លោក ហ៊ុន សែន សួរ​ពលរដ្ឋ​ថា​ចង់​ភ្លក់​រសជាតិ​សង្គ្រាម​ទៀត​ឬ​ទេ?

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារ​ព្រមាន​អំពី​សង្គ្រាម​សា​ជា​ថ្មី​ម្ដង​ទៀត ស្រប​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់។ សារ​ព្រមាន​ពី​លោក ហ៊ុន សែន បែប​នេះ ក៏​ត្រូវ​បាន​មេ​បក្ស​ប្រឆាំង​វាយ​បក​ជា​ថ្មី​ដែរ​ថា នរណា​ដែល​និយាយ​ថា ចាញ់​ឆ្នោត​នឹង​ធ្វើ​សង្គ្រាម គឺ​អ្នក​នោះ​មិន​មែន​ជា​អ្នក​ប្រជាធិបតេយ្យ​ឡើយ។

គេ​ហាក់​មិន​បាន​លឺ​ទាល់តែសោះ​អំពី​សម្ដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត ដោយ​មិន​ត្រូវ​រង​ការ​គំរាមកំហែង និង​រង​ការ​ភ័យខ្លាច​ឡើយ ផ្ទុយ​ទៅ​វិញ ជា​ញឹកញាប់ លោក​បែរ​ជា​ព្រមាន​ពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​ណា​បក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដ៏​ខ្លី​នេះ។

ក្រៅ​តែ​និយាយ​ដោយ​ផ្ទាល់​មាត់​មិន​អស់​ចិត្ត​នៅ​ក្នុង​ទំព័រ​ហ្វេកប៊ុក (Facebook) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​សរសេរ​រៀបរាប់​អំពី​អតីត​រឿងរ៉ាវ​បែកបាក់​គ្រួសារ ប្រពន្ធ និង​កូន​នៅ​ក្នុង​សម័យ ប៉ុល ពត។ លោក​ក៏​បាន​រំលឹក​ទៅ​ពលរដ្ឋ​ជា​ថ្មី​តាម​រយៈ​សំណួរ​ថា "តើ​ចង់​ភ្លក់​រសជាតិ​សង្គ្រាម និង​ការ​ព្រាត់ប្រាស​ទៀត ឬ​ទេ? ហើយ​នេះ​គឺ​ជា​ប្រធានបទ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ដែល​ត្រូវ​ជ្រើសរើស​រវាង​សង្គ្រាម និង​សន្តិភាព"

លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា បើ​នៅ​មាន​ការ​ជេរប្រមាថ ញុះញង់ និង​លាប​ពណ៌ ប្រភព​នៃ​សង្គ្រាម និង​ចលាចល​នៅ​តែ​មាន​សម្រាប់​កម្ពុជា។

សារ​ទៅ​កាន់​អ្នក​បោះឆ្នោត​របស់​លោក ហ៊ុន សែន នេះ ស្រប​ពេល​លោក​បាន​បង្ហោះ​រូបថត​កូន​ប្រុស​ច្បង​នៅ​វ័យ​កុមារ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន សែន ពន្យល់​អត្ថន័យ​បន្ថែម​ក្នុង​រូបថត​នោះ​ថា លោក ហ៊ុន ម៉ាណែត កាល​ពី ៣៨​ឆ្នាំ​មុន ធ្លាប់​ហៅ​លោក​ដែល​ជា​ឪពុក​បង្កើត​ថា "ពូ" និង​សុខចិត្ត​ឱ្យ​បងស្រី​ជីដូនមួយ​ពរ និង​បញ្ចុក​បាយ​ជំនួស ជា​ជាង​ឱ្យ​លោក​ទៅ​ជិត​រូបគេ និង​ម្ដាយ​របស់​គេ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ក្រោយពី​ផ្ដួល​រំលំ​របប ប៉ុល ពត កូនប្រុស​របស់​លោក និង​កុមារ​រាប់​លាន​នាក់​ផ្សេង​ទៀត​បាន​រីកចម្រើន​ឡើង ដោយសារ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ថ្លែង​សារ​ព្រមាន​សង្គ្រាម​លើក​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន នេះ បាន​កើត​ឡើង ស្រប​ពេល​មាន​ការ​អំពាវនាវ​ពី​អង្គការ​អន្តរជាតិ និង​ជាតិ​មួយ​ចំនួន​ដែល​ចង់​ឱ្យ គ.ជ.ប ត្រួត​ពិនិត្យ ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង​បែប​នេះ​ត​ទៅ​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​សារ​ព្រមាន​អំពី​សង្គ្រាម​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ក្នុង​ទំព័រ​ហ្វេសប៊ុក នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ថា គ.ជ.ប នឹង​ដោះស្រាយ​បែប​ណា​នោះ​ដែរ៖ «ចាំ​ខ្ញុំ​រាយការណ៍​ទៅ គ.ជ.ប សិន ហើយ​ចាំ គ.ជ.ប សម្រេច​យ៉ាង​ម៉េច ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​តាម​ក្រោយ ព្រោះ​ឥឡូវ​រឿង​នេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដែរ»

រយៈពេល​កន្លង​មក លោក ហង្ស ពុទ្ធា ធ្លាប់​បញ្ជាក់​ថា គ.ជ.ប នឹង​អាច​ត្រួត​ពិនិត្យ​ចំពោះ​សារ​ព្រមាន​អំពី​សង្គ្រាម​របស់​លោក ហ៊ុន សែន ដរាបណា​មាន​ពាក្យ​បណ្ដឹង​ជា​មុន។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​ចង់​ធ្វើការ​ឆ្លើយ​តប​ចំពោះ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ឡើយ ហើយ​សារ​ព្រមាន​នេះ ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​វិនិច្ឆ័យ​នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ៖ «ខ្ញុំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ ១៥​លាន​នាក់ ឆ្លើយ​ឆ្លង​ជាមួយ​គាត់ នៅ​ពេល​ធ្វើ​សេចក្ដី​សម្រេច​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ»

​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ថា អ្នក​ព្រមាន​កើត​សង្គ្រាម​នៅ​ពេល​ខ្លួន​ចាញ់​ឆ្នោត គឺ​អ្នក​នោះ​មិន​ស្គាល់​អ្វី​ជា​របប​លទ្ធិប្រជាធិបតេយ្យ ហើយ​មិន​មែន​ជា​ជន​លទ្ធិប្រជាធិបតេយ្យ​ឡើយ៖ «ផ្លាស់ប្ដូរ​អំណាច​គ្នា​តាម​រយៈ​សន្លឹកឆ្នោត យើង​មិន​ផ្លាស់ប្ដូរ​តាម​រយៈ​អាវុធ​ធ្វើ​សង្គ្រាម​នោះ​ទេ ហើយ​នរណា​គិត​ពី​សង្គ្រាម អ្នក​ហ្នឹង​មិន​មែន​ជា​ជន​ប្រជាធិបតេយ្យ​នោះ​ទេ»

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី បញ្ជាក់​ថា ថ្វី​ត្បិត​ក្នុង​ច្បាប់​បោះឆ្នោត ពុំ​មាន​ចែង​ដើម្បី​ដាក់​ពិន័យ ឬ​ទោសទណ្ឌ​ចំពោះ​អ្នក​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​គ.ជ.ប អាច​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​បុគ្គល​នោះ ឱ្យ​ឈប់​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​ត​ទៅ​ទៀត។ លោក​បន្ថែម​ថា ប្រសិនបើ គ.ជ.ប បាន​ចេញ​សេចក្ដី​ជូនដំណឹង​ម្ដង​ជា​ពីរ​ដង​ថា បុគ្គល​នោះ​នៅ​តែ​ផ្គើន ហើយ​មិន​ព្រម​អនុវត្ត​តាម គ.ជ.ប អាច​មាន​សិទ្ធិ​កោះហៅ​បុគ្គល​នោះ មក​សួរ​បំភ្លឺ​ដោយ​ផ្ទាល់​បាន៖ «គ.ជ.ប ប្រហែល​មិន​ហ៊ាន​ផង មិន​ត្រឹម​ហៅ​មក​ឆ្លើយ​បំភ្លឺ សូម្បី​ចេញ​សេចក្ដី​ជូន​ដំណឹង​ក៏​មិន​ហ៊ាន​ដែរ»

លោក សំ គន្ធាមី ចាត់​ទុក​សារ​ព្រមាន​ពី​សង្គ្រាម​របស់​លោក ហ៊ុន សែន ថា អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​សម្រេច​តាម​ឆន្ទៈ​របស់​ពលរដ្ឋ និង​ធ្វើ​ពលរដ្ឋ​ខ្លះ​ទៀត ទទួល​អារម្មណ៍​មិន​សុខ​ស្រួល នៅ​ពេល​ចេញ​ទៅ​បោះ​ឆ្នោត​ខាង​មុខ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្លះ​ទៀត​ក៏​អាច​នឹង​សម្រេច​ចិត្ត​គូស​សន្លឹក​ឆ្នោត​ទៅ​តាម​ការ​គំរាមកំហែង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា រូប​នេះ​ថ្លែង​ថា បច្ចុប្បន្ន​សារ​គំរាមកំហែង បំភិតបំភ័យ និង​ការ​ទិញដូរ​ទឹក​ចិត្ត​ជាដើម មិន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​ឡើយ ព្រោះ​ដោយសារ​ការ​បោះឆ្នោត​លើក​នេះ មាន​ការ​អប់រំ​ច្រើន​ទៅ​ដល់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។