មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចថា បន្តខ្ចីលុយពីចិនរាប់រយលានដុល្លារនោះ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សុំខ្ចីប្រាក់ពីប្រទេសចិនចំនួន ពី ៥០០ ទៅ ៧០០លានដុល្លារទៀតក្នុង១ឆ្នាំ នៅពេលដែលលោកជួបប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា នៅប្រទេសចិន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ហៅការបង្កើនបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជារឿងគួរឲ្យព្រួយបារម្ភ។
អនុប្រធានគណៈកម្មការធនាគារហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា មានប្រសាសន៍ថា កម្ពុជាមិនគួរណាខ្ចីបុលបរទេសច្រើនពេកទេ ជាពិសេសប្រទេសចិនតែម្ដង ព្រោះចិនឲ្យលុយកម្ពុជាខ្ចីដោយសម្លឹងឃើញធនធានធម្មជាតិ និងមិនខ្វល់ថាកម្ពុជាជួបប្រទះនឹងបញ្ហាអ្វីឡើយ។ លោករកឃើញថា កម្ពុជាជំពាក់បំណុលបរទេសប្រមាណជាង ៩ពាន់លានដុល្លាររួចទៅហើយ បើជំពាក់គេបន្តទៀតប្រទេសនេះនឹងរឹតតែវ័ណ្ឌក ហើយអ្នកដែលរ៉ាប់រងសងបំណុលចិនទៅថ្ងៃមុខជាកូនចៅខ្មែរជំនាន់ក្រោយ។
លោកបញ្ជាក់ថាបើបំណុលចេះតែកើនឡើង កុំសង្ឃឹមថាជីវភាពពលរដ្ឋអាចប្រសើរឡើង នៅពេលកម្ពុជា រុករកប្រេងកាតបានឲ្យសោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពច្រើនក្នុងការបង្កើនថវិកាជាតិ ជាជាងខ្ចីលុយបរទេស៖ «ខ្ញុំយល់ថា រដ្ឋាភិបាលមានជម្រើសជាជាងការខ្ចីលុយពីប្រទេសចិន រដ្ឋាភិបាលគ្រាន់តែពង្រឹងការប្រមូលពន្ធដែលតាមការសិក្សាស្រាវជ្រាវច្បាស់លាស់បញ្ជាក់ថា ការប្រមូលពន្ធសព្វថ្ងៃគឺបាត់ប្រមាណ ១០ % នៃផលិតផលក្នុងស្រុកសរុប។ បើគិតជាទឹកប្រាក់គឺបាត់ ១៩ពាន់លានដុល្លារក្នុង១ឆ្នាំៗ»។
សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៥ បង្ហាញថាកម្ពុជាត្រូវការប្រាក់ប្រមាណជិត ៤ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍ជាតិ។ កម្ពុជាដល់ពេលហើយដែលត្រូវសងបំណុលបរទេសក្នុង១ឆ្នាំប្រមាណ១រយលានដុល្លារសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាកាប៉េ (AKP) បានផ្សាយថា ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង លោក ហ៊ុន សែន សុំឲ្យចិនបើកចំហទីផ្សារអង្ករសម្រាប់កម្ពុជា និងជំរុញទេសចរចិន ឲ្យមកទស្សនានៅកម្ពុជា ឲ្យបានច្រើន។ អ្វីដែលសំខាន់ជាងគេបង្អស់នោះគឺ លោក ហ៊ុន សែន សុំខ្ចីលុយប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ពី ៥០០លានដុល្លារ ទៅ ៧០០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទោះជាយ៉ាងណាក្ដី មិនមានព័ត៌មានណាមួយផ្សាយថា ជំនួបលើកនេះ ចិនផ្តល់ជំនួយជាក់ស្ដែងឲ្យប្រទេសកម្ពុជា ប៉ុន្មានឡើយ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ចិនមិនអាចអត់កម្ពុជាបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនក៏មិនអាចអត់ពីចិនបានដែរ។ ចិនចង់ឈរជើងនៅអាស៊ាន ខណៈដែលបក្សកាន់អំណាចចង់បានលុយដើម្បីកសាងសមិទ្ធផលបង្អួតរាស្ត្រ។
លោកបន្តថា កម្ពុជាត្រូវបើកចំហជើងមេឃទំនាក់ទំនងអន្តរជាតិជាជាង គិតតែពីខ្ចីលុយចិន៖ «បើខ្ចីពីធនាគារពិភពលោក ឬប្រទេសអឺរ៉ុប ជាជំនួយមានចំណង។ ចំណងសិទ្ធិមនុស្ស ចំណងលទ្ធិប្រជាធិបតេយ្យ ឯខ្ចីលុយចិនគឺឥតចំណង។ បំណងរបស់ចិន គឺឈរជើងនៅក្នុងអាស៊ាន រាល់វិនិយោគនៅកម្ពុជា មិនឈ្នះចិនទេ។ កម្ពុជាត្រូវការទំនាក់ទំនងជាអន្តរជាតិ»។
សព្វថ្ងៃនេះក្រុមហ៊ុនចិន នាំមុខគេក្នុងការវិនិយោគនៅកម្ពុជា។ វិនិយោគចិនភាគច្រើនលើដីសម្បទានសេដ្ឋកិច្ច វារីអគ្គិសនី រោងចក្រកាត់ដេរ និងការរុករករ៉ែ។ ប្រទេសចិនមានគោលនយោបាយផ្ដល់ជំនួយទៅកាន់ប្រទេសក្រីក្រ ដោយមិនគិតលក្ខខណ្ឌឡើយ ប៉ុន្តែជំនួយចិនជាជំនួយមានបំណង។ ចិនឲ្យលុយប្រទេសនោះមែន តែក្រុមហ៊ុនចិនចាំបាច់ត្រូវតែបានសិទ្ធិ ពិសេសដើម្បីរកស៊ីក្នុងប្រទេសនោះ។ ចិនមិនខ្វល់ឡើយលើការរំលោភបំពានសិទ្ធិមនុស្ស ឬបំផ្លាញធនធានធម្មជាតិ ក្នុងប្រទេសដែលក្រុមហ៊ុនចិនរកស៊ី។ ចិនខ្វល់តែម្យ៉ាងគត់គឺធ្វើយ៉ាងណាឲ្យប្រទេសចិនបានចំណេញពីការរុករកធនធានធម្មជាតិរបស់ប្រទេសកូនបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
