ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) បានបដិសេធខ្លាំងៗ ទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។ លោកចាត់ទុកសម្ដីចោទប្រកាន់ដោយគ្មានភស្តុតាងរបស់មេដឹកនាំខ្មែររូបនេះ ថាជារឿងមិនគួរគប្បី និងជាការប្រមាថមួយដល់សហរដ្ឋអាមេរិក។
ប្រតិកម្មធ្ងន់ៗ ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ ធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន ថ្លែងពីប្រទេសអូស្ត្រាលី ក្នុងពិធីជួបជុំមួយជាមួយក្រុមពលរដ្ឋដែលគាំទ្រលោកនៅទីនោះ ស្របពេលដែលលោកទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីចុងសប្ដាហ៍មុន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ហៃដ៍ ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន ដែលថាអាមេរិក ជាអ្នកនៅពីក្រោយឃាតកម្មដ៏កក្រើកមួយលើលោកបណ្ឌិត កែម ឡី កាលពីជិតពីរឆ្នាំមុន ទាំងកណ្ដាលថ្ងៃ នៅក្រុងភ្នំពេញ នោះថាគឺជាការប្រមាថសហរដ្ឋអាមេរិក៖ «ខ្ញុំគ្រាន់តែចង់និយាយខ្លះ ពាក់ព័ន្ធនឹងប្រសាសន៍ ( លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ) នៅទីក្រុងស៊ីដនី កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ជាពិសេសប្រសាសន៍ ដែល ( លោក ហ៊ុន សែន ) លើកឡើងនៅថ្ងៃ សុក្រ អំពីសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ដ៏គួរឲ្យសោកសៅបំផុត ជុំវិញឃាតកម្មលើលោក កែម ឡី។ ការលើកឡើងរបស់លោក មិនត្រឹមតែ មិនគប្បីទាល់តែសោះប៉ុណ្ណោះទេ គឺថែមទាំងជាការវាយប្រហារ ប្រមាថទៅដល់សហរដ្ឋអាមេរិកផងដែរ»។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយក្រុមអ្នកសារព័ត៌មានក្នុងពិធីមួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ មីនា វីល្លៀម ហៃដ៍ លោកថ្លែងបន្តថា នៅកម្ពុជា នរណាៗក៏ដឹងដែរថា សហរដ្ឋអាមេរិក ជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលធ្វើការលើផ្នែកទាំងនេះ។ លោកឯកអគ្គរដ្ឋទូតគូសបញ្ជាក់ថា ទាំងនេះ គឺដោយសារសហរដ្ឋអាមេរិក ជឿជាក់ក្នុងការជួយគាំទ្រក្នុងវិស័យទាំងនេះ។ លោកបន្តថា ហេតុដូច្នេះហើយ ពាក់ព័ន្ធសំណុំរឿងឃាតកម្មនេះ សហរដ្ឋអាមេរិក តែងតែប្រកាន់ជំហរដដែលៗ តាំងតែពីថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់មកម្ល៉េះ ថា សហរដ្ឋអាមេរិកទាមទារឲ្យមានការស៊ើបអង្កេតមួយ ដោយចំហ និងមានតម្លាភាព ដោយសារតែរឿងនេះជាសំណុំរឿងសំខាន់មួយ៖ «ឥឡូវយើងឃើញហើយ ដោយសារតែការលើកឡើងគ្មានហេតុផលរបស់លោក ហ៊ុន សែន បែបនេះ រឹតតែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា គេត្រូវធ្វើការស៊ើបអង្កេតនោះ ដោយចំហ និងមានតម្លាភាព ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរ ជឿលើការស៊ើបអង្កេត និងអ្វីដែលបានកើតឡើងលើលោក កែម ឡី»។
លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏ល្បីឈ្មោះបោះសំឡេងម្នាក់នៅកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ ឃាតកម្មនេះ ធ្វើឡើងតែពីរថ្ងៃក្រោយពីលោកបានបកស្រាយនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៦ អំពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលរកឃើញថា គ្រួសារត្រកូលហ៊ុនចំនួន ២៧នាក់ បានក្ដោបក្ដាប់មុខជំនួញអាជីវកម្មស្ទើរគ្រប់ផ្នែកនៅកម្ពុជា និងមានហ៊ុននៅក្នុងក្រុមហ៊ុនប្រមាណ ១១៤។
គិតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់វែកមុខរកឲ្យឃើញអ្នកបញ្ជាពីក្រោយរឿងក្តីឃាតកម្មនេះនៅឡើយទេ ដោយសមត្ថកិច្ចគ្រាន់តែបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយក្រោយមក តុលាការបានកាត់ទោសឲ្យជនរូបនេះ ជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន។ ការកាត់ទោសនេះ គឺដោយផ្អែកតាមចម្លើយសារភាពរបស់ ជួប សម្លាប់ នេះតែប៉ុណ្ណោះ ហើយសំណុំរឿងនេះ នៅបន្សល់ទុកចម្ងល់សង្ស័យជាច្រើនរាប់មិនអស់ដែលអាជ្ញាធរមិនបានធ្វើការសើបអង្កេតបន្ថែម។
សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជួប សម្លាប់ ជាឃាតកសិប្បនិម្មិត ហើយថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ មិនខុសពីឃាតកម្មលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលសមត្ថកិច្ចបង្កើតឃាតកសិប្បនិម្មិត ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន នោះឡើយ។
លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេស នៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅថាជាអ្នកវិភាគឯករាជ្យ ដែលហ៊ាននិយាយរិះគន់ចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ទោះបីជាលោកបានដឹងជាមុនថា លោកប្រឈមនឹងការបាញ់សម្លាប់ដោយប្រការណាមួយក្ដី។ ក្រោយមរណភាពរបស់លោក ពលរដ្ឋខ្មែរនៅទូទាំងពិភពលោក បានហៅលោកព្រមៗគ្នាថា ជាវីរបុរសក្នុងបេះដូង និងព្រលឹងខ្មែរ។
អ្វីដែលរឹតតែបន្ថែមកម្ដៅមកដុតបញ្ឆេះលើសំណុំរឿងឃាតកម្មដែលមិនទាន់ដោះស្រាយចេញនេះ គឺស្របពេលដែលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីថ្ងៃទី១៦ មីនា ថ្លែងក្នុងពិធីជួបជុំសំណេះសំណាលជាមួយក្រុមអ្នកគាំទ្ររូបលោក នៅទីក្រុងស៊ីដនី លោក ហ៊ុន សែន បានធ្វើការទម្លាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា មានចារកម្មដែលជាបាតដៃទីបី ជាអ្នកនៅពីក្រោយឃាតកម្មនេះ ដែលលោកចង់សំដៅទៅសហរដ្ឋអាមេរិក។ ពេលនោះ លោក ហ៊ុន សែន ធ្វើជាថ្លែងសារប្រាប់ទៅភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា ដែលកំពុងចូលរួមដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះ ថា អ្នកស្រីកំពុងប្រព្រឹត្តិកំហុសឆ្គងធ្ងន់ធ្ងរណាស់ ដែលបានយកលោកធ្វើជាសត្រូវ ព្រោះលោកធ្លាប់បានចេញលុយថ្លៃបបរ និងថ្លៃធ្វើចេតិយលោកបណ្ឌិត កែម ឡី ថែមទៀតផង ហើយថា លោកមិនដែលស្អប់លោក កែម ឡី នោះឡើយ ពោលគឺមានតែគោរពការវិភាគរបស់លោក កែម ឡី។
