លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមធ្វើសិក្ខាសាលាជាតិ នៅចុងខែធ្នូ ឆ្នាំ២០១៣ ឬខែមករា ឆ្នាំ២០១៤ ដើម្បីជំរុញការធ្វើកំណែទម្រង់បោះឆ្នោត។
លោក ស ខេង ឲ្យដឹងដូច្នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងឱកាសលោកចូលរួមបិទបញ្ចប់សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ រៀបចំដោយ គ.ជ.ប នៅខេត្តព្រះសីហនុ។
សិក្ខាសាលាជាតិកែទម្រង់បោះឆ្នោតនេះ លោក ស ខេង បានស្នើដល់គណបក្សនយោបាយ សង្គមស៊ីវិលជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធ ឲ្យចូលរួមពិភាក្សាឲ្យបានស្រុះស្រួលគ្នា ដើម្បីឈានដល់កែទម្រង់ការបោះឆ្នោតឲ្យបានប្រសើរនាថ្ងៃអនាគត។
យ៉ាងនេះក្តី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានរិះគន់ និងចាត់ទុកគម្រោងរៀបចំសិក្ខាសាលាជាតិ កែទម្រង់បោះឆ្នោតរបស់រដ្ឋាភិបាលពេលនេះ ថាគ្រាន់តែចង់បានជំនួយបរទេសប៉ុណ្ណោះ៖ «សង្គមស៊ីវិលជាតិ និងអន្តរជាតិ គេបានឲ្យអនុសាសន៍រួចហើយ។ ខាងសហគមន៍អឺរ៉ុប បានឲ្យអនុសាសន៍ជុំវិញការកែទម្រង់បោះឆ្នោតហើយ។ អង្គការសហប្រជាជាតិ ឲ្យបានផ្តល់អនុសាសន៍ជុំវិញការកែទម្រង់រួចហើយ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា មិនព្រមទទួលយកផងហ្នឹង។ ដូច្នេះហើយ ទោះបីគាត់កែឥឡូវក៏ដោយ តែគាត់អត់យកទៅអនុវត្តផងហ្នឹង គ្រាន់តែកែបន្លំភ្នែក ដើម្បីចង់បានជំនួយបរទេសតែប៉ុណ្ណឹងទេ»។
លោកថ្លែងថា បើសិនជារដ្ឋាភិបាលមានឆន្ទៈចង់កែទម្រង់បោះឆ្នោតពិតប្រាកដមែននោះ ត្រូវទទួលយកអនុសាសន៍ដែលបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិល ពិសេសអនុសាសន៍របស់អង្គការសហប្រជាជាតិ ផ្តល់ជូនរដ្ឋាភិបាលកន្លងមក ដាក់បញ្ចូលទៅក្នុងកំណែទម្រង់នេះ៖ «ដូច្នេះហើយ មិនបាច់ខំទៅធ្វើសិក្ខាសាលាអីទេ យកតែអនុសាសន៍របស់សហគមន៍អឺរ៉ុប យកតែអនុសាសន៍របស់អង្គការសហប្រជាជាតិ យកតែអនុសាសន៍ខាងអង្គការខុមហ្វ្រែល (Comfrel) ឬអនុសាសន៍ខាងអង្គការអិន.ឌី.អាយ (NDI) និងអង្គការផ្សេងៗ យកមកធ្វើកំណែទម្រង់ទៅបានហើយ។ ដូច្នេះហើយ បើសិនជាគណបក្សប្រជាជនកម្ពុជា ចង់ធ្វើការកែទម្រង់ពិតប្រាកដមែន យើងមានអនុសាសន៍ទាំងអស់ហ្នឹងយកមកសិក្សាទាំងអស់គ្នា ប៉ុន្តែមិនមែនកែទម្រង់សម្រាប់ទៅបោះឆ្នោតឆ្នាំ២០១៨ ទេ។ កែទម្រង់ហើយបោះឆ្នោតភ្លាម ព្រោះការបោះឆ្នោតឆ្នាំ២០១៣ គឺអត់ត្រឹមត្រូវ។ អ៊ីចឹង សុំឲ្យរៀបចំបោះឆ្នោតមុនអាណត្តិ»។
