អ្នក​ឃ្លាំ​មើល៖ ការ​គំរាម​របស់​លោក ហ៊ុន សែន គឺ​មើល​ស្រាល​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម អះអាង​ថា ការ​គំរាម​របស់ លោក ហ៊ុន សែន អំពី​មហន្តរាយ​សង្គម​នឹង​កើត​មាន​ពេល​អវត្តមាន​រូប​លោក​នោះ គឺ​ជា​ការ​បង្ហាញ​អំពី​ការ​មើល​ស្រាល​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ក្នុង​ការ​ធានា​ស្ថិរភាព​សង្គម និង​ជា​ការ​បំបាក់​ស្មារតី​របស់​រាស្ត្រ​ឲ្យ​ភ័យ​ខ្លាច ចំពោះ​សង្គ្រាម​ក្នុង​ស្រុក ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

អ្នក​វិភាគ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា ប្រសិន​បើ​រូប​លោក​ស្លាប់​មែន ប្រទេស​នឹង​ជួប​ភាព​ចលាចល​នោះ គឺ​កំពុង​យក​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​គ្រួសារ​ខ្លួន​ឯង ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​ការ​គ្រប់គ្រង​អំណាច។

លោក កែម ឡី បន្ត​ថា ការ​គំរាម​របស់ លោក ហ៊ុន សែន គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ជា​ការ​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​របស់​គណៈរដ្ឋមន្ត្រី។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ជន​ពិការ​នៅ​តំបន់​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា មាន​ប្រសាសន៍​គំរាម​ធ្ងន់ៗ​ទៅ​លើ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ថា ប្រសិន​បើ​លោក​ស្លាប់​មែន​នោះ ប្រទេស​នឹង​ជួប​ភាព​វឹកវរ ហើយ​ក្រុម​ប្រឆាំង​ត្រូវ​ត្រៀម​ខ្លួន​រត់​អោយ​ហើយ​ទៅ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កែម ឡី អះអាង​ថា ដើម្បី​ឲ្យ​សង្គម និង​ក្រុម​គ្រួសារ​របស់ លោក ហ៊ុន សែន មាន​ស្ថិរភាព​ទៅ​បាន​នោះ លុះត្រា​មេ​ដឹក​នាំ​ប្រទេស​ត្រូវ​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ ធ្វើ​ឲ្យ​រដ្ឋសភា​ឯករាជ្យ និង​រដ្ឋាភិបាល​ឯករាជ្យ។ លោក​បន្ត​ថា ការ​គំរាម​ដ៏​ធ្ងន់ធ្ងរ​របស់ លោក ហ៊ុន សែន អំពី​មហន្តរាយ​សង្គម​អាច​នឹង​កើត​មាន ប្រសិន​បើ​លោក​អស់​ជីវិត​នោះ គឺ​ជា​ការ​មើល​ស្រាល​មួយ​ទៅ​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ក្នុង​ការ​ធានា​នូវ​ស្ថិរភាព​សង្គម និង​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គ្រប់គ្រង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ មិន​បាន​ជួយ​បង្កើត​អោយ​កម្ពុជា មាន​គោលការណ៍​និរន្តរភាព ឬ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ឡើយ។

ការ​អះអាង​របស់ លោក កែម ឡី ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ នេះ​មិន​មែន​ជា​ការ​គំរាម​លើក​ទី​មួយ​របស់ លោក ហ៊ុន សែន នោះ​ទេ។ ជា​រឿយៗ លោក​តែង​គំរាម​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​នេះ​ចាញ់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នោះ​នឹង​មាន​សង្គ្រាម​ក្នុង​ស្រុក​កើត​ឡើង។

កន្លង​មក លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន តែង​គិត​ថា លោក និង​បក្ខពួក​គ្រួសារ​របស់​លោក​ជា​ម្ចាស់​របស់​ប្រទេស​កម្ពុជា។

សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ហៅ​ការ​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា កន្លង​មក ជា​ការ​គ្រប់គ្រង​បែប​អំណាច​ទេវរាជ ឬ​ជា​ការ​ប្រើ​អំណាច​អញ​និយម ដែល​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល មាន​បដិវត្តន៍ ឬ​រដ្ឋ​ប្រហារ​ជាច្រើន​កើត​ឡើង​មិន​ចេះ​ចប់។ លោក​បណ្ឌិត សុខ ទូច អះអាង​ថា អំណាច​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ ខុស​គ្នា​ពី​អំណាច​ដែល​ដណ្ដើម​ពី​ការ​ធ្វើ​សង្គ្រាម​ទាំង​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក កែម ឡី បាន​ផ្តល់​អនុសាសន៍​ដល់ លោក ហ៊ុន សែន ថា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ស្ថានភាព​វឹកវរ​ក្រោយ​ពេល​អវត្តមាន​លោក​ជា​អចិន្ត្រៃយ៍​មែន​នោះ លោក ហ៊ុន សែន គួរ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ជា​មុន។ ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច បាន​ជំរុញ​ឲ្យ លោក ហ៊ុន សែន គួរ​ចូល​និវត្តន៍ ហើយ​ថែ​រក្សា​សុខភាព​ដើម្បី​ក្រុម​គ្រួសារ​របស់​លោក​ទៅ​វិញ​ប្រសើរ​ជាង។ ពាក្យ​ចចាមអារ៉ាម​ជាច្រើន​រាល​សុះសាយ​សឹង​ទូទាំង​ពិភពលោក កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្លាប់​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម បន្ទាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ហើយ​ក្រោយ​មក លោក ហ៊ុន សែន បាន​លេច​មុខ​ជា​សាធារណៈ ដោយ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង ចោទ​ថា​ជា​អ្នក​បង្កើត​ព័ត៌មាន​មិន​ពិត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។