អ្នក​វិភាគ៖ របង​លំនៅឋាន​ពលរដ្ឋ​អាច​រក្សា​ព្រំដែន​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន

អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ អះអាង​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង។
ដោយ ដែន អយុធ្យា
2013-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាស៊ីណូ​នៅ​ជាប់​ច្រក​ទ្វារ​ជាំសាងុំា ៣០៥
១៩-កុម្ភៈ-២០១៣៖ សំណង់​កាស៊ីណូ​នៅ​ជាប់​ច្រក​ទ្វារ​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។
RFA/Den Ayuthea

ការ​អះអាង​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​តាម​ព្រំដែន​ត្អូញត្អែរ​ថា មាន​ប្រទេស​ជិត​ខាង​កម្ពុជា បាន​លួច​រំកិល​បង្គោល​ព្រំដែន ឬ​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា។

អ្នក​វិភាគ​បញ្ហា​សង្គម និង​ពលរដ្ឋ​អះអាង​ថា របង​ការពារ​ព្រំដែន​ដែល​រឹងមាំ គឺ​របង​ដែល​ធ្វើ​ឡើង​ពី​មនុស្ស និង​កន្លែង​រស់នៅ​របស់​ពួក​គេ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា វិធាន​ការ​ការពារ​ទឹកដី​តាម​ព្រំដែន​មិន​ឲ្យ​បរទេស​រំលោភ ឬ​រំកិល​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព គឺ​រដ្ឋាភិបាល​គប្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ឲ្យ​មាន​គ្រប់​ ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។

លោក​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក ភ្លើង សាលារៀន ឬ​មន្ទីរពេទ្យ​តាម​បន្ទាត់​ព្រំដែន និង​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន មាន​សេដ្ឋកិច្ច​ដំណើរ​ការ គឺ​អាច​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង មាន​ប្រសិទ្ធភាព​ជាង​ការ​បោះ​កំណត់​បង្គោល​ថ្ម ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​សព្វថ្ងៃ។

ទាក់​ទិន​បញ្ហា​នេះ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឬ​ព្រំដែន​វៀតណាម បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​ខ្មែរ ហាក់​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​តាំង​ទី​លំនៅ​តាម​ព្រំដែន ឬ​ក៏​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​មាន​សេដ្ឋកិច្ច​ដំណើរ​ការ​ទេ។ ផ្ទុយ​ទៅវិញ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បាន​វិនិយោគ​ដីធ្លី​តាម​ព្រំដែន​ទៅ​ឲ្យ​ឈ្មួញ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ព្រំដែន​ទៅ​វិញ​ទេ។ នេះ​ជា​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ម្តុំ​ច្រក​ទ្វារ​ជាំសាងុំា។

ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ៣០៥
១៩-កុម្ភៈ-២០១៣៖ ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ។ RFA/Den Ayuthea

ដូច​គ្នា​ដែរ លោក កែវ សុធារ៉ា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត រស់នៅ​ច្រក​ព្រំដែន​ច្រក​ជាំសាងុំា ស្ថិត​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឲ្យ​ដឹង​ថា តាម​ការ​អង្កេត​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មក​នេះ ប្រទេស​ថៃ បាន​លួច​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ម្តុំ​ច្រក​ព្រំដែន​នេះ​ប្រមាណ ២០០​ម៉ែត្រ ហើយ​ថា ការ​រំកិល​ព្រំដែន​នេះ អាជ្ញាធរ​ខ្មែរ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ភាគី​ថៃ ម្តង​ណា​ទេ គឺ​ថៃ ក្រឡុក​តាម​អំពើ​ចិត្ត។

ពលរដ្ឋ​រូប​នេះ​មើល​ឃើញ​ថា កន្លង​មក​ភាគី​ថៃ អាច​អភិវឌ្ឍ​ស្ថាបនា​ផ្លូវ​កៅស៊ូ ឬ​សំណង់​រឹងមាំ​នៅ​តាម​ព្រំដែន តាម​អ្វី​ដែល​ពួក​គេ​ចង់​អភិវឌ្ឍ។ ប៉ុន្តែ​ដោយ​ឡែក​រដ្ឋាភិបាល​កម្ពុជា ឬ​អាជ្ញាធរ​ខ្មែរ នៅ​តាម​ព្រំដែន មិន​អាច​អភិវឌ្ឍ​ដូច​ថៃ ទេ ព្រោះ​ថៃ មិន​អនុញ្ញាត ហើយ​អាជ្ញាធរ​ខ្មែរ​ខ្លាច​មិន​ហ៊ាន​តវ៉ា​ជាមួយ​ភាគី​ថៃ។ លោក​ថា សព្វ​ថ្ងៃ​នេះ​នៅ​តាម​ច្រក​ព្រំដែន មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​ដែល​មិន​អាច​សង់​លំនៅឋាន​រស់​នៅ សូម្បី​តែ​សមត្ថកិច្ច​រដ្ឋាភិបាល​តាម​ប៉ុស្តិ៍​ព្រំដែន ក៏​មិន​ហ៊ាន​សង់​ប៉ុស្តិ៍ ឬ​កន្លែង​ធ្វើ​ការ​ឲ្យ​បាន​រឹងមាំ​ដូច​ភាគី​ថៃ ទេ ព្រោះ​ខ្លាច​ត្រូវ​ថៃ គំរាម និង​មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ថៃ។

