លោកនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា កម្ពុជា គ្មានវិបត្តិនយោបាយទេ មានតែបញ្ហាបុគ្គល។ លោកក៏ព្រមានបរទេស និងសង្គមស៊ីវិល កុំឲ្យភ្ជាប់ខ្លួនទៅនឹងបុគ្គលល្មើសច្បាប់។ ប៉ុន្តែសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងដែលមានសំឡេងឆ្នោតជិតពាក់កណ្ដាលនៅសភា ថាស្ថានភាពនយោបាយនៅពេលនេះហើយជាវិបត្តិនយោបាយ ព្រោះអ្វីដែលកើតឡើងប៉ះពាល់ដល់អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។
ផ្ទុយពីកាយវិការលើកដៃចង្អុលចុះឡើងដូចរាល់ដង លោក ហ៊ុន សែន ដែលថ្លែងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មិនបានបង្ហាញការខឹងច្រឡោតទេ។ លោកនាយករដ្ឋមន្ត្រី ថាអ្វីដែលកើតឡើងនៅពេលនេះ ព្រោះតែបុគ្គលផ្ទាល់ខ្លួនមួយចំនួនដែលបានប្រព្រឹត្តខុសច្បាប់៖ « កម្ពុជា ពុំមានវិបត្តិអ្វីឡើយ ហើយការខិតខំប្រកាសរបស់ក្រុមមនុស្សដែលថាកម្ពុជា កំពុងមានវិបត្តិ ឬមានកម្ដៅនយោបាយនោះ គឺជាការប៉ុនប៉ងបំភ័ន្តមតិសាធារណជន។ នេះជាវិបត្តិផ្ទាល់ខ្លួនមួយចំនួនតូច។ ដូច្នេះបរទេស សង្គមស៊ីវិល មិនគួរភ្ជាប់ខ្លួននឹងរឿងនេះទេ » ។
ថ្លែងចំពោះមុខអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ ១ម៉ឺននាក់ដែលមានទាំងប្រមុខការទូតប្រទេសមួយចំនួន នៅទីស្នាក់ការកណ្ដាលបក្សរបស់ខ្លួននាខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ មិថុនា លោក ហ៊ុន សែន ស្នើទៅបរទេសមួយចំនួន កុំលូកដៃចូលការអនុវត្តច្បាប់ប្រទេសកម្ពុជា និងត្រូវស្វែងយល់ពីស្ថានការណ៍កម្ពុជា ឲ្យបានច្បាស់៖ « យើងសង្ឃឹមមជ្ឈដ្ឋានបរទេសមួយចំនួនដែលមិនបានយល់អំពីសភាពការណ៍ពិតនៅកម្ពុជា សុំបន្តស្វែងយល់ឲ្យបានច្បាស់លាស់ ជាមួយនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជា » ។
ទោះថ្លែងមិនចេញឈ្មោះ ប៉ុន្តែគេដឹងថា អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺសំដៅទៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ខណៈក្រុមសមត្ថកិច្ចកំពុងប៉ុនប៉ងចាប់ខ្លួនទាំងកំពុងមានអភ័យឯកសិទ្ធិ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នៅពេលនេះ ស្របគ្នាដែលថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ និងប្រមុខការទូតនៃប្រទេសមួយចំនួន តែងតែនាំគ្នាទៅជួបលោក កឹម សុខា នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និយាយពីស្ថានភាព និងបញ្ហានយោបាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ដែលតាមដានដំណើរការរដ្ឋាភិបាលបញ្ជាក់ថា រឿងរ៉ាវកើតឡើងពេលនេះ ឈានដល់វិបត្តិនយោបាយហើយ ព្រោះតំណាងរាស្ត្រគណបក្សមួយក្នុងចំណោមពីរនៅរដ្ឋសភា កំពុងរងការរំលោភបំពានអភ័យឯកសិទ្ធិ។ ចំពោះការព្រមានមិនឲ្យសង្គមស៊ីវិលភ្ជាប់ខ្លួនទាក់ទងរឿងនេះ លោក គល់ បញ្ញា ថានេះជាការគំរាមកំហែងដល់សង្គមស៊ីវិល៖ « យើងមានការព្រួយបារម្ភដែរ ដោយសាររឿងការអនុវត្តច្បាប់នោះ។ យើងអត់អាចគិតទុកមុនបាន ថាយកគំរូស្តង់ដារយ៉ាងម៉េច ?» ។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍របស់កម្ពុជា នៅពេលនេះ និងស្នើឲ្យគណបក្សទាំងពីរវិលចូលតុចរចា។
ចំណែកប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ក៏មិនយល់ស្របទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន ដែរ។ លោកយល់ថា ការព្រមានរបស់លោក ហ៊ុន សែន មិនមានប្រសិទ្ធភាពទេ៖ « បើមានការទទួលស្គាល់បញ្ហាពីសំណាក់គណបក្សកាន់អំណាច ទើបយើងអាចដោះស្រាយបាន។ បើនៅតែមិនទទួលស្គាល់ ហើយថាជារឿងបុគ្គល នឹងធ្វើឲ្យរឿងនេះកាន់តែស្មុគស្មាញ»។
នៅពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងរកច្រកចេញពីវិបត្តិនយោបាយ បន្ទាប់ពីដាក់ញត្តិថ្វាយព្រះមហាក្សត្រ ប៉ុន្តែបែរជាត្រូវលោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតពីភាពមិនប្រក្រតីនៃញត្តិនេះទៅវិញ។
បន្ទាប់មកទៀត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងចូលគាល់ព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ទទួលបានចម្លើយពីព្រះបរមរាជវាំងនៅឡើយទេ។ រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ នៅតែប្រមូលស្នាមមេដៃពីអ្នកគាំទ្រ ដើម្បីយកទៅថ្វាយព្រះមហាក្សត្របន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។