មន្ត្រីរដ្ឋាភិបាលប្រតិកម្មនឹងការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ថម ម៉ាលីនណូស្គី (Tom Malinowski) ជុំវិញបញ្ហាសិទ្ធិមនុស្ស និងនយោបាយ ថាជាការមិនពិនិត្យអង្គហេតុ និងច្បាប់របស់កម្ពុជា ព្រមទាំងមានទំនោរគាំទ្រគណបក្សប្រឆាំង។
ទោះបីជាយ៉ាងណា អ្នកជំនាញផ្នែកនយោបាយការបរទេស បញ្ជាក់ថា មិនមានចំណុចណាមួយដែលបង្ហាញថា សាររបស់លោក ថម ម៉ាលីនណូស្គី ជាការគាំទ្រគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែដោយសារអាមេរិក ប្រកាន់គោលការណ៍គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូច្នេះអាមេរិក ចាំបាច់ត្រូវលើកឡើងពីបញ្ហាទាំងនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក លោក ថម ម៉ាលីនណូស្គី ជុំវិញការស្នើឱ្យទម្លាក់ចោលបទចោទប្រឆាំងសកម្មជននយោបាយបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប លោក នី ចរិយា។
លោក ផៃ ស៊ីផាន ហៅសុន្ទរកថារបស់លោក ថម ម៉ាលីនណូស្គី ថាជាយុទ្ធនាការនយោបាយដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង៖ «អ្វីដែលជារឿងផ្ទាល់ខ្លួនរវាងលោក សម រង្ស៊ី និងលោក ហោ ណាំហុង និងរឿងលោក កឹម សុខា ដែលគាត់មិនគោរពនូវអ្វីដែលជានីតិវិធីតុលាការ ដែលនេះជាការប្រឆាំងស្ថាប័នតុលាការ។ នេះមិនមែនជារឿងនយោបាយទេ។ យើងឃើញថា វាជាការរំលោភច្បាប់។ គាត់បំភ្លេចរឿងនេះចោលមានន័យថា គាត់មាននិន្នាការនយោបាយទៅរកគណបក្សប្រឆាំងរួចស្រេចទៅហើយ»។
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីនណូស្គី បានមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ និងទី១៩ កក្កដា ដើម្បីពិភាក្សាពីសារសំខាន់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងរំលឹកកម្ពុជា ជុំវិញការលើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លោកបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងតំណាងទីភ្នាក់ងារអន្តរជាតិ ក្រុមគ្រួសារសកម្មជនសមាគមអាដហុក (ADHOC) ដែលកំពុងជាប់ឃុំ និងជាពិសេសទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។
ក្រៅពីនេះ លោកក៏បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលពិសេសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកក្កដា នៅស្ថានទូតសហរដ្ឋអាមេរិក។

លោក ថម ម៉ាលីនណូស្គី កត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមអ្នករិះគន់ទៅលើរដ្ឋាភិបាល ហើយលោកពិតជាមានការព្រួយបារម្ភចំពោះការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ទៅលើសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។
លោកបញ្ជាក់ថា ចំណាត់ការទាំងអម្បាលមាន គឺជារឿងអយុត្តិធម៌ ហើយលោកជំរុញឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងសកម្មជន និងតំណាងរាស្ត្រទាំងនោះ។ លោកបន្តទៀតថា ក្នុងបរិបទបោះឆ្នោតខាងមុខ និងខួបលើកទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការបង្ហាញពីដំណើរការប្រជាធិបតេយ្យដែលគួរឱ្យទុកចិត្តបានពីសំណាក់សាធារណជនខ្មែរ និងសហគមន៍អន្តរជាតិ។
លើសពីនេះលោកក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមាននិន្នាការគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយនោះទេ៖ «ជាដំបូងខ្ញុំចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានទំនាក់ទំនងដ៏ជិតស្និទ្ធ និងបែបវិជ្ជមានជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ យើងបានធ្វើការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន ការថែរក្សាសន្តិសុខប្រឆាំងភេរវកម្ម ការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ចង់បញ្ជាក់ឱ្យច្បាស់ថា អាមេរិកមិនប្រឆាំង ឬគាំទ្រគណបក្ស ឬចលនានយោបាយណាមួយឡើយ ទាំងរដ្ឋាភិបាល និងទាំងខាងគណបក្សប្រឆាំង។ អ្វីដែលអាមេរិក គាំទ្រនៅកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក គឺដំណើរការមួយដែលផ្ដល់ឱ្យមនុស្សគ្រប់គ្នានូវឱកាសស្មើគ្នា ដើម្បីបង្ហាញការយល់ឃើញ ទាញយកផលប្រយោជន៍ និងប្រកួតប្រជែងគ្នានៅលើសង្វៀននយោបាយ។ នេះជាចំណុចសំខាន់គ្រប់ប្រទេសទាំងអស់ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពសង្គម»។