ផ្ទុយពីការថ្លែងអះអាងរបស់លោក ហ៊ុន សែន នេះ ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានឆ្លើយតបភ្លាមៗពីកន្លែងដែលអ្នកស្រីចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ក្នុងក្រុងស៊ីដនី ជាមួយនឹងក្រុមអ្នកតវ៉ាច្រើនរយនាក់ ច្រានចោលការអះអាងរបស់លោក ហ៊ុន សែន នេះ។ អ្នកស្រីថា អ្នកស្រីមិនជឿលើការលើកឡើងបែបពុតត្បុតរបស់លោក ហ៊ុន សែន នេះទេ។ «»
ដោយឡែកសម្រាប់អ្នកវិភាគនយោបាយរួមអាជីព លោកបណ្ឌិត មាស នី វិញ លោកបានថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៨ មីនា ថា ជុំវិញករណីឃាតកម្មលោកបណ្ឌិត កែម ឡី នេះ ការណ៍ដែលរដ្ឋាភិបាលនៅតែមិនទាន់រកឃើញថា តើអ្នកណាខ្លះនៅពីក្រោយឃាតកម្មនេះ គឺជាការបង្ហាញឲ្យឃើញពីកម្សោយប្រព័ន្ធចារកម្ម និងប្រព័ន្ធយុត្តិធម៌របស់របបលោក ហ៊ុន សែ។ «»
លោកបណ្ឌិត មាស នី ជំរុញថា ប្រសិនបើរបបក្រុងភ្នំពេញមានភស្តុតាងជាក់លាក់ដូចតាមការអះអាងរបស់លោក ហ៊ុន សែន មែននោះ នោះរបបរបស់លោក គួរតែប្ដឹងសហរដ្ឋអាមេរិកជាផ្លូវការតែម្ដងទៅ ជាជាងគ្រាន់តែជាការចោទប្រកាន់តាមមាត់ចោលដូច្នេះ ដែលគ្រាន់តែជាការលាបពណ៌តែប៉ុណ្ណោះ។
ក្រៅពីការឆ្លើយតបធ្ងន់ៗរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមកលើការចោទរបស់លោក ហ៊ុន សែន ដែលថាអាមេរិកជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី នោះ ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានហៅសម្ដីរបស់លោក ហ៊ុន សែន ដែលលោកអះអាងថា លោក ជុន ច័ន្ទបុត្រ កំពុងភ័យខ្លាចអំពីសុវត្ថិភាពរបស់លោក ហើយបានស្នើឲ្យឧត្ដមសេនីយ៍មួយរូបរបស់លោក ហ៊ុន សែន ឲ្យជួយការពារលោក ព្រោះខ្លាចអាមេរិកសម្លាប់នោះ ថាជាការលើកឡើងបែបផ្ដេសផ្ដាស និងគ្មានតម្លៃអ្វីគួរ ឲ្យលើកយកមកពិចារណាឡើយ៖ «មានរឿងមួយទៀត ដែលខ្ញុំកត់សម្គាល់ដែរ គឺម្សិលមិញនេះ និង ព្រឹកនេះ គឺពាក់ព័ន្ធនឹងការលើកឡើង អំពីអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ និងការលើកឡើងថា លោកភ័យខ្លាច អំពីសុវត្ថិភាពរបស់លោក នៅសហរដ្ឋអាមេរិក ឬថាគាត់រងសម្ពាធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ខ្ញុំគិតថា ខ្ញុំមិនដែលបានជួបលោក ជុន ច័ន្ទបុត្រ ដោយផ្ទាល់ម្តងណាទេ។ ដូច្នេះ ខ្ញុំមិនដឹងស្ថានភាពលោកយ៉ាងណានោះទេ។ ប៉ុន្តែ ខ្ញុំចង់ឲ្យអស់លោក សាកគិតទៅមើល អំពីស្ថានភាពពិតប្រាកដនៅសហរដ្ឋអាមេរិក។ រាល់ថ្ងៃ មានអ្នករាយការណ៍ព័ត៌មាន រាប់ម៉ឺននាក់ សរសេរព័ត៌មានជាប្រចាំ។ ពួកគាត់សរសេរព័ត៌មាន ទាំងគាំទ្ររដ្ឋាភិបាលអាមេរិក និង រិះគន់រដ្ឋាភិបាលអាមេរិក។ ពួកគាត់សរសេរព័ត៌មានដោយសេរី ដូចគ្នានេះដែរ អំពីប្រទេសដទៃ ដូចជាប្រទេសចិន ប្រទេសរុស្សី ទាំងប្រទេសធំ ប្រទេសតូច។ ជាការពិត សហរដ្ឋអាមេរិក ជាប្រទេសដែលផ្ដល់បរិយាកាសបើកទូលាយ ធំជាងគេបំផុតនៅលើពិភពលោក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំសូមជម្រាបជូនអស់លោកថា គ្មានអ្នកសារព័ត៌មានណាម្នាក់ភ័យខ្លាចទាល់តែសោះ។ សូម្បីតែម្នាក់ក៏គ្មានផង។ ដូច្នេះ មែនទែនទៅ ការណ៍ដែលលើកឡើងថា លោក ជុន ច័ន្ទបុត្រ រងការភ័យខ្លាច នៅសហរដ្ឋអាមេរិកបែបនេះ គឺជាការលើកឡើងផ្ដេសផ្ដាស និងគ្មានតម្លៃអ្វីបន្តិចណាសោះ ដែលត្រូវយករឿងនេះមកជជែកនោះ។ ដូច្នេះ ទាំងនេះគឺការឆ្លើយតបទៅនឹង ព្រឹត្តិការណ៍ដែលកើតឡើងនៅចុងសប្ដាហ៍កន្លងទៅនេះ»។
ភ្លាមៗក្រោយពីការអះអាងរបស់លោក ហ៊ុន សែន នេះ អនុប្រធានការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ បានអញ្ជើញឲ្យលោក ហ៊ុន សែន ចូលរួមក្នុងកម្មវិធីផ្សាយវេទិកាអ្នកស្តាប់អាស៊ីសេរី ផ្ទាល់តែម្ដង ដើម្បីឲ្យលោកលាតត្រដាងការពិតទៅសាធារណជននូវអ្វីដែលលោកអះអាងថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់លោក ហ៊ុន សែន មែននោះ។ «»
គិតមកទល់ពេលនេះ ទាំងលោក ហ៊ុន សែន ទាំងរបបក្រុងភ្នំពេញ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់លោក នៅតែរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ធ្វើការឆ្លើយតបផ្លូវការណាមួយជុំវិញការអញ្ជើញរបស់អនុប្រធានការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ គឺលោក ជុន ច័ន្ទបុត្រ នេះ ឲ្យលោក ហ៊ុន សែន មកលាតត្រដាងការពិតក្នុងកម្មវិធីវេទិកាអ្នកស្ដាប់អាស៊ីសេរីនេះ នៅឡើយទេ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរបបក្រុងភ្នំពេញក្នុងអាណត្តិទី៥នេះ បានធ្លាក់ចុះដល់កម្រិតទាប និងដុនដាបបំផុតមិនធ្លាប់មានពីមុនមក តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១មក ក្រោយពេលរបបក្រុងភ្នំពេញបានចោទប្រកាន់ជារឿយៗថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយបក្សប្រឆាំង ក្នុងការដឹកនាំឆ្ពោះទៅរកការផ្ដួលរលំរបបលោក ហ៊ុន សែន តាមរយៈការធ្វើបដិវត្តពណ៌ និងការជួយឧបត្ថម្ភផ្សេងៗ ក្រោមរូបភាពដើម្បីលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ យ៉ាងណាក៏ដោយ របបក្រុងភ្នំពេញ មិនទាន់បានចាត់វិធានការណ៍ផ្លូវច្បាប់ណាមួយប្ដឹងប្រឆាំងសហរដ្ឋអាមេរិក ឬក្រុមប្រទេសលោកខាងលិច ដោយប្រើយន្តការតុលាការអន្តរជាតិ ឬអង្គការសហប្រជាជាតិ ឬក៏ឈានទៅដល់ការបណ្ដេញ ឬបំបិទស្ថានទូតអាមេរិកចេញពីទឹកដីកម្ពុជានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។