លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនកាដូឆ្នាំថ្មីឲ្យប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាល នៅដើមឆ្នាំ២០១៨ នេះ គឺកាដូព្រមានដកអភិបាលខណ្ឌ ដោយសារតែរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅក្បែរភូមិគ្រឹះរបស់លោកមិនល្អ និងកាដូមួយទៀតគឺជាការបន្ទោសពលរដ្ឋដែលមិនចេះគិតទិញបន្លែ ផ្លែឈើ ត្រីសាច់នៅលើទីផ្សារមានសារធាតុគីមី មិនចេះគិតពិចារណាជាដើម។
ក៏ប៉ុន្តែសារឆ្នាំថ្មីដែលលោក ហ៊ុន សែន ផ្ដល់ជូនពលរដ្ឋ និងមន្ត្រីក្រោមបង្គាប់របស់ខ្លួនបែបនេះ ត្រូវបានអ្នកវិភាគ និងពលរដ្ឋ លើកឡើងថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមិនចេះទទួលខុសត្រូវ។
អ្នកវិភាគហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេដឹកនាំបរាជ័យក្នុងការដឹកនាំប្រទេសដែលបង្កឲ្យមានបញ្ហាអសន្តិសុខស្បៀងអាហារ បំបាត់អំពើពុករលួយមិនបាន និងបញ្ហាដទៃទៀត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាលដឹកនាំប្រទេសកន្លងមកបរាជ័យទៅលើការគ្រប់គ្រងស្ថាប័នរដ្ឋរបស់ខ្លួន ហើយមិនទទួលខុសត្រូវលើការបរាជ័យរបស់ខ្លួននោះឡើយ។ លើសពីនេះទៀត លោក ហ៊ុន សែន តែងតែបន្ទោសគេឯងទៅវិញ។ លោកបន្ថែមថា រដ្ឋាភិបាលដឹកនាំរដ្ឋមិនយល់ពីករណីរបស់ខ្លួនក្នុងការដឹកនាំប្រទេសដើម្បីរៀបចំស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ សុខុមាលភាពប្រជាពលរដ្ឋ និងយន្តការគ្រប់គ្រងស្ថាប័នរដ្ឋជាដើម៖ «»។
នៅដើមខែមករា ឆ្នាំ២០១៨ ជាឆ្នាំថ្មី ដែលពលរដ្ឋបានបួងសួងសុំសេចក្ដីសុខ និងភាពរីកចម្រើនក្នុងឆ្នាំថ្មីនោះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាទម្លាក់កំហុសទៅលើប្រជាពលរដ្ឋជាថ្មីម្ដងទៀតចំពោះការប្រើប្រាស់បន្លែ ត្រី សាច់ ប្រចាំថ្ងៃជាដើម៖ «»។
បន្ថែមពីនេះទៀត លោក ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋឈប់ទិញបន្លែ ផ្លែឈើ ត្រីសាច់ណាដែលមានជាតិគីមីប្រើប្រាស់ ដើម្បីឲ្យក្រុមឈ្មួញក្ស័យធន។ ក៏ប៉ុន្តែបញ្ហានេះ ទាំងពលរដ្ឋ និងអ្នកវិភាគលើកឡើងថា ប្រជាពលរដ្ឋគ្មានដែនសមត្ថកិច្ច ឬគ្មានជំនាញដើម្បីត្រួតពិនិត្យផលិតផលដែលមានគុណភាព បន្លែ ត្រី សាច់ ណាដែលគ្មានជាតិគីមីនោះឡើយ។ ការត្រួតពិនិត្យទាំងអស់នេះ គឺជាដែនសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ និងជាសមត្ថកិច្ចរបស់មន្ត្រីកាំកុងត្រូលនៅតាមតំបន់ព្រំដែននីមួយៗជាដើម។
អ្នកវិភាគសង្កត់ធ្ងន់ថា ការថ្លែងរបស់លោក ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវឲ្យប្រជាពលរដ្ឋនេះ គឺរដ្ឋាភិបាលហាក់បីដូចជាភ្លេចថា ការចរាចរទំនិញផ្សេងៗ លក់នៅលើទីផ្សារប្រចាំថ្ងៃបាន ឬមិនបាននោះ គឺជាភារកិច្ចរបស់រដ្ឋាភិបាល ទោះបីជាប្រទេសនៅក្នុងតំបន់អាស៊ាន បើកច្រកទីផ្សារសេរីក្នុងការជួញដូរទំនិញនៅក្នុងតំបន់ក្ដី ព្រោះថា រដ្ឋាភិបាលនីមួយៗ មានសិទ្ធិក្នុងការហាមឃាត់ទំនិញក្លែងក្លាយ ឬទំនិញគ្មានគុណភាពនោះឡើយ។

ក្រៅពីនេះទៀត ចំពោះការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញវិញ លោក ហ៊ុន សែន ក៏បន្ទោសមន្ត្រីនគរបាលចរាចរណ៍ដែលគេមើលឃើញថា ពួកគាត់ធ្វើការគ្មានការិយាល័យនៅតាមចិញ្ចើមផ្លូវ មានប្រាក់ខែតិចតូចនោះថា ជាអ្នកបណ្ដោយឲ្យពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ជាដើម។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៣ ខែមករា លោក ហ៊ុន សែន ថែមទាំងព្រមានដកតំណែងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដែលបណ្ដោយឲ្យចរាចរណ៍រញ៉េរញ៉ៃនៅមុខគេហដ្ឋានរបស់លោកទៀតផង៖ «»។
ចំពោះការលុបបំបាត់អំពើពុករលួយវិញ អ្នកវិភាគថា រដ្ឋាភិបាលក៏បរាជ័យក្នុងការបោសសំអាតអំពើពុករលួយដែរ ដូចជាភាពមិនប្រក្រតីទាក់ទងនឹងអាជីវកម្មខ្សាច់ដែលត្រូវបានលាតត្រដាងដោយសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានកន្លងមកនោះ រួមមានការនាំចេញខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ទៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ព្រមទាំងការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់ស ទៅកោះតៃវ៉ាន់ ដែលមានចំនួនប្រមាណ ៧៥លានតោន គិតជាទឹកប្