អ្នកឃ្លាំមើលបញ្ហាព្រំដែន និងអ្នកនយោបាយគណបក្សប្រឆាំង ឆ្លើយតបភ្លាមៗជុំវិញប្រមុខរដ្ឋាភិបាលថ្លែងការពារពីការចោទប្រកាន់ថា ប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ក្រុមអ្នកតាមដានរឿងព្រំដែន ចាត់ទុកសារនយោបាយថ្លែងបដិសេធរបស់ លោក ហ៊ុន សែន ថាជារឿងប្រឌិត និងខុសពីការពិតទាំងស្រុង។
បញ្ហារឿងកំណត់ព្រំដែនជាមួយប្រទេសវៀតណាម នៅតែជាចំណុចរសើប និងបន្តខ្វែងគំនិតគ្នា ដោយភាគីខាងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចោទរដ្ឋាភិបាលថា ការបោះបង្គោលព្រំដែននេះធ្វើឲ្យទឹកដីកម្ពុជា ត្រូវបាត់បង់ទៅប្រទេសវៀតណាម។ ដោយឡែកពីខាងភាគីរដ្ឋាភិបាលវិញ ថ្លែងការពារថា ខ្លួនក៏ជាអ្នកដែលចេះស្រឡាញ់ទឹកដី និងអ្វីៗដែលកម្ពុជា មានដែរ។
ភាពរង្គោះរង្គើឡើងវិញអំពីរឿងព្រំដែននេះ កើតមានឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកឃ្លាំមើលរឿងព្រំដែនរកឃើញថា រដ្ឋាភិបាលកម្ពុជា ពិតជាមិនខ្វាយខ្វល់ចំពោះការរំកិលព្រំដែននៅតាមតំបន់មួយចំនួនពីសំណាក់ភាគីវៀតណាម ម្ដងហើយម្ដងទៀតនោះទេ។ ការថ្លែងរិះគន់នេះ ធ្វើឡើងខណៈដែល លោក ហ៊ុន សែន ថ្លែងនៅក្នុងវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ មិថុនា ហើយលោកឆ្លៀតព្រមានទៅអ្នករិះគន់រដ្ឋាភិបាល និងរហូតបបួលស្បថស្បែឲ្យរន្ទះបាញ់ថែមទៀតផង។
បើទោះជាបែបនេះក៏ដោយចុះ លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឆ្លើយតបថា ការពិតអ្វីដែល លោក ហ៊ុន សែន ប្រតិកម្មប្រឆាំងអ្នករិះគន់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងរឿងព្រំដែននេះ គឺមិនត្រឹមត្រូវឡើយ។ លោក អ៊ុំ សំអាន ដែលមួយរយៈចុងក្រោយនេះ បានលាតត្រដាងពីការបាត់បង់ទឹកដីមួយផ្នែកធំនៅខេត្តកំពត ទៅវិញនោះអះអាងទៀតថា នេះជាការបំភ្លៃការពិតចំពោះប្រវត្តិសាស្ត្រខ្លួនឯង ហើយថែមទាំងព្យាយាមមិនទទួលខុសត្រូវរាល់កំហុសដែលកើតមានឡើង ចំពោះរឿងព្រំដែននេះទៀតផង៖ «ប្រសាសន៍របស់គាត់ហ្នឹង គឺមិនត្រឹមត្រូវទេ ព្រោះគាត់និយាយនេះ គឺបំភ្លៃការពិតហើយ។គាត់ក៏ដឹងដែរថា សន្ធិសញ្ញាឆ្នាំ១៩៨៥ មានផែនទីភ្ជាប់ចំនួន ៦៦ផ្ទាំង»។
នេះជាប្រតិកម្មដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងព្រំដែន។ លោក ហ៊ុន សែន អះអាងថា ការចោទប្រកាន់របស់ក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាល ថាប្រើប្រាស់ផែនទីក្លែងបន្លំដើម្បីកំណត់ព្រំដែនជាមួយវៀតណាម នោះ គឺពុំអាចទទួលយកបានឡើយ។ បន្ថែមពីលើនេះ លោក ហ៊ុន សែន ហៅការខ្វល់ខ្វាយចំពោះក្រុមអ្នករិះគន់ទាំងនេះ ថាស្នេហាជាតិអីតែម្នាក់ឯង។ ក្រៅពីនេះ លោក ហ៊ុន សែន ថែមទាំងទាមទារស្បថឲ្យរន្ទះបាញ់ថែមទៀតផង ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធរឿងអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ៖ «រហូតហ៊ានចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ។ អ្នកណាក្លែងក្លាយ អ្នកណាមិនក្លែងក្លាយ និយាយគ្នាឲ្យច្បាស់។ ធ្វើដល់រដ្ឋាភិបាល មកប្រើផែនទីក្លែងក្លាយ។ ស្នេហាជាតិអីតែលោកឯង»។
