លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើច្បាប់របស់ប្រទេស ដើម្បីចាត់វិធានការ ឬបង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលឈានដល់ការប្រើអំពើហិង្សា។ ការថ្លែងបែបនេះ ទំនងជាសំដៅទៅលើគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមេដឹកនាំគណបក្សនេះប្រកាសថា នឹងធ្វើសមាជធំមួយជាមួយអ្នកគាំទ្ររបស់ខ្លួននារាជធានីភ្នំពេញ នៅចុងខែមីនា នេះ។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែមីនា។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ មានភាពប្រក្រតី។ ហើយលោកអំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋ កុំឲ្យមានការរើសអើង ឬឈានដល់ការប្រើអំពើហិង្សា ដោយសារតែប្រកាន់គណបក្សនយោបាយ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនខ្វល់អ្វីទាំងអស់ក្រៅតែពីការធ្វើឲ្យការរស់នៅរបស់ពលរដ្ឋមានភាពប្រសើរឡើង និងរក្សានូវដំណើរការធម្មតា ចំពោះកម្មកររោងចក្រកាត់ដេរ មន្ត្រីរាជការ និងកូនសិស្ស ជាដើម៖ «អាហ្នឹងគ្រាន់តែបញ្ជាក់ថា ខន្តីញោម ធ្វើម៉េចឲ្យនៅត្រឹមកម្រិតថា បើត្រឹមប៉ុណ្ណឹងហើយៗដកឃ្លាទៅ។ គេថាខ្ញុំផ្លែផ្កាអីចុងក្រោយទៀត ព្រោះឥឡូវឮគេថាអីមហាអីទៀតហើយ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមីនា បានប្រកាសថា នឹងចាប់ផ្ដើមធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ចុងសប្ដាហ៍នេះ នៅក្រោយការផ្អាកការចរចាដោះស្រាយការជាប់គាំងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រឆាំងកំពុងពិនិត្យមើលលើលទ្ធភាពនៃការធ្វើបាតុកម្ម ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ លោកចាត់ទុកការព្រមានផ្លូវច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា គឺជាច្បាប់ព្រៃ៖ «ធម្មតាទេ! ច្បាប់អីច្បាប់ព្រៃច្បាប់ពួកកុម្មុយនិស្ត ច្បាប់ផ្ដាច់ការ ប្រសិនបើច្បាប់សិទ្ធិអន្តរជាតិ ច្បាប់អន្តរជាតិ គឺអត់មានអីត្រូវមកបង្ក្រាបយើងទេ»។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កន្លងមកការព្រមានបែបនេះ គឺកើតមានចំពោះគណបក្សប្រឆាំងដែរ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មានការទម្លុះទម្លាយទៅទើបបានធ្វើការជួបជុំជាបន្តបន្ទាប់។ លោកបន្តថា ប្រទេសកម្ពុជា ពុំមានស្ថិរភាពនយោបាយ និងការគោរពសិទ្ធិមនុស្សដូចដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនោះទេ៖ «ដំណើរការម៉េចថាប្រក្រតីម៉េចកើត! ហាមឃាត់គេមិនឲ្យប្រើប្រាស់សិទ្ធិរបស់គេ ដែលមានធានានៅក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ហើយដែលប្រទេសកម្ពុជា ទទួលស្គាល់ ហើយធានាការពារសិទ្ធិទាំងនោះទៀតផង»។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានគម្រោងធ្វើសមាជប្រជាពលរដ្ឋនៅថ្ងៃទី៣០ ខែមីនា នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែលោកបញ្ជាក់ថា ការធ្វើបាតុកម្មនេះមិនមែនដើម្បីទម្លាក់រដ្ឋាភិបាល ឬធ្វើឲ្យសង្គមមានអស្ថិរភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។