ប្រតិកម្មនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ នៅរសៀលថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៣ តបទៅប្រធានអង្គការ ខុមហ្វ្រែល គឺលោក គល់ បញ្ញា ដែលថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប រៀបចំឡើងដោយក្រសួងមហាផ្ទៃ ហើយមិនឯករាជ្យ។
លោក ខៀវ សុភ័គ ថ្លែងថា ក្រសួងមហាផ្ទៃអនុវត្តន៍តាមច្បាប់៖ «ក្រសួងមហាផ្ទៃមានភារកិច្ចធ្វើការងារហ្នឹងតាមច្បាប់ដែលបានកំណត់ ជាអ្នកសម្របសម្រួលទាំងអស់ ទាំងគណបក្សនយោបាយអី រួចហើយជូនទៅគណៈរដ្ឋមន្ត្រី។ គណៈរដ្ឋមន្ត្រីស្នើទៅសភា សភាលោកអនុម័តសុំព្រះហស្តលេខាព្រះករុណា។ ក្រសួងមហាផ្ទៃគ្មានតួនាទីអីបញ្ជាគេ គេមិនស្ដាប់ទេ ហើយចំពោះថា មកពីនៅទីតាំងក្រសួងមហាផ្ទៃហ្នឹង វាមិនមែនទេ។ ប្រវត្តិសាស្ត្រតាំងពីអើយមក គ.ជ.ប ទើបបង្កើតឡើង ក្រសួងមហាផ្ទៃ សុខចិត្តអត់កន្លែងធ្វើការ កន្លែងហ្នឹងជូន គ.ជ.ប ទាំងអស់»។
នៅក្នុងនាទីពលរដ្ឋវិជ្ជារបស់វិទ្យុអាស៊ីសេរី ប្រធានអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា លើកឧទាហរណ៍ថា គ.ជ.ប នៅប្រទេសថៃ គេអនុញ្ញាតឱ្យគណបក្សនយោបាយអាចនៅគណៈកម្មការជ្រើសរើសបេក្ខជនសម្រាប់សមាជិកនៅក្នុង គ.ជ.ប ដោយតម្លាភាព ហើយ គ.ជ.ប នោះ គឺជា គ.ជ.ប ដែលគួរទុកចិត្ត។ ប៉ុន្តែលោកថា នៅប្រទេសកម្ពុជា ការជ្រើសរើសសមាជិក គ.ជ.ប ហាក់ដូចជាមានការលាក់លៀម ដែលធ្វើឱ្យ គ.ជ.ប ជាអាជ្ញាកណ្ដាល មិនគួរឱ្យទុកចិត្ត។
លោក គល់ បញ្ញា៖ «គេឱ្យព្រឹទ្ធសភាអនុម័ត គ.ជ.ប គេ ហើយបើសមាសភាពថ្នាក់ជាតិហ្នឹងមាំ ដល់គេរើស គ.ជ.ប ថ្នាក់ក្រោម ក៏អនុវត្តន៍នីតិវិធីអ៊ីចឹង។ បើកចំហឱ្យរើសមក អ្នកណាមានសមត្ថភាពដាក់មក។ គេមានគណៈកម្មការសម្ភាសន៍ ហើយគណបក្សគេចូលទៅឃ្លាំមើលរឿងហ្នឹង ហើយមានហេតុផលប្រាប់យើងថា ហេតុអីបានជាយើងអត់ជាប់។ គេធ្វើឱ្យគណបក្សប្រកួតប្រជែងមើលអាប៊ីត (អាជ្ញាកណ្ដល) ហ្នឹងសឹងថា វាអស់ចិត្ត។ គ.ជ.ប យើងរើសដូចសម្ងាត់អីអ៊ីចឹងទៅ ទោះបីថា យើងបាន គ.ជ.ប ហ្នឹងរាងគ្រាន់ ក៏អត់ ទុកចិត្តដែរ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា ការថ្លែងរបស់ប្រធានអង្គការ ខុមហ្វ្រែល គឺជាការលើកដដែលៗ យូរមកហើយ៖ «គាត់តែងតែលើកបញ្ហា ឧទាហរណ៍ថា គ.ជ.ប ហ្នឹងមិនឯករាជ្យទេ គ.ជ.ប មានគណបក្សនយោបាយ លម្អៀងគណបក្សនយោបាយ។ ប៉ុន្តែគាត់ដែលអះអាងថា អង្គការឯករាជ្យ គាត់តែងលើកអនុសាសន៍មក គ.ជ.ប ឱ្យបញ្ចូលគណបក្សទៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតទៅវិញ។ អ៊ីចឹងទេ ខ្ញុំគិតថាអ្វីដែលគាត់និយាយគ្រាន់តែជាគំនិតផ្ទាល់មួយទេ។ អ្វីដែលចង់ដឹងថា គ.ជ.ប ត្រូវរើសរបៀបម៉េច គឺគ្រាន់តែអនុវត្តន៍តាមច្បាប់ ហើយច្បាប់ហ្នឹងសភាអ្នកអនុម័ត គឺមិនមែន គ.ជ.ប អនុម័តខ្លួនឯងទេ។ សភាអ្នកអនុម័ត ហើយ គ.ជ.ប គ្រាន់តែត្រូវបង្កើតឡើងទេ ហើយរបៀបដែលជ្រើសរើសយ៉ាងម៉េច គឺយើងធ្វើតាមច្បាប់ទាំងអស់»។
ទាំងលោក ទេព នីថា និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុទ្ធតែបញ្ជាក់ដូចគ្នាថា នីតិវិធីនៃការជ្រើសរើសសមាសភាពសមាជិករបស់ គ.ជ.ប គឺបានអនុវត្តន៍ទៅតាមច្បាប់ដែលសភាបានអនុម័ត។ លោកទាំងពីរបន្តថា អ្វីដែលបានលើកឡើងដោយលោក គល់ បញ្ញា គឺគ្រាន់តែជាទស្សនៈបុគ្គលរបស់លោកប៉ុណ្ណោះ ហើយលោករិះគន់ដែរថា ថ្វីបើអង្គការខុមហ្វ្រែល ជាអង្គការឯករាជ្យក្ដី ក៏ប៉ុន្តែមិនមានអព្យាក្រឹត្យទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
