លោក ហ៊ុន សែន ទទួល​បាន​ការ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី​អ្នក​វិនិយោគ​ចិន

ដោយ រាជ វិញ្ញូ
2017.05.14
ហ៊ុន សែន ចិន ៨៥៥ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ចូល​ជួប​ជាមួយ​អ្នក​វិនិយោគ​ចិន នៅ​ទីក្រុង​ប៉េកាំង ពិភាក្សា​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook
Photo courtesy of PM Hun Sen Facebook

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ធំៗ​ចំនួន ៣ ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​បាន​បណ្ដាក់​ទុន​វិនិយោគ​បង្កើត​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង និង​ខេត្ត​កោះកុង ព្រមទាំង​ជា​ក្រុមហ៊ុន​វិនិយោគ​ធ្វើ​ផ្លូវ និង​ថ្នល់​នៅ​កម្ពុជា។ ក្នុង​ជំនួប​ទាំង​នេះ ក្រុមហ៊ុន​ចិន ក៏​បាន​សម្រេច​បន្ថែម​វិនិយោគ​សាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នៅ​កម្ពុជា។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​វិញ ហាក់​មិន​គាំទ្រ​ឱ្យ​ភាគី​ចិន សាងសង់​ផ្លូវ​ថ្នល់​ឡើយ ប៉ុន្តែ​ចង់​ឃើញ​ឱ្យ​ចិន យក​ថវិកា​ទាំង​នោះ​មក​វិនិយោគ​ដើម្បី​បង្កើត​ជា​រោងចក្រ​កែច្នៃ​អ្វី​មួយ ដែល​អាច​ជួយ​ទៅ​ដល់​កសិករ​នៅ​តាម​ទី​ជនបទ​ទើប​ប្រសើរ​ជាង។

មុន​ពេល​ពិធី​បើក​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចាប់​ផ្ដើម​នៅ​ទីក្រុង​ប៉េងកាំង ប្រទេស​ចិន មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ចិន​ធំៗ ចំនួន ៣ ដែល​ក្រុមហ៊ុន​ទាំង​នេះ​សុទ្ធសឹងតែ​កំពុង​បណ្ដាក់ទុន​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី និង​វិនិយោគ​សាងសង់​ផ្លូវ​នៅ​កម្ពុជា។

ទំព័រ​ហ្វេកប៊ុក (Facebook) របស់​លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ជាន់​លើ​ទឹក​ដី​ចិន ភ្លាម​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ​ថា ឆាយណា ហួនណេង គ្រុប (China Huaneng Group) ជា​ក្រុមហ៊ុន​បាន​បណ្ដាក់​ទុន​វិនិយោគ​អគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង។ នៅ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ លោក ហ៊ុន សែន នឹង​អញ្ជើញ​ជា​កិត្តិយស​បិទ​ទំនប់​ទឹក​ដើម្បី​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នេះ។

ប្រធាន​ក្រុមហ៊ុន​ចិន​នេះ គឺ​លោក ឆាវ ភីស៊ី បាន​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា ការ​វិនិយោគ​អគ្គិសនី​ដែល​នឹង​ផ្ដល់​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ បាន​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា។ លោក ហ៊ុន សែន ឆ្លើយ​តប​ថា តាម​ការ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​របស់​លោក​ទៅ​ដល់​កន្លែង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នេះ គឺ​ក្រុមហ៊ុន​ចិន បាន​គិតគូរ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ ដូចជា​ផ្ទះសម្បែង ដីធ្លី អភិវឌ្ឍន៍​អណ្ដូង​ទឹក មន្ទីរពេទ្យ និង​សាលារៀន​ជាដើម។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​បន្ត​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ចិន មួយ​ទៀត គឺ​ក្រុមហ៊ុន​វិនិយោគ​ទុន​ឈ្មោះ China National Heavy Machinery Company ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៧ ហើយ​មាន​ទំហំ​ទឹក​ប្រាក់ ១.៤៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​ចិន​មួយ​នេះ ទើប​ទទួល​ជោគជ័យ​ក្នុង​ការ​បណ្ដាក់ទុន​កសាង​វារីអគ្គិសនី​ស្ទឹង​តាតៃ នៅ​ខេត្ត​កោះកុង និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ដោយ​រលូន ជាពិសេស​ការ​កសាង​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី​ទៅ​តាម​តំបន់​ជនបទ។

