សកម្មភាព​ចែក​អំណោយ​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​នៅ​រតនគិរី

មន្ត្រី​អ្នក​សង្កេតការណ៍​បោះឆ្នោត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​ខេត្ត​រតនគិរី បាន​រក​ឃើញ​សកម្មភាព​ចែក​អំណោយ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត ធ្វើ​ឡើង​ដោយ​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លេខា​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) ខេត្ត​រតនគិរី លោក ជួន ភីនណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ដាច់​ស្រយាល​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ស្រែពកធំ ស្រែពកតូច និង​ភូមិ​នាងដី ក្នុង​ឃុំ​សេរីមង្គល ស្រុក​កូនមុំ មាន​សកម្មភាព​មេ​ភូមិ មេ​ឃុំ ក្រុម​ប្រឹក្សា​ឃុំ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ងអាញ់ លំផាត់ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មិថុនា បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជិត ៥០០​គ្រួសារ។ ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ ៥០​គីឡូក្រាម ស្ករស ២​គីឡូក្រាម អំបិល ២​គីឡូក្រាម។

លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន​ខ្លះ​បាន​ពាក់​មួក​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន ក្នុង​ពិធី​ចែក​អំណោយ​នោះ​ទៀត​ផង៖ «ពី​បទ​ទិញ​ដូរ​សន្លឹក​ឆ្នោត អាជ្ញាធរ​គាត់​ចែក​ហ្នឹង គាត់​ពាក់​មួក​គណបក្ស​ប្រជាជន គាត់​ឈរ​ចែក។ ក្នុង​ផ្លូវ​ច្បាប់​រាល់​អំណោយ​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ដំណើរ​ការ​បោះឆ្នោត គឺ​គេ​មិន​ឲ្យ​មាន​ការ​ចែក​អំណោយ​សព្វ​តាំង​ពី​លុយ​កាក់ តាំង​ពី​សម្ភារៈ​អ្វី​ផ្សេងៗ»

ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​ប៉ិច (PEC) លោក ប៉ែន ឈុនឌី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​នៅ​ឡើយ។ យ៉ាង​នេះ​ក្តី លោក​បាន​អះអាង​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ចែក​អំណោយ​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។