លើសពីនេះទៅទៀត លោក ថម ម៉ាលីនណូស្គី ជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតដោយត្រឹមត្រូវ និងអាចជឿទុកចិត្តបានជុំវិញករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី។
ទាក់ទងនឹងរឿងនយោបាយវិញ លោកលើកឡើងពីសារសំខាន់នៃវប្បធម៌សន្ទនា ហើយលោកជំរុញឱ្យគណបក្សជាប់ឆ្នោតទាំងពីរវិលមករកតុចរចាសាជាថ្មី ដើម្បីឱ្យដំណើរការបោះឆ្នោតនៅពេលខាងមុខអាចប្រព្រឹត្តទៅដោយរលូន។

អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលក្តីព្រួយបារម្ភ និងការអំពាវនាវទាំងឡាយរបស់លោក ថម ម៉ាលីនណូស្គី ដោយលើកឡើងថា តុលាការ និងដំណើរការរកយុត្តិធម៌របស់កម្ពុជា មានភាពឯករាជ្យ និងអធិបតេយ្យដោយមិនរងសម្ពាធពីក្រុមណាមួយឡើយ៖ «ហេតុដូចម្ដេចបានជាយកដំណើរការនៃការបោះឆ្នោតយកមកដាក់លាយឡំនឹងសពលោក កែម ឡី? ហេតុដូចម្ដេចបានជាលុយជំនួយអត់សំណងរបស់ចិន ដែលយកមកឱ្យកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោត? ហេតុអ្វីទើបធ្វើការវាយប្រហារលើរឿងលុយជំនួយហ្នឹង? អាហ្នឹងខ្ញុំយល់ថា វាជាអន្ទាក់មួយដែលគេដាក់សម្រាប់បំផ្លាញឆន្ទៈរបស់មហាជនកម្ពុជា ដែលនឹងត្រូវបញ្ចេញនៅពេលបោះឆ្នោតខាងមុខនេះ?»។
អ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេស និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន មិនចាត់ទុកការលើកឡើងរបស់លោក ថម ម៉ាលីនណូស្គី ថាមានទំនោរទៅរកគណបក្សប្រឆាំង ឬក្រុមណាមួយនោះទេ។ លោកថា សហរដ្ឋអាមេរិកប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូច្នេះអាមេរិក ត្រូវតែរំលឹកកម្ពុជា អំពីបញ្ហាទាំងនេះ។ លោកថា បើការស្នើសុំទាំងនោះផ្ដល់ផលប្រយោជន៍ដល់កម្ពុជា រដ្ឋាភិបាលមិនគួរមើលរំលងចំណុចទាំងនោះទេ។
លោក ឡុង គឹមឃន៖ «អ្វីដែលគេមកកម្ពុជា ជួបជាមួយកម្ពុជា និយាយជាមួយកម្ពុជា វាមិនមែនជារឿងគាំទ្របក្សណា ក៏ប៉ុន្តែគេចង់ឱ្យកម្ពុជា យើងក្លាយជាប្រទេសមួយដែលជានីតិរដ្ឋពិតប្រាកដ ប្រជាធិបតេយ្យពិតប្រាកដ គោរពសិទ្ធិមនុស្សពិតប្រាកដ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ហើយផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នៅក្នុងនយោបាយការបរទេស ដរាបណាយើងទទួលបានផលប្រយោជន៍សម្រាប់ជាតិយើង សម្រាប់ប្រជាពលរដ្ឋយើង មានអ្វីដែលមិនគួរធ្វើ»។
ស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ហាក់ស្ថិតនៅក្នុងបរិយាកាសមិនល្អនៅក្រោយពេលដែលគណបក្សជាប់ឆ្នោតទាំងពីរមើលមុខគ្នាមិនចំ និងផ្អាកវប្បធម៌សន្ទនា។ សកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ហើយករណីចុងក្រោយបង្អស់ គឺឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ និងវិភាគបញ្ហាសង្គម និងនយោបាយ ដ៏មានប្រជាប្រិយភាព។
ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សម្ដែងក្តីបារម្ភជុំវិញការវិវត្តន៍បែបនេះ ហើយពួកគេទទូចឱ្យមានការចូលរួមដោះស្រាយបញ្ហាទាំងនេះពីសំណាក់ភាគីពាក់ព័ន្ធប្រកបដោយតម្លាភាព៕
វីដេអូ៖ ប្រតិកម្មរដ្ឋាភិបាលទាក់ទងនឹងការលើកឡើងរបស់មន្ត្រីការបរទេសអាមេរិក
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
