លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​យក​រឿង​ផែនទី​ធ្វើ​ជា​រឿង​នយោបាយ

ដោយ យាង សុជាមេត្តា
2015.09.04
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​យក​រឿង​ផែនទី​មក​ធ្វើ​ជា​រឿង​នយោបាយ​បន្ត​ទៀត។ ការ​ព្រមាន​របស់ លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ហើយ​ដែល​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដកស្រង់​យក​មក​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​សាធារណៈ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​យក​រឿង​ផែនទី ឬ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម មក​ធ្វើ​ជា​រឿង​នយោបាយ។ ការ​ព្រមាន​ជា​ថ្មី​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​នឹង​ផែនទី​ដែល​កម្ពុជា បាន​ខ្ចី​ពី​ប្រទេស​បារាំង។

នៅ​ពេល​នេះ លោក ហ៊ុន សែន ដែល​ចាត់​ទុក​បក្ស​ប្រឆាំង​ថា​ជា​ក្រុម​មនុស្ស​ល្ងង់​ខ្លៅ បាន​ព្រមាន​ថា បក្ស​ប្រឆាំង​ត្រូវ​បញ្ចប់​ការ​ប្រើប្រាស់​រឿង​ផែនទី ដើម្បី​ផល​ប្រយោជន៍​ប្រជាភិថុតិ ឬ​នយោបាយ។ លោក ហ៊ុន សែន បញ្ជាក់​ដែរ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ការងារ​ព្រំដែន ត្រូវ​តែ​បន្ត​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​គ្មាន​ការ​យោគយល់​នោះ​ឡើយ។

ចំពោះ​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​ភាគី​នានា​វិញ លោក ហ៊ុន សែន ថ្លែង​ថា រឿង​នេះ​គឺ​ចប់​សព្វគ្រប់​អស់​ហើយ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា ធ្វើ​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បន្ត​ទៀត។

ព្រំដែន​គោក​កម្ពុជា-វៀតណាម មាន​ប្រវែង​ប្រមាណ ១.២៧០​គីឡូ​ម៉ែត្រ។ រដ្ឋាភិបាល​ថ្លែង​ថា ក្នុង​ចំណោម​បង្គោល​ទាំងអស់ ៣១៤​បង្គោល រដ្ឋាភិបាល​កម្ពុជា-វៀតណាម បោះ​បាន​ប្រហែល ៨៣​ភាគរយ​រួច​ហើយ។

លោក ហ៊ុន សែន លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ប្រជាជាតិ ចំពោះ​រឿង​ផែនទី ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ជាតិ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាំន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាំន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។
Photo provided

ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់ លោក ហ៊ុន សែន ពេល​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​មិន​ដែល​យក​រឿង​ព្រំដែន​ធ្វើ​ជា​ឧបករណ៍ ដើម្បី​ជា​ការ​ចំណេញ​នយោបាយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ការងារ​ព្រំដែន​នេះ​ត្រឹមត្រូវ ហើយ​ធានា​ថា​មិន​មាន​ការ​បាត់បង់​ទឹក​ដី បក្ស​ប្រឆាំង​នឹង​គាំទ្រ ហើយ​សុខ​ចិត្ត​ឲ្យ​បក្ស​កាន់​អំណាច​ចំណេញ​នយោបាយ​ក្នុង​រឿង​នេះ​ទៅ​ចុះ។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​រឿង​ព្រំដែន​នៅ​តែ​មាន​បញ្ហា នោះ​បក្ស​ប្រឆាំង​ក៏​មិន​អាច​នៅ​សម្ងំ​ស្ងៀម​បាន​ដែរ៖ «បើ​ថា​បោះ​ត្រឹមត្រូវ​មិន​តវ៉ា​អី​ទេ ក៏ប៉ុន្តែ​បើ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​តំណាង​រាស្ត្រ យើង​ឱប​ដៃ​មើល​យ៉ាង​ម៉េច​កើត? ឧបមា​ប្រជាពលរដ្ឋ​ថា​បោះ​បង់​ដី​គាត់ ឬ​ក៏​ប្រាប់​ថា​ការ​បោះ​ហ្នឹង​មិន​ទាន់​ត្រឹមត្រូវ​តាម​ផែនទី ឬ​មួយ​ក៏​បោះ​ចូល​ដី​ខ្មែរ នៅ​តែ​មាន​ការ​បំពាន បើ​មាន​ការ​ប្តឹងផ្តល់​បែប​នេះ យើង​ទាំងអស់​គ្នា​គួរ​តែ​ទៅ​មើល គួរ​តែ​តាមដាន​ទាំងអស់​គ្នា»

លោក យឹម សុវណ្ណ ថ្លែង​ថា ក្រៅ​ពី​បញ្ហា​ព្រំដែន នៅ​មាន​បញ្ហា​សង្គម​ជាច្រើន​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ជួប​ប្រទះ ហើយ​ដែល​បក្ស​ប្រឆាំង​ត្រូវ​ខ្វាយខ្វល់ ក្នុង​នោះ​មាន​ដូចជា បញ្ហា​អំពើ​ពុក​រលួយ ភាព​ក្រីក្រ​របស់​ពលរដ្ឋ គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ ការ​បាត់បង់​ដីធ្លី ការ​បាត់បង់​ធនធាន​ធម្មជាតិ ឬ​ការ​បំផ្លាញ​ព្រៃ​ឈើ ជាដើម។

ទាក់ទង​នឹង​រឿង​ផែនទី​វិញ លោក យឹម សុវណ្ណ បញ្ជាក់​ជា​ថ្មី​ថា បក្ស​ប្រឆាំង​មិន​អាច​បញ្ជាក់​ជំហរ​បាន​នៅ​ឡើយ​ទេ ដោយ​លោក​ថា បក្ស​ប្រឆាំង​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ពេល លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រឡប់​មក​កម្ពុជា វិញ។ លោក​ថា លុះ​ណា​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ទើប​បក្ស​ប្រឆាំង​អាច​ប្រកាស​ជំហរ​របស់​ខ្លួន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។