បន្ទាប់​មក​ទៀត លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ចិន មួយ​ទៀត​ឈ្មោះ​ថា China Communications Construction Company ដែល​ជា​ក្រុមហ៊ុន​បាន​វិនិយោគ​កសាង​ផ្លូវ​ថ្នល់​ចំនួន ១៦​គម្រោង​រួច​មក​ហើយ​នៅ​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​បណ្ដាក់​ទុន ១.៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ភាគី​ក្រុមហ៊ុន​ចិន មួយ​នេះ បាន​សម្រេច​បណ្ដាក់​ទុន​វិនិយោគ​បន្ថែម ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ១៩០​គីឡូម៉ែត្រ ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៧ នេះ។ ក្រុមហ៊ុន​ដដែល​នេះ ក៏​ចាប់​អារម្មណ៍​លើ​គម្រោង​សាងសង់​ផ្លូវ​ដែក និង​កំពង់ផែ​ក្នុង​ប្រទេស​កម្ពុជា ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ សង្កេត​ឃើញ​ថា រាល់​សំណង់​ដូចជា​ផ្លូវ ថ្នល់ និង​ស្ពាន​របស់​ប្រទេស​ចិន ដែល​សាងសង់​ឱ្យ​កម្ពុជា មិន​សូវ​មាន​គុណភាព​ឡើយ ហើយ​ខ្លះ​ទៀត​បាន​ខូចខាត​ទៅ​វិញ​ស្ទើរ​ទាំង​ស្រុង រី​ឯ​ការសាងសង់​ទំនប់​វារីអគ្គិសនី​វិញ ក៏​បង្ក​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ ប៉ះពាល់​បរិស្ថាន បាត់បង់​ជីវចម្រុះ និង​នាំ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ផ្ទះសម្បែង​ថែម​ទៀត។

លោក​បន្ថែម​ថា កម្ពុជា​បាន​ជំពាក់​លុយ​ប្រទេស​ចិន ច្រើន​ណាស់ ដោយសារ​ប្រាក់​កម្ចី​មក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ ដូច្នោះ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ឈប់​ត្រេកត្រអាល​នឹង​ប្រាក់​កម្ចី​ថែម​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ចិន មក​បង្កើត​ជា​រោងចក្រ​ដើម្បី​ជួយ​ទិញ​កសិផល​ពី​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ទើប​ប្រសើរ​ជាង ស្រប​ពេល​ពលរដ្ឋ​ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ៖ «សាងសង់​រោងចក្រ​ជួយ​កសិករ​នេះ វា​ជួយ​សេដ្ឋកិច្ច​មួយ​ផ្នែក​ផង ហើយ​មួយ​ផ្នែក​ទៀត គួរ​តែ​មាន​រោងចក្រ​ផ្សេងៗ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ជា​ជាង​ឱ្យ​ចិន យក​កម្មករ​របស់​គេ​មក​សាងសង់​ថ្នល់ ហើយ​មិន​សូវ​មាន​គុណភាព​បែប​នេះ»

ក្នុង​រយៈពេល ១៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ខ្ចី​លុយ​ពី​សម្ព័ន្ធមិត្ត​ចិន ជិត ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​យក​មក​អភិវឌ្ឍន៍​នានា ដូចជា​ផ្លូវ ថ្នល់ ស្ពាន សាលារៀន​ជាដើម ស្រប​ពេល​ចិន បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង ១៨០​លាន​ដុល្លារ​ផ្សេង​ទៀត។

​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា បន្ទាប់​ពី​ចូលរួម​បើក​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​មាន​មេដឹកនាំ​ចូល​រួម ២៨​ប្រទេស ព្រម​ទាំង​ប្រមុខ​អង្គការ​សហប្រជាជាតិ រួម​ទាំង​សហគ្រិន និង​អ្នក​ជំនាញ​ខាង​កិច្ចការ​ហិរញ្ញវត្ថុ​ប្រហែល ១​ពាន់​នាក់ នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ លោក ហ៊ុន សែន ក៏​បាន​ជួបពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​រឹងមាំ បន្ទាប់​ពី​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៥០ មក។

តាម​ការ​គ្រោង​ទុក លោក ហ៊ុន សែន និង​គណៈប្រតិភូ នឹង​បន្ត​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ២​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល បន្ទាប់ពី​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥  ខែ​ឧសភា បាន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។