“អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​កើន​ឡើង​បើ​បញ្ហា​ប្រាក់​ខែ​កម្មករ​ត្រូវ​បាន​ដោះស្រាយ”

0:00 / 0:00

មេ​ដឹក​នាំ​សហភាព​ការងារ​កម្ពុជា និង​សហជីព​ធំៗ​មួយ​ចំនួន​អះអាង​ថា អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​បរទេស នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត បើ​សិន​ជា​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ព្រមព្រៀង​គ្នា​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ ក្នុង​ឆ្នាំ​២០១៤ នេះ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ថៅកែ​រោងចក្រ​ថ្លែង​ថា ជំនួប​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ នឹង​ចាប់​ផ្ដើម​បន្ត​ទៀត​នា​ឆ្នាំ​២០១៥ ខាង​មុខ។

មេ​ដឹក​នាំ​កម្មករ​ឲ្យ​ដឹង​ថា ស្ថានភាព​ការងារ​របស់​ក្រុម​កម្មករ កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​រំលោភ​សិទ្ធិ និង​គាប​សង្កត់​ពី​ភាគី​ថៅកែ​រោងចក្រ។ ចំណែក​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត មិន​ទាន់​រក​ដំណោះស្រាយ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​ជា​ស្ថាពរ ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​ក្រៅ​ប្រទេស បញ្ជាក់​រួច​ហើយ​ថា បើ​ភាគី​ពាក់ព័ន្ធ​ពិចារណា​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ​សមរម្យ ឲ្យ​បាន​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៤ នេះ អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា នឹង​កើន​ច្រើន​ចាប់​ពី​ខែ​តុលា ត​ទៅ ប៉ុន្តែ​បើ​សិន​បញ្ហា​នេះ​មិន​បាន​ដោះស្រាយ​ទេ ទំនង​ជា​អ្នក​បញ្ជា​ទិញ​នឹង​កាត់​បន្ថយ​ច្រើន​បំផុត។

លោក អាត់ ធន់៖ «ខាង​អ្នក​បញ្ជា​ទិញ​គេ​បាន​ជជែក​ជាមួយ​សហជីព​យើង​ថា គេ​នឹង​បន្ត​ដំឡើង​នូវ​ការ​បញ្ជា​ទិញ ក៏​ដូច​ជា​គាំទ្រ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា បន្ត​ទៀត​នា​ថ្ងៃ​អនាគត បើ​សិន​ជា​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អ្នក​ផលិត​ហ្នឹង គាត់​ដោះស្រាយ​បញ្ហា​ការ​ចាប់​ខ្លួន​កម្មករ​ទាំង ២១​នាក់ និង​ការ​ដក​ចេញ​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ត​ផ្សេងៗ បូក​ទាំង​បញ្ឈប់​ការ​រើសអើង​ផ្សេងៗ​ទៅ​លើ​ចលនា​របស់​សហជីព។ បញ្ហា​ទី​២ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចរចា​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ជា​ប្រភព​បញ្ហា​នេះ ត្រូវ​តែ​បញ្ចប់ ដើម្បី​កុំ​ឲ្យ​កម្មករ​ហ្នឹង​អត់​អារម្មណ៍​ធ្វើ​ការ ហើយ​អ្នក​បញ្ជា​ទិញ​គាត់​អត់​មាន​ជំនឿ​ចិត្ត​ថា គាត់​កុម្ម៉ង់​ទិញ​ទំនិញ​ពី​កម្ពុជា ទៅ អាច​ផលិត​ទាន់ ឬ​ក៏​អាច​នាំ​ចេញ​បាន​ដែរ​ឬ​យ៉ាង​ណា ដោយសារ​តែ​ទឹក​ចិត្ត​របស់​កម្មករ​នោះ»

លោក អាត់ ធន់ ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​ស្ដីពី "ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិក​នៅ​កម្ពុជា" ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​កក្កដា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) ក្រុង​ភ្នំពេញ។