ក្រៅពីប្រតិកម្មនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់ផ្សាយឡើងវិញ ចំពោះការបកស្រាយព្រំដែនដែលលោកថ្លែងនៅក្នុងរដ្ឋសភាជាង ៥ម៉ោងកាលពីខែសីហា ឆ្នាំ២០១២។ បើទោះជាបែបណា សារនយោបាយកាលណោះរបស់ លោក ហ៊ុន សែន ត្រូវបានក្រុមអ្នកឃ្លាំមើលព្រំដែនយល់ឃើញថា ភាគច្រើន គឺលោក ហ៊ុន សែន ដៀមដាមឲ្យគណបក្សប្រឆាំងច្រើនជាងបកស្រាយផ្នែកបច្ចេកទេស។ លើសពីនេះ លោកបានបកស្រាយដោយពុំបានផ្ដល់ឱកាសឲ្យមានការជជែកដេញដោលពីគណបក្សប្រឆាំងថែមទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីជំហរថា តាមរយៈការបោះបង្គោលព្រំដែននេះ នឹងធ្វើឲ្យកម្ពុជា ត្រូវចំណេញដីទៅវិញទេ ហើយក៏ពុំមានការបាត់បង់ភូមិ ឬដីទៅវៀតណាម ទេ ហើយអ្វីដែលមានបញ្ហានោះនៅត្រង់ថា មានការដោះដូរគ្នានៅតំបន់ខ្លះប៉ុណ្ណោះ។
លោក អ៊ុំ សំអាន នៅតែអះអាងថា រដ្ឋាភិបាលបច្ចុប្បន្ន គឺពិតជាបានប្រើប្រាស់ផែនទីក្នុងអំឡុងឆ្នាំ១៩៨៥ ដែលកម្ពុជា និងវៀតណាម ចុះកិច្ចព្រមព្រៀងជាមួយគ្នា។ លោកបន្ថែមថា គណបក្សប្រឆាំងទាមទារម្ដងជាពីរដងឲ្យរដ្ឋាភិបាលបង្ហាញផែនទីនេះ ថាតើរដ្ឋាភិបាលពិតជាប្រើប្រាស់ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ផលិតក្នុងឆ្នាំ១៩៦៤ មែនឬយ៉ាងណា?

ដោយឡែក លោក អៀ ចាន់ណា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថា រដ្ឋាភិបាលពិតជាពុំមានសមត្ថភាពពេញលេញក្នុងការការពាររឿងទឹកដីនេះមែន។ ជាងនេះទៀត លោកយល់ឃើញថា ការព្យាយាមថ្លែងការពាររបស់ លោក ហ៊ុន សែន ចំពោះភាពស្អាតស្អំនេះ គឺដើម្បីបិទបាំងការពិតចំពោះភាពខុសឆ្គងរបស់លោកប៉ុណ្ណោះ។ លោក អៀ ចាន់ណា បន្ថែមទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាម ចេះតែព្យាយាមរំកិលព្រំដែនចូលមកកម្ពុជា តាមលទ្ធភាព និងគ្រប់រូបភាព ក៏ប៉ុន្តែក្រុមសមត្ថកិច្ចការពារខ្សែបន្ទាត់ព្រំដែន ហាក់មិនខ្វាយខ្វល់ និងការពារឡើយ៖ «ការនិយាយនេះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតនូវទង្វើរបស់គាត់ទាល់តែសោះ។ គាត់មិនដែលបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានឃើញថា គាត់ក៏ជាខ្មែរមួយរូប គាត់ក៏ចេះស្រលាញ់ជាតិដែរនោះគ្មានការបង្ហាញថា គាត់បានការពារទឹកដីទេ»។
ជុំវិញរឿងនេះ លោក អ៊ុំ សំអាន លើកឡើងថា លោក វ៉ា គឹមហុង ធ្លាប់ទទួលស្គាល់កាលពីឆ្នាំ២០០០ ក្នុងពេលលោកចូលឆ្លើយនៅក្នុងរដ្ឋសភា ហើយថា តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមនេះ នឹងធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីប្រមាណជាង ១ម៉ឺនហិកតារ (១៦.៩០០) ទៅវៀតណាម មែន។ លោកបន្ថែមថា មូលហេតុដែលនាំឲ្យកម្ពុជា ត្រូវប្រឈមការបាត់បង់ទឹកដីនេះ ព្រោះថា កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានស្នើឲ្យព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ លុបចោលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ព្រំដែន ដែលដឹកនាំដោយព្រះមហាវីរៈក្សត្រផ្ទាល់។ ការស្នើសុំរបស់ លោក ហ៊ុន សែន កាលណោះស្របពេល លោក ហ៊ុន សែន ក៏ព្រមានផ្លាស់ប្ដូររបបពីរាជានិយមមកជារបបសាធារណៈរដ្ឋវិញដែរ ប្រសិនបើព្រះមហាក្សត្របន្តជំទាស់មិនទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។