នាយករដ្ឋមន្ត្រី​អះអាង​ថា​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​មិន​ត្រូវ​ការ​បក្ស​ប្រឆាំង

នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​រយៈ​ការ​ចុះ​ទៅ​ជួប​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្ដាល គឺ​ជា​មណ្ឌល​ដែល​លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ។ នៅ​ទី​នោះ លោក ហ៊ុន សែន បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ថា នឹង​ពុំ​មាន​ការ​ជាប់​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឡើយ។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​អាសនៈ​ច្រើន​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត នឹង​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ងាយ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ក៏ដោយ។

ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​សីហា លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល នឹង​មិន​ជាប់​គាំង​ឡើយ។ លោក ហ៊ុន សែន សម្អាង​ថា រដ្ឋធម្មនុញ្ញ​ដែល​បាន​ឆ្លង​កាត់​វិសោធនកម្ម​ជា​ច្រើន​សា និង​នៅ​មាន​សុពលភាព​ក្នុង​ពេល​បច្ចុប្បន្ន បាន​ធានា​ថា គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ដាច់​ខាត អាច​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង​បាន​ដោយ​ពុំ​ចាំ​បាច់​ត្រូវ​ការ​សំឡេង ២​ភាគ​៣ ឡើយ។

ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​បន្ទាប់​ពី​មាន​ការ​វែក​ញែក​នៅ​ក្នុង​ចំណោម​អ្នក​ច្បាប់ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង ដែល​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ អាច​នឹង​ជាប់​គាំង ក៏​ដោយសារ​តែ​សភា​ពុំ​អាច​បើក​ការ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​បាន។ លោក ហ៊ុន សែន បាន​ជំរុញ​អោយ​គណបក្ស​ប្រឆាំង ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​សភា​ទៅ​តាម​ការ​កោះ​ហៅ​របស់​ព្រះមហាក្សត្រ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា យ៉ាង​ណា រដ្ឋសភា​ត្រូវ​ការ​វត្តមាន​សមាជិក​ទាំងអស់ ដើម្បី​ដំណើរ​ការ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន។ លោក កឹម សុខា បន្ត​ថា ផ្លូវ​ច្បាប់ គឺ​ពុំ​មាន​ចំណុច​ណា​មួយ​ដែល​បញ្ជាក់​ថា គេ​អាច​ដក​ហូត​អាសនៈ​សមាជិក​សភា​របស់​គណបក្ស​ណា​មួយ​ឡើយ។

នៅ​ក្នុង​មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ការ​បោះ​ឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ប្រធាន អនុប្រធាន​រដ្ឋសភា និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

ទាក់ទិន​នឹង​ទិដ្ឋភាព​ច្បាប់ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​ថា គ្រប់​ភាគី​អាច​បកស្រាយ​ទៅ​តាម​ការ​យល់​ឃើញ​រៀងៗ​ខ្លួន ប៉ុន្តែ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​សំឡេង​របស់​ពលរដ្ឋ​ជា​ធំ។ ករណី​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល អំពាវនាវ​អោយ​មាន​ការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។