ទាក់ទិន​បញ្ហា​នេះ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក កេន លូ បញ្ជាក់​ថា ការ​ចរចា​ដំឡើង​ប្រាក់​បៀវត្ស​ដែល​កម្មករ​ទាមទារ ១៦០​ដុល្លារ​ក្នុង​១​ខែ នឹង​មិន​មាន​ទៀត​ទេ​ក្នុង​ឆ្នាំ​២០១៤ នេះ ប៉ុន្តែ​នឹង​អាច​ពិចារណា​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។ លោក​ចោទ​ថា ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​របស់​កម្មករ​រោងចក្រ​តាម​ការ​ញុះញង់​របស់​សហជីព​មួយ​ចំនួន ជា​ដើម​ហេតុ​នាំ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​ក្រៅ​ប្រទេស​ធ្លាក់​ចុះ ហើយ​រោងចក្រ​មួយ​ចំនួន​ប្រឈម​បិទ​ទ្វារ។

លោក​ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៤ មក ការ​បញ្ជា​ទិញ​ទំនិញ​ពី​ក្រៅ​ប្រទេស​បាន​ធ្លាក់​ចុះ ប៉ុន្តែ​តំណាង​រោងចក្រ​រូប​នេះ​មិន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​ការ​បញ្ជា​ទិញ​នោះ​មាន​ត្រឹម​កម្រិត​ណា​ទេ។

សហភាព​ការងារ​កម្ពុជា និង​ក្រុម​ការងារ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ធ្វើសន្និសីទ​កាសែត​បើក​ឲ្យ​អនុវត្ត​គម្រោង ស្ដីពី​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១៤។
សហភាព​ការងារ​កម្ពុជា និង​ក្រុម​ការងារ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ធ្វើសន្និសីទ​កាសែត​បើក​ឲ្យ​អនុវត្ត​គម្រោង ស្ដីពី​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១៤។ (RFA / Den Ayuthyea)

លោក កេន លូ បារម្ភ​ថា បើ​ចន្លោះ​ពី ៣ ទៅ ៦​ខែ​ទៅ​មុខ​ទៀត អ្នក​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​បាន​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ទំនង​រោងចក្រ​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ ហើយ​កម្មករ​នឹង​ត្រូវ​អត់​ការងារ​ធ្វើ​រាប់​ម៉ឺន​នាក់៖ «ប៉ះពាល់​ដល់​អ្នក​កុម្ម៉ង់​ទិញ ពីព្រោះ​អ្នក​បញ្ជា​ទិញ​គេ​មើល គឺ​គេ​បារម្ភ​ហើយ។ គាត់​បារម្ភ​ថា ឥវ៉ាន់​របស់​គាត់​កុម្ម៉ង់​ទិញ​ហ្នឹង តើ​អាច​ទទួល​បាន​ឥវ៉ាន់ ឬ​ទំនិញ​ទាន់​ពេល​វេលា​ឬ​អត់? ពីព្រោះ​អត់​ដឹង​ថ្ងៃ​ណា​កើត​ឡើង​បញ្ហា​កូដកម្ម​បាតុកម្ម​របស់​កម្មករ ទោះ​បី​រោងចក្រ​ធ្វើ​ល្អ​ហើយ ប៉ុន្តែ​កម្មករ​លើក​ឡើង​បញ្ហា​ច្បាប់ វា​អាច​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម​បាតុកម្ម នាំ​ឲ្យ​អ្នក​បញ្ជា​ទិញ​គេ​បារម្ភ។ អ៊ីចឹង​អ្នក​បញ្ជា​ទិញ​ច្រើន​ណាស់ គេ​កាត់​បន្ថយ​បញ្ជា​ទិញ​បី​ខែ​ទៅ​មុខ»

បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​កម្មករ និង​សហជីព​មួយ​ចំនួន បាន​ទាមទារ​ដំឡើង​ប្រាក់​ខែ​ទាប​បំផុត ១៦០​ដុល្លារ​ក្នុង​១​ខែ និង​ឈាន​ដល់​ក្រុម​កម្មករ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ចន្លោះ​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ការ​តវ៉ា​នេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា ដោយ​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ៥​នាក់ និង​រង​របួស​រាប់​សិប​នាក់។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ យក​ទៅ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។

ទោះ​យ៉ាង​ណា ការ​ទាមទារ​របស់​ក្រុម​កម្មករ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ទេ គឺ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ​ត្រឹម​ចំនួន ១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ចាប់​អនុវត្ត​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។