ទាក់​ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន ពិត​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​រក្សា​អធិបតីភាព បូរណភាព​ទឹកដី កម្ពុជា មិន​ឲ្យ​បរទេស​លួច​រំកិល​ព្រំដែន​ពិត​មែន។ ក្នុង​នោះ​យុទ្ធសាស្ត្រ​សាងសង់​កាស៊ីណូ តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​បរទេស ​ចូល​ទឹកដី​កម្ពុជា។

តាម​លោក ហ៊ុន សែន រាជ​រដ្ឋាភិបាល​បាន​គិត​រួច​ហើយ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​ព្រំដែន ដើម្បី​ទប់​ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​ណា​មួយ។

យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​សង្គម​ឯករាជ្យ បាន​អះអាង​ថា បញ្ហា​ព្រំដែន រដ្ឋាភិបាល​គួរ​ឲ្យ​បើក​ការ​ពិភាក្សា​ជា​សាធារណៈ និង​មាន​ការ​ចូល​រួម​ពី​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល ឬ​គណបក្ស​ប្រឆាំង​ជាដើម បាន​រួម​ជា​មតិ​យោបល់ ឬ​ផ្តល់​ឯកសារ​ឲ្យ​បាន​ទូលំទូលាយ។

បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ថា របង​ការពារ​ព្រំដែន​ដែល​អាច​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន ឬ​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន​បាន គឺ​រដ្ឋាភិបាល​គួរ​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​សង់​លំនៅឋាន​រស់នៅ​តាម​ព្រំដែន​ឲ្យ​បាន​ ច្រើន ជា​ជាង​វិនិយោគ ឬ​លក់​ដី​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​ការ​អភិវឌ្ឍ។

ពាក់ព័ន្ធ​ការ​រំលោភ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​នេះ​ដែរ សម្រាប់​កវី​និពន្ធ​ក៏​បាន​ចង​ក្រង​ជា​បទ​ចំរៀង​បង្ហាញ​ពី​ការ​បាត់​បង់​ ទឹកដី​នេះ​ឡើង មាន​ចំណង​ជើង​ថា "នាគ​ព័ន្ធ​អស់​ពិស"។ នាគ​ព័ន្ធ​អស់​ពិស ត្រូវ​បាន​អ្នក​និពន្ធ​រៀប​រាប់​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា ទៅ​ឲ្យ​ប្រទេស​ជិត​ខាង មាន​ថៃ និង​វៀតណាម ជាដើម។

ត្រង់​ចំណុច​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​ទស្សនៈ​ថា បញ្ហា​ព្រំដែន ឬ​ការ​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង រដ្ឋាភិបាល​ត្រូវ​លើក​យក​ទៅ​ឲ្យ​អន្តរជាតិ​ជួយ​រក​ដំណោះ​ស្រាយ និង​ពិសេស​ត្រូវ​លើក​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ធ្វើ​ជា​មូលដ្ឋាន។

បញ្ហា​ឈ្លាន​ពាន​នេះ មិន​មែន​កើត​មាន​តែ​ជាមួយ​ថៃ ទេ ដោយ​ឡែក​បញ្ហា​កើត​មាន​ជាមួយ​វៀតណាម ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បញ្ហា​រំលោភ​បំពាន​កើត​មាន​ជាមួយ​ថៃ ដែរ។ បញ្ហា​នេះ​ក៏​មាន​បកស្រាយ​នៅក្នុង​អត្ថន័យ​នៃ​បទ​ចំរៀង បកស្រាយ​ដោយ​លោក ចឹង សៀងសំណង មាន​ចំណង​ជើង "នាគ​ព័ន្ធ​អស់​ពិស" ផង​ដែរ។

បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា អាជ្ញាធរ​ខ្មែរ​នៅ​តាម​ព្រំដែន​វៀតណាម និង​ថៃ ពិសេស​រដ្ឋាភិបាល​ដែល​បាន​បណ្តោយ​បរទេស​ចូល​ឈ្លាន​ពាន​ទឹកដី​ខ្មែរ មិន​ហ៊ាន​តវ៉ា ពិសេស​សកម្មភាព​បោះ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក បាន​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​ដូន​តា​ពួក​គាត់​ជាច្រើន​ហិកតារ និង​មិន​ទាន់​ឃើញ​មាន​ថ្នូរ​ជូន​ពួក​គាត់ ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​បាន​លើក​ឡើង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Romeo

ពី ភភ

ធ្វើរបងអីបាន បើសូម្បីតែភាគីថៃ ក៏មិនឲ្យ​សាងសង់លំនៅដ្ឋាន​ខ្មែរ លើដីខ្មែរផងហ្នឹង!

Feb 22, 2013 06:38 AM

អ្នក​អាន​អនាមិក

ពី Melbourne

Why RFA Khmer Service need to change the way it presented the written news? It's hard to read and follow the news. Change it back!

Feb 20, 2013 05:27 PM

Romeo

I agree!

Feb 22, 2013 06:39 AM