ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ វែកមុខជនដៃដល់ករណីបង្ករបួសស្នាមលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
នាយកកម្មវិធី និងផែនការនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី ប្រចាំទីក្រុងហុងកុង លោក បាស៊ីល ហ្វើណាន់ដូ (Basil Fernando) ចាត់ទុកការប្រើអំពើហិង្សាទៅលើក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកើតមានក្នុងប្រទេសកម្ពុជា គឺជាអសន្តិសុខសង្គមធ្ងន់ធ្ងរ ហើយរុញច្រានស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ឱ្យធ្លាក់ទៅក្នុងភាពអាក្រក់បំផុត។
លោក បាស៊ីល បន្តថា អាជ្ញាធរកម្ពុជា ត្រូវវែកមុខជន់ដៃដល់ និងអ្នកនៅពីក្រោយនៃការរៀបចំឲ្យមានអំពើហិង្សានេះ៖ «ស្ថានភាពនៃការចោមរោមបង្ករបួសស្នាមលើតំណាងរាស្ត្រដោយក្រុមបាតុករវាជាការរំលោភធ្ងន់ធ្ងរទៅលើសភាប្រជាធិបតេយ្យខ្លួនឯងទៅវិញទេ ហើយវាក៏ជាគំរាមកំហែងមួយទៅដល់រដ្ឋសភាទាំងមូល។ អាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ទៅលើក្រុមជនដៃដល់ អ្នកកាងពីក្រោយ និងបើកមុខអ្នករៀបចំឲ្យមានការវាយប្រហារនេះ»។
លោក បាស៊ីល ហ្វើណាន់ដូ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទ ទី២៦ ខែតុលា ថា កិច្ចការពារសុវត្ថិភាពអ្នកតំណាងរាស្ត្រគឺជាកាតព្វកិច្ចរបស់សមត្ថកិច្ចរដ្ឋាភិបាល។
ក្រុមបាតុករដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចកាលពីថ្ងៃច័ន្ទ បាននាំគ្នាស្រែកទាមទារនៅមុខអគាររដ្ឋសភាឲ្យដកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។
ស្របពេលជាមួយគ្នានោះដែរ បាតុករខ្លះដែលមានចងកន្សែងបិទមុខ មិនឲ្យស្គាល់អត្តសញ្ញាណបានចាប់អូសតំណាងគណបក្សសង្គ្រោះជាតិ ពីររូប គឺលោក គង់ សុភា និងលោក ញ៉យ ចំរើន ចេញពីរថយន្ត ហើយព្រួតគ្នាចោមរោមវៃទាត់ធាក់យ៉ាងសាហាវ បណ្ដាលឱ្យរងរបួសជាទម្ងន់ ដួលសន្លប់នៅនឹងកន្លែង។
បាតុកម្មហិង្សានេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៥ តុលា ថា បាតុកម្មប្រឆាំងនឹងរូបលោកនៅបារាំង គឺជាសិទ្ធិប្រជាពលរដ្ឋ។ លោក ហ៊ុន សែន បាននិយាយភ្ជាប់ថា ចំណែកបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ពលរដ្ឋដូចគ្នា។
នៅក្នុងប្រទេសបារាំង លោក ហ៊ុន សែន ថ្លែងថា៖ «បើលេងកុំខឹង បើខឹងកុំលេង បើគេលេងនៅភ្នំពេញវិញកុំខឹងនឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងជាអនុប្រធានសភាទៀត»។
ជុំវិញអំពើហិង្សានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ទម្រង់នៃការធ្វើបាតុកម្មហិង្សាកាលពីថ្ងៃច័ន្ទ គឺមានភាពអំណោយផល ហើយដែលខុសគ្នាខ្លាំងពីទម្រង់នៃការធ្វើបាតុកម្មរបស់ក្រុមបក្សប្រឆាំង ឬក្រុមសកម្មជនដីធ្លី។
អ្នកស្រីហៅការវាយធ្វើបាបតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅពេលនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «វាជាព្រឹត្តិការណ៍មួយដែលគួរឲ្យសោកស្ដាយ ហើយសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសូមថ្កោលទោសរាល់ទម្រង់នៃការប្រើអំពើហិង្សា ហើយបាតុកម្មដែលមានដៅទិសទៅរករដ្ឋាភិបាលហ្នឹងតែងមានការរារាំង និងការបង្ក្រាប។ ប៉ុន្តែបាតុកម្មកាលពីព្រឹកមិញនេះក៏សាលាក្រុងអះអាងថា មិនមានច្បាប់អនុញ្ញាតនោះដែរ តែបាតុកម្មនោះនៅតែអាចប្រព្រឹត្តទៅបានហើយរហូតឈានដល់ការប្រើអំពើហិង្សាទៅទៀតហ្នឹង