ស្រដៀងគ្នានឹងការអះអាងរបស់ លោក កឹម សុខា ដែរ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) មានប្រសាសន៍ថា បើមានតែកំណែទម្រង់ ប៉ុន្តែគ្មានការអនុវត្ត ក៏កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា គ្មានប្រសិទ្ធភាពដែរ។ លោកសាទររដ្ឋាភិបាលដែលចង់ធ្វើកំណែទម្រង់បោះឆ្នោត ប៉ុន្តែលោកស្នើឲ្យទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ដាក់បញ្ជូនទៅក្នុងកំណែទម្រង់ការបោះឆ្នោតនេះឲ្យបានច្រើន និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព៖ «បញ្ហាសំខាន់ គឺថាតើអ្វីដែលជាមតិយោបល់របស់អង្គសិក្ខាសាលាហ្នឹង ត្រូវបានថ្នាក់ដឹកនាំសំខាន់ៗយកទៅពិចារណាដែរឬទេ? នេះគឺជាចំណុចគន្លឹះដែលខ្ញុំគិតថា ប្រសិទ្ធភាពនៃសិក្ខាសាលា ឬវេទិកាសាធារណៈ គឺផ្អែកទៅលើការទទួលស្គាល់ ឬទទួលយកដោយអ្នកនយោបាយសំខាន់ៗរបស់ជាតិហ្នឹងដែរឬទេ»។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា ស្ថាប័នខ្លួនក៏បានត្រៀមសហការ និងចូលរួមធ្វើកំណែទម្រង់បោះឆ្នោតជាមួយរដ្ឋាភិបាលឲ្យបានប្រសើរ។ លោកបន្តថា នៅក្រោយការបោះឆ្នោតម្តងៗ គ.ជ.ប បានបើកធ្វើសន្និបាតការងារជាមួយផ្នែកពាក់ព័ន្ធ ដើម្បីឈានដល់ធ្វើកំណែទម្រង់បោះឆ្នោតឲ្យបានប្រសើរនាថ្ងៃអនាគត៖ «ព្រោះថា នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ នេះ ភាគីសំខាន់ៗទាំងរាជរដ្ឋាភិបាល ទាំងគណបក្សនយោបាយ ក៏ដូចជាអង្គការជាតិ និងអន្តរជាតិមួយចំនួន បានលើកឡើងពីឱកាសកែទម្រង់ កែលំអការបោះឆ្នោត។ អ៊ីចឹង តាមការបោះឆ្នោតកន្លងមក ដែលពេលយើងធ្វើការកែលំអ ឬកែទម្រង់ការបោះឆ្នោតហ្នឹង រាជរដ្ឋាភិបាលតែងធ្វើការប្រជុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្រង់មតិយោបល់ ហើយនិងធ្វើវិសោធនកម្មច្បាប់ ដើម្បីធ្វើកំណែទម្រង់បោះឆ្នោត។ រួមមកវិញនេះ ជាឱកាសល្អសម្រាប់ឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់យោបល់ ដើម្បីធ្វើកំណែទម្រង់បោះឆ្នោតនេះ»។
ទោះជាបែបណា មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល គ្មានជំនឿថា ការប្រកាសធ្វើកំណែទម្រង់ការបោះឆ្នោតរបស់រដ្ឋាភិបាល នឹងគ្មានប្រសិទ្ធភាពទេ ព្រោះអនុសាសន៍សង្គមស៊ីវិលជាតិ អន្តរជាតិ និងគណបក្សប្រឆាំង ដែលបានផ្តល់ជូនកន្លងទៅ ត្រូវរដ្ឋាភិបាលទាត់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
