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិសុខ​និង​ស្ថិរភាព​សង្គម​ក្រោយ​បោះ​ឆ្នោត

ស្ថាប័ន​ជាតិ​ធំៗ​ចំនួន​៤ បាន​ចេញ​លិខិត​ព្រមៗ​គ្នា ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិសុខ ស្ថិរភាព​សង្គម។ ការ​ចេញ​លិខិត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​តែ​បង្ហាញ​ជំហរ​មិន​ឯកភាព​គ្នា​នៅ​ឡើយ ជុំវិញ​ដំណោះ​ស្រាយ​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

0:00 / 0:00

គណបក្ស​ប្រឆាំង​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​មាន​បន្ថែម​ការ​ជួប​ជុំ​ស្មិងស្មាធិ៍​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ រីឯ​បក្ស​កាន់​អំណាច​ដែល​ដឹក​នាំ​រដ្ឋាភិបាល​វិញ បាន​បញ្ជា​ឲ្យ​កម្លាំង​សន្តិសុខ​គ្រប់​ជំនាញ ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បាតុកម្ម​នេះ បើ​សិន​ក្លាយ​ទៅ​ជា​បាតុកម្ម​ហិង្សា​មិន​គោរព​ច្បាប់។

ព្រះមហាក្សត្រ រាជ​រដ្ឋាភិបាល គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត គណៈ​សង្ឃ​នៃ​គណៈ​មហានិកាយ និង​គណៈ​ធម្មយុត្តិកនិកាយ បាន​ចេញ​ព្រះរាជសារ និង​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី៧ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា អំពាវនាវ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ហើយ​ពលរដ្ឋ​ត្រូវ​រក្សា​សេចក្តី​ថ្លៃថ្នូរ​ស្ងៀមស្ងាត់។

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ទី១ កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា បាន​បង្គាប់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ប៉ុន្តែ ទាំង​គណបក្ស​កាន់​អំណាច និង​បក្ស​ជំទាស់ សុទ្ធតែ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ទេ។ បក្ស​កាន់​អំណាច​យល់​ថា ស្ថាប័ន គ.ជ.ប ជា​អ្នក​មាន​ភារកិច្ច​ធំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត។ ចំណែក​បក្ស​ជំទាស់​យល់​ថា គ.ជ.ប ជា​អ្នក​បង្ក​ហេតុ ជា​អ្នក​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​បញ្ហា ដូច​នេះ​មិន​អាច​ទទួល​យក គ.ជ.ប ឲ្យ​ចូល​រួម​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ឡើយ។ លុះ​ដល់​ថ្ងៃ​ទី១២ ខែ​សីហា ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ទៅ​ប្រទេស​ចិន ដើម្បី​ព្យាបាល​ព្រះរោគ គឺ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ប្រមូល​កម្លាំង​ទ័ព និង​យុទ្ធភណ្ឌ​ធុន​ធ្ងន់ ដូចជា រថក្រោះ​ជាដើម ចូល​ក្រុង​ភ្នំពេញ។

ក្នុង​ពេល​គង់​ប្រថាប់​នៅ​ស្រុក​ចិន ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជសារ​ទី២ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ព្រះអង្គ​ចង់​ឲ្យ​ភាគី​ទាំង​សង​ខាង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ស្រាប់។ ហើយ​ព្រះអង្គ​ថែម​ទាំង​រំលឹក​ថា ការ​ប្រព្រឹត្តិ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា​របស់​ជាតិ នាំ​ឲ្យ​ជាតិ​បែក​បាក់​ទៀត​ផង។ ព្រះរាជសារ​ទី២ នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច ប្រកាស​ពី​ការ​បរាជ័យ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត និង​បក្ស​ប្រឆាំង​កំណត់​ថ្ងៃ​ធ្វើ​បាតុកម្ម​ពិត​ប្រាកដ។

រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​មន្ត្រី​ដឹក​នាំ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​នឹង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ការ​ឯកភាព​ជាតិ និង​សាមគ្គី​ភាព​ជាតិ។ សេចក្តី​ថ្លែងការណ៍​ក៏​បាន​អំពាវនាវ​លើ​ចំណុច​សំខាន់ៗ​ចំនួន ៨​ចំណុច ដែល​បង្ហាញ​ពី​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ធ្វើ​ការ​តវ៉ា​របស់​ពលរដ្ឋ ការ​ដោះស្រាយ​បញ្ហា​រវាង​គណបក្ស​ទាំង​ពីរ ដោយ​ការ​ចរចា តួនាទី​របស់​កម្លាំង​ប្រដាប់​អាវុធ ដែល​ត្រូវ​គោរព​ច្បាប់​មិន​ត្រូវ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា មន្ត្រី​រាជការ​សាធារណៈ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ពលរដ្ឋ​ត្រូវ​ស្ងប់ស្ងាត់ ជៀសវាង​ការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម បង្ក​វឹកវរ​ចលាចល​ក្នុង​សង្គម និង​ចុង​ក្រោយ ហាម​មិន​ឲ្យ​ជន​បរទេស​ចូល​រួម​ធ្វើ​បាតុកម្ម​ជុំវិញ​ការ​បោះ​ឆ្នោត​ឡើយ។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ថ្លែងការណ៍ រាជ​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ថា នឹង​ប្ដេជ្ញា​ចិត្ត​អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាយុ​ជីវិត ទ្រព្យ​សម្បត្តិ​ឯកជន ព្រម​ទាំង​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹង​នេះ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រយ៍​សម្រាប់​ការ​បោះ​ឆ្នោត ដែល​ដឹក​នាំ​ដោយ​សមាជិក​គណៈ​អចិន្ត្រយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី១ កញ្ញា បាន​ចេញ​សេចក្តី​ណែនាំ​មួយ ដោយ​ដាក់​វត្ថុ​បំណង​ចំៗ​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ពេល​បក្ស​ប្រឆាំង​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ សេចក្តី​ណែនាំ​មាន ៦​ចំណុច សំដៅ​បញ្ជា​មន្ត្រី​ថ្នាក់​ខេត្ត​រាជធានី ឲ្យ​គ្រប់គ្រង​គម្រោង​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ទាំង​ពេល​វេលា ទីតាំង វិធាន​ការ​ទប់ស្កាត់ ការ​បង្កើន​កម្លាំង​ការពារ​សន្តិសុខ​ពេល​មាន​បាតុកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​អត់ធ្មត់​ខ្ពស់​បំផុត។ សេចក្តី​ណែនាំ​ក៏​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ចុះ​អប់រំ កុំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​មហា​បាតុកម្ម​ថែម​ទៀត។ ក្រៅ​ពី​នោះ ក៏​ណែនាំ​ឲ្យ​កន្លែង​លក់​សាំង ប្រេង​ឥន្ធនៈ និង​សារធាតុ​ងាយ​ឆេះ មាន​វិធាន​ការ​ទប់ស្កាត់​បង្ការ​ហានិភ័យ ដែល​អាច​កើត​ឡើង​ជាយថាហេតុ។

ចំណែក​ឯ​គណៈ​សង្ឃ​នៃ​គណៈ​មហានិកាយ និង​គណៈ​ធម្មយុត្តិកនិកាយ ក៏​មិន​បាន​នៅ​ស្ងៀម​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​ដែរ។ ស្ថាប័ន​ដែល​មាន​អំណាច​កំពូល​គ្រប់គ្រង​សង្ឃ និង​បព្វជិត ព្រះពុទ្ធ​សាសនា​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្រដៀង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​រាជ​រដ្ឋាភិបាល​ដែរ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ជាតិ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​រដ្ឋ។

សេចក្តី​ថ្លែងការណ៍​ក៏​បាន​បង្គាប់​ឲ្យ​សង្ឃ​ពុទ្ធសាសនា សីលវន្ត សីលវន្តី​ទាំងអស់ គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រកាន់​យក​ធម៌​របស់​អ្នក​បួស​ប្រកប​ដោយ​សាមគ្គី​ភាព​ជាតិ​រឹងមាំ។ ប៉ុន្តែ ចំណុច​ទី២ នៃ​សេចក្តី​ថ្លែងការណ៍​នេះ បែរ​ជា​ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​ទាំងអស់​ជៀសវាង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​នានា ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ទៅ​វិញ បើ​ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ជួប​ប្រជុំ ឬ​បាតុកម្ម​អហិង្សា​ក៏ដោយ​ចុះ។ សេចក្តី​ថ្លែងការណ៍​ក៏​បាន​ចម្រើន​ពរ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ឲ្យ​អនុវត្ត​ច្បាប់​ជា​ធរមាន និង​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

ទោះ​យ៉ាង​ណា​ក្តី គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាត់​សំឡេង​គាំទ្រ​ជាច្រើន​នៅ​អាណត្តិ​ទី៥ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួច​ទៅ​ហើយ ថា​ខ្លួន​ដើរ​តាម​គន្លង​លំអាន​ព្រះរាជា និង​ស្វាគមន៍​ការ​ដោះស្រាយ​បញ្ហា​ជា​មួយ​បក្ស​ប្រឆាំង​ដោយ​សន្តិវិធី។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា គណបក្ស​នេះ​ចំណេញ​រួច​ហើយ​តាម​រយៈ​ការ​រៀប​ចំ​ប្រព័ន្ធ​បោះ​ឆ្នោត និង​ការ​បំពេញ​ការងារ​របស់​ស្ថាប័ន គ.ជ.ប ដែល​គេ​ជឿ​ថា លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។ ចំណែក​បក្ស​ប្រឆាំង​វិញ យល់​ថា ខ្លួន​ត្រូវ​តែ​តវ៉ា​ដោយ​បាតុកម្ម​អហិង្សា​តាម​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង ព្រោះ គ.ជ.ប ធ្វើ​ការងារ​មិន​តាម​ច្បាប់ លួច​បន្លំ​សន្លឹក​ឆ្នោត កាត់​ក្តី​ដោយ​អយុត្តិធម៌។ ហើយ​ការ​តវ៉ា​នេះ មិន​ផ្ទុយ​ពី​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ​ឡើយ ព្រោះ​ព្រះមហាក្សត្រ​ចង់​ឲ្យ​រាស្ត្រ​បាន​យុត្តិធម៌ និង​មាន​ព្រះរាជ​បំណង​ឲ្យ​ស្ថាប័ន​ជាតិ​ទាំងអស់​អនុវត្ត​តាម​ច្បាប់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។