គណបក្សកាន់អំណាចចាត់ទុកគម្រោងបង្កើតចលនាសង្គ្រោះជាតិកម្ពុជា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺជាចលនាខុសច្បាប់។ រីឯសកម្មជនប្រឆាំង និងអ្នកវិភាគយល់ថា ការបង្កើតចលនានេះមិនខុសច្បាប់ និងផ្ដល់ក្តីសង្ឃឹមដល់អ្នកគាំទ្រឡើងវិញ ក្រោយរដ្ឋាភិបាលរំលាយបក្សប្រឆាំងកាលពីចុងឆ្នាំ២០១៧។
ថ្វីត្បិតតែគម្រោងនៃការបង្កើតចលនាសង្គ្រោះជាតិកម្ពុជា មិនទាន់ត្រូវបានបង្កើតជាផ្លូវក៏ដោយចុះ គណបក្សកាន់អំណាចបានវាយប្រហារ និងចោទប្រកាន់ភ្លាមៗថា ចលនានេះជាចលនាឧទ្ទាម។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតអង្គការណាមួយក្រៅច្បាប់ វាគឺជាសកម្មភាពបែបឧទ្ទាម ហើយកម្ពុជា មិនទទួលស្គាល់ជាផ្លូវការនោះទេ ទោះបីជាប្រទេសណាទទួលស្គាល់ក៏ដោយចុះ៖ «បាទ! អ៊ីចឹងការធ្វើសកម្មភាពទាំងអស់នេះ គឺសុទ្ធតែជាការល្មើសច្បាប់ ហើយកាន់តែដាក់បន្ទុកពិរុទ្ធភាពលើខ្លួនឯងតែប៉ុណ្ណោះទេ ព្រោះថានេះគឺនៅផ្ទៃក្នុងប្រទេស ត្រូវបានតុលាការកាត់សេចក្តីទៅតាមគោលការណ៍ច្បាប់ និងនីតិវិធីអស់ហើយ ដូច្នេះហើយវាគ្មានអីក្រៅតែពីធ្វើសកម្មភាពក្រៅច្បាប់នោះទ ដែលយើងហៅថា ឧទ្ទាមនិយម។ វាមានលទ្ធភាពធ្វើតែក្រៅប្រទេសនោះទេ តែក្នុងប្រទេសវាអត់មានឥទ្ធិពលអ្វីនោះទេ»។
ការលើកឡើងនេះ បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នាគ្រោងបង្កើតចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស។ សេចក្ដីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ ផ្សាយកាលពីថ្ងៃទី១២ ខែមករា ឲ្យដឹងថា ចលនាសង្គ្រោះជាតិនេះ បង្កើតឡើងដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ ទាមទារឲ្យមានការដោះលែងលោក កឹម សុខា អ្នកទោសមនសិការ និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ មេដឹកនាំនៃចលនាសង្គ្រោះជាតិនេះ ក៏អំពាវនាវឲ្យគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយចូលរួមជាមួយចលនារបស់ខ្លួន។
លោក សុខ ឥសាន ព្រមានថា ប្រសិនបើប្រជាពលរដ្ឋរូបណាចូលរួមក្នុងចលនានេះ ក៏ជាការរួមចំណែកខុសច្បាប់ដែរ។ លោកបន្ថែមថា ចំពោះពលរដ្ឋនៅក្រៅប្រទេសចូលរួមជាមួយចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើពួកគេហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈមមុខផ្លូវច្បាប់។
អាស៊ីសេរី មិនសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៣ ខែមករា ដោយទូរស័ព្ទរបស់លោកជាប់រវល់រហូត។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងប្រទេសវិញ យល់ថា ពួកគេស្វាគមន៍ចំពោះការបង្កើតចលនាសង្គ្រោះជាតិនេះ ដើម្បីបន្តសង្គ្រោះប្រទេសកម្ពុជា ដែលគេយល់ថា កំពុងវិលទៅរករបបផ្ដាច់ការ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក ម៉ៅ វិបុល លើកឡើងថា ប្រជាពលរដ្ឋនៅមូលដ្ឋាននឹងចូលរួមជាមួយចលនានេះ បន្ទាប់ពីអស់សង្ឃឹមមួយរយៈក្រោយរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ៖ «ចលនាសង្គ្រោះជាតិ គឺជាចលនារួមរបស់ប្រជាពលរដ្ឋ អ៊ីចឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចង់បានរបៀបនេះ គឺល្អ សម្រាប់កិច្ចការផ្សេង ដូចជាសព្វថ្ងៃនេះគាត់អត់មានអ្វីពឹងពាក់ទេ ព្រោះមានតែបក្សមួយជំហៀងអ៊ីចឹងនោះ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ យល់ថា ការបង្កើតចលនានេះគឺល្អសម្រាប់ស្ថានភាពនយោបាយបច្ចុប្បន្ន។ លោកការពារចលនានេះថា ស្របច្បាប់ ត្រឹមត្រូវ ព្រោះវាជាចលនាតស៊ូរកយុត្តិធម៌ដោយសន្តិវិធី៖ «បង្កើតចលនានេះ គឺល្អសម្រាប់ស្ថានភាពបច្ចុប្បន្ននេះ។ បើគាត់និយាយថា ចលនានេះខុសច្បាប់ គឺលក្ខខណ្ឌនៃការធ្វើចលនានេះ បែបហិង្សា តែចលនានេះ យើងធ្វើដើម្បីទាមទារឲ្យមានការដោះលែង ឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងគោរពសិទ្ធិមនុស្សនោះទេ»។
ការបង្កើតចលនាសង្គ្រោះជាតិនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនបានគេចពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលទៅរស់នៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាល បានចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីបក្សប្រឆាំង ១១៨នាក់ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ។ មុនបង្កើតចលនានេះ ថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនក៏បានធ្វើយុទ្ធនាការអំពាវនាវឲ្យប្រទេសលោកសេរីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឲ្យដោះស្រាយវិបត្តិនយោបាយដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ប្រសិនបើបក្សកាន់អំណាចគ្រាន់តែឮសូរគេបង្កើតចលនាហើយចោទគេថាខុសច្បាប់នោះ គឺហាក់ដូចជាលឿនពេកហើយ៖ «ខុសច្បាប់លុះត្រាតែយើងឃើញថា តើចលនានេះមានផ្ដល់ភស្តុតាងដូចជាទៅទម្លាក់រដ្ឋាភិបាលអី ឬយ៉ាងម៉េច? បើសិនចលនានេះ គ្រាន់តែជាចលនានយោបាយតវ៉ាដោយសន្តិវិធី ដោយផ្លូវច្បាប់អីទេនោះ រឿងនេះរដ្ឋាភិបាលក៏មិនអាចចោទគេថា ជាអ្នកខុសច្បាប់បានដែរ ព្រោះក្នុងរដ្ឋធម្មនុញ្ញ បានចែងច្បាស់ហើយសម្រាប់ការបង្កើតក្រុម ឬក៏សមាគមអ៊ីផ្សេងៗ»។
លោកបណ្ឌិត មាស នី យល់ថា ការបង្កើតចលនាស្របច្បាប់នេះ គឺជារឿងល្អមួយសម្រាប់គណបក្សសង្គ្រោះជាតិ ជាជាងនៅតែរង់ចាំការដាក់សម្ពាធពីអន្តរជាតិដែលនាំឲ្យមានការយឺតពេល ឬមិនសូវមានប្រសិទ្ធភាព ហើយធ្វើឲ្យកម្លាំងនៅខាងក្រោមកាន់តែអស់សង្ឃឹម ខណៈដែលគណបក្សតូចៗកំពុងទន្ទឹងរង់ចាំលាភសក្ការៈ ឬសំឡេងគាំទ្រពីពួកគេ៖ «ចលនានេះវាអាចជាជម្រើសមួយសម្រាប់ត្រៀមបង្កើតទៅជាគណបក្សថ្មីមួយ ដូចដែលសម្ដេចនាយកបានប្រកាស ឬក៏បង្ហើបពីពេលមុនក្នុងករណីដែលសម្ពាធពីអន្តរជាតិ មិនសូវមានប្រសិទ្ធភាព ឬមិនមានប្រសិទ្ធភាពតែម្ដង។ ខ្ញុំគិតថា វាអត់មានអីខុសទេ វាជាជម្រើសល្អមួយដែរសម្រាប់ដំណើរការនយោបាយក្នុងស្រុកយើង»។
សមាសភាពដឹកនាំចលនាសង្គ្រោះជាតិនេះ គឺមានឈ្មោះលោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។ ទោះយ៉ាងណា ចលនានេះនៅមិនទាន់ឃើញកំណត់អំពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងទីតាំងច្បាស់លាស់នៅឡើទេ ដោយពួកគេគ្រាន់តែបង្ហើបថា នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ ចលនានេះ នឹងមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។