បញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នៅប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស បានក្លាយជាប្រធានបទក្ដៅមួយក្នុងជំនួបពិភាក្សាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងក្រោយជំនួបពិភាក្សាទ្វេភាគីនេះ លោក ហ៊ុន សែន ប្រកាសថា លោក និងនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា បានពិភាក្សាអំពីបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ដែលលោកថា ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ប្រទេសបង់ក្លាដេស។ លោក ហ៊ុន សែន ថ្លែងថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះប្រទេសបង់ក្លាដេស ដែលបើទោះបីជាមានប្រជាជនសរុបរហូតដល់ទៅ ១៦០លាននាក់ ក៏ប្រទេសនេះសុខចិត្តទទួលបន្ទុកចិញ្ចឹមជនភៀសខ្លួនរ៉ូហ៊ីនយ៉ារបស់ប្រទេសមីយ៉ាន់ម៉ា ប្រមាណជាង ១លាននាក់បន្ថែមទៀត។
លោក ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងដែរថា ភាគីទាំងពីរបានពិចារណារួមគ្នាទៅលើកិច្ចការខិតខំធ្វើឲ្យមានឡើងនូវការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ទាំងនេះ ត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញ។ លោក ហ៊ុន សែន ស្នើឲ្យភាគីប្រទេសបង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា ព្យាយាមស្វែងរកនូវដំណោះស្រាយចំពោះបញ្ហានេះ ដើម្បីអាចឲ្យជនភៀសខ្លួនទាំងនេះធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញប្រកបដោយសុវត្ថិភាព។
ការលើកយកបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ានៅមីយ៉ាន់ម៉ា និងបង់ក្លាដេសមកពិភាក្សានៅពេលនេះ ហាក់ផ្ទុយគ្នាស្រលះទៅនឹងគោលនយោបាយការបរទេសដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងព្យាយាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងចង់ឲ្យសហគមន៍អន្តរជាតិអនុវត្តមកលើប្រទេសកម្ពុជា ដូចគ្នាដែលនោះគឺជាគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់គូសបញ្ជាក់ថា បញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជានឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ឬធ្វើអន្តរជាតូបនីយកម្ម នៃបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ា នេះឡើយ។
ដូចគ្នានេះដែរ ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃបក្សកុម្មុយនីស្តចិន កិច្ចសន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត» ដែលមានការចូលរួមពីគណបក្សនយោបាយជាង ២០០គណបក្ស និងមេដឹកនាំគណបក្សនយោបាយមកពីជាង ១២០ប្រទេសនៅជុំវិញពិភពលោក លោក ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗអំពីការគោរពអធិបតេយ្យ និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ ដោយខ្លួនឯង មិនថាប្រទេសនោះធំ ឬតូច ខ្លាំង ឬខ្សោយនោះទេ។ លោកថា ប្រទេសទាំងអស់ត្រូវ តែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងត្រូវគោរពសិទ្ធិរបស់ប្រទេសដទៃ ក្នុងការជ្រើសរើសប្រព័ន្ធគ្រប់គ្រង និងមាគ៌ាអភិវឌ្ឍន៍ ដោយឯករាជ្យ និងគ្មានការរំខាន។
ការព្យាយាមលើកយកបញ្ហាវិបត្តិផ្ទៃក្នុងរ៉ូហ៊ីនយ៉ាមកពិភាក្សាលើកនេះ ត្រូវគេមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមប្រើប្រាស់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស និងបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ានេះ ធ្វើជាប្រធានបទនយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិមកលើវិបត្តិនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា បច្ចុប្បន្ន ដែលកំពុងតែអូសបន្លាយ និងធ្លាក់ចុះដុនដាបកាន់តែធ្ងន់ធ្ងរនេះ ដើម្បីបញ្ចៀសកម្ពុជា ពីការដាក់ទណ្ឌកម្មណាមួយពីសំណាក់សហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។