ហើយគ្មានការទប់ស្កាត់ទៅទៀត។ ខ្ញុំឃើញការអនុវត្តច្បាប់នៅស្រុក យើងមានស្តង់ដារពីរ»។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីបំភ្លឺពីក្រសួងមហាផ្ទៃ បានទេជុំវិញចំណាត់ការករណីអំពើហិង្សាលើក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិនេះ។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា បាតុកម្មដែលកើតឡើងកាលពីថ្ងៃច័ន្ទ ទី២៦ ខែតុលា មិនមែនធ្វើដោយគណបក្សប្រជាជនកម្ពុជា នោះទេ។
រហូតមកទល់ពេលនេះ របួសលោក ញ៉យ ចំរើន និងលោក គង់ សុភា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក ញ៉យ ចំរើន មានប្រសាសន៍ទាំងការឈឺចុកចាប់មុខរបួសដ៏ធ្ងន់ធ្ងរពេញរាងកាយថា ទោះបីលោកតែងរងការវាយធ្វើបាបយ៉ាងណាក៏ដោយ ក៏លោកនៅតែតស៊ូបំពេញការងារបម្រើផលប្រយោជន៍រាស្ត្រជាបន្តទៅទៀត ដោយមិនចុះចាញ់ឡើយ។
លោក ញ៉យ ចំរើន៖ «ខ្ញុំរងរបួសជាទម្ងន់នៅពេលនេះ ហើយលទ្ធផលចេញជាផ្លូវការហើយ គឺថា បាក់ឆ្អឹងដៃខាងស្ដាំពីរកំណាត់ ហើយបែកខ្ទង់ច្រមុះផ្នែកខាងលើ ហើយបែកភ្នែកខាងស្ដាំនេះមិនទាន់មើលឃើញផងនៅឡើយទេ ព្រោះបែកខ្លាំង។ រីឯចុងដង្ហើមនៅចុកនៅឡើង ព្រោះវាកន្ត្រំខ្លាំងពេក ហើយកំពុងស្ថិតក្រោមការព្យាបាលរបស់ពេទ្យ។ សូមឲ្យពលរដ្ឋទាំងអស់គ្នាមានស្មារតីរឹងមាំបន្តទៀត ហើយខ្ញុំនឹងតស៊ូដើម្បីជាតិលុះដង្ហើមចុងក្រោយ»។
កាលពីឆ្នាំ២០១៤ លោក ញ៉យ ចំរើន ធ្លាប់ត្រូវបានកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលប្រើអំពើហិង្សាវ៉ៃធ្វើបាបឲ្យរបួសយ៉ាងធ្ងន់ធ្ងរម្ដងរួចទៅហើយ ខណៈដែលគណបក្សសង្គ្រោះជាតិ បើកយុទ្ធនាការឃោសនាបោះឆ្នោតបង្កើតក្រុមប្រឹក្សាស្រុក និង ខណ្ឌ។
ជុំវិញបញ្ហានេះ លោក ទូច វិបុល ប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានមូលដ្ឋានក្នុងរដ្ឋ ណ័រស៍ ឃែរ៉ូឡាយណា (North Carolina) អះអាងថា លោកនឹងប្ដឹងទៅសភាសហរដ្ឋអាមេរិក ឲ្យដាក់សម្ពាធទៅលើក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើយ៉ាងណាយកចិត្តទុកដាក់ក្នុងការរក្សាសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ-អាមេរិក ដែលកំពុងមានវត្តមាននៅកម្ពុជា។
ទន្ទឹមគ្នានេះ ក្រុមរបស់លោកក៏នឹងជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្នើឲ្យមានការស៊ើបអង្កេតដើម្បីនាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៖ «ក្នុងនាមយើងជាអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គឺថា យើងមានការចាប់អារម្មណ៍ដោយសារលោក ញ៉យ ចំរើន គាត់មានសញ្ជាតិអាមេរិកាំង ផងដែរ។ យើងនឹងចេញជាសេចក្ដីថ្លែងការណ៍ដាក់ទៅសភាសហរដ្ឋអាមេរិក ដើម្បីស្វែងរកលទ្ធភាពក្នុងការដាក់សម្ពាធទៅក្រសួងការបរទេសអាមេរិក ក្នុងការចាត់វិធានការនានា ក្នុងការធានាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋអាមេរិកាំង ដែលគាត់ទៅធ្វើការនៅប្រទេសកម្ពុជា»។
ចំណែកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាវិញ បានស្នើសុំអោយអាជ្ញាធរធ្វើការស៊ើបអង្កេតអោយបានពេញលេញ និងប្រកបដោយតម្លាភាព ចំពោះការវាយដំលើអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងពីរនេះ ដើម្បីរក្សារបៀបរៀបរយនៅរដ្ឋសភា និងដើម្បីធានាសុវត្ថិភាពរបស់អ្នកនយោបាយពីគ្រប់គណបក្សទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។