កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានី ប្រកាសចាត់វិធានការផ្លូវច្បាប់លើអ្នកដែលភ្ជាប់លោកទៅនឹងព្រឹត្តិការណ៍ហិង្សាលើអ្នកតំណាងរាស្ត្របក្សប្រឆាំង ២រូប នៅមុខរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងលិខិតបំភ្លឺចំហ ដែលលោក ហ៊ុន ម៉ានី បង្ហោះផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៧ ខែវិច្ឆិកា។
កូនប្រុសរបស់លោក ហ៊ុន សែន និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អះអាងថា ការចាត់វិធានការនេះ គឺដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។
ក្នុងលិខិតបំភ្លឺចំហរបស់ខ្លួន លោក ហ៊ុន ម៉ានី លើកឡើងថា ក្រោយពីមានព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងនៅថ្ងៃទី២៦ ខែតុលា មក លោកត្រូវបានមនុស្សមួយក្រុមតូចព្យាយាមភ្ជាប់លោកទៅនឹងព្រឹត្តិការណ៍នេះ បើទោះជាលោកបានប្រកាសផ្ដន្ទាទោសចំពោះជនដៃដល់ភ្លាមៗក្រោយព្រឹត្តិការណ៍ហិង្សានោះក្តី។
លោក ហ៊ុន ម៉ានី ជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មួយចំនួនទៀត ត្រូវបានគេឃើញចេញមកទទួលញត្តិពីបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា។ លោក ហ៊ុន ម៉ានី ថ្លែងថា ដោយសារតែវត្តមានរបស់លោកក្នុងនាមជាអ្នកតំណាងរាស្ត្រនេះ លោកត្រូវបានមនុស្សមួយចំនួនផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ហិង្សានោះ តាមរយៈការបង្ហោះរូបលោកជាមួយបុគ្គលមួយចំនួនដែលលោកបានថតជាមួយពីមុនមក តាមការបន្ទរជាសំនួនវោហារចោទប្រកាន់ពីស្ថាប័នគាំទ្របែបនយោបាយ តាមរយៈកិច្ចសម្ភាសន៍ និងតាមរយៈការលើកឡើងរបស់អ្នកនយោបាយមួយចំនួនជាដើម។
លោក ហ៊ុន ម៉ានី មិនបានបញ្ជាក់ឲ្យចំឈ្មោះបុគ្គល និងស្ថាប័នដែលលោកចោទប្រកាន់នោះទេ។ ប៉ុន្តែលោកចាត់ទុកការចោទប្រកាន់លើរូបលោកថា គ្មានមូលដ្ឋាន ជាការបំផ្លើសការពិត និងជារឿងអយុត្តិធម៌ ដែលលោកគប្បីទទួលបានការការពារស្របច្បាប់ដូចពលរដ្ឋទូទៅ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា លោកនឹងចាត់វិធានការសមស្របដោយទាមទារជាដាច់ខាតឲ្យអ្នកចោទប្រកាន់លោកសុំទោសជាសាធារណៈ និងអនុវត្តតាមនីតិវិធីច្បាប់ពីស្ថាប័នមានសមត្ថកិច្ចក្នុងនាមលោកជាអ្នកតំណាងរាស្ត្រមួយរូប។
ក្រុមបាតុករដែលទាមទារឲ្យដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ត្រូវបានគេដឹងថា ដឹកនាំដោយក្រុមសេនានាគរបស់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមក្រុមដឹកនាំនេះ ក៏មានកូនៗរបស់មន្ត្រីយោធាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ផងដែរ។ សាក្សីមួយចំនួនដែលជាអ្នកបើករថយន្តដឹកបាតុករបានប្រាប់វិទ្យុអាស៊ីសេរីថា ពួកគេត្រូវបានគេជួលឲ្យដឹកមនុស្សចេញពីបន្ទាយកងអង្គរក្សរបស់លោក ហ៊ុន សែន មកទម្លាក់នៅមុខរដ្ឋសភា។
យ៉ាងណា ក្រោយព្រឹត្តិការណ៍ហិង្សានោះ លោក ហ៊ុន ម៉ានី បានថ្លែងថ្កោលទោស និងបានជំរុញឲ្យសមត្ថកិច្ចស៊ើបអង្កេតចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
ទាក់ទងរឿងនេះ មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត កត់សម្គាល់ថា លោក ហ៊ុន ម៉ានី មិនគួរភ័យខ្លាចពេកនោះទេ ព្រោះថា នរណាក៏ដឹងដែរថា លោក ហ៊ុន ម៉ានី ពិតជាបានប្រកាសថ្កោលទោសចំពោះព្រឹត្តិការណ៍ហិង្សានោះមែន។ លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែលសំខាន់គឺភាពស្អាតស្អំរបស់លោក ហ៊ុន ម៉ានី ទៅវិញទេ៖ «យើងមិនអាចហាមឃាត់បុគ្គលណាបានទេនូវការបង្ហោះហ្វេសប៊ុក ឬក៏បញ្ចេញមតិរបស់គេ តែអ្វីដែលជាភាពស្អាតស្អំ ដូចខ្ញុំបានលើកឡើងអ៊ីចឹងថា ឯកឧត្ដម ហ៊ុន ម៉ានី គាត់បានប្រកាសជាច្រើនលើកច្រើនសាឲ្យសមត្ថកិច្ចចាប់ខ្លួន ហើយសំខាន់បំផុតវាអាស្រ័យទៅលើសមត្ថកិច្ចដែលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់»។
ចំពោះព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង ជនដៃដល់ចំនួន ៣នាក់បានចូលខ្លួនសារភាព។ បច្ចុប្បន្នជនដៃដល់ទាំង ៣នាក់នោះត្រូវបានតុលាការបញ្ជូនខ្លួនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ ជនដៃដល់ម្នាក់ក្នុងចំណោមជនដៃដល់ទាំងអស់នោះ ត្រូវបានគេបង្ហោះរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញថា បុគ្គលរូបនោះគឺជាទាហានពាក់ស័ក្ដិ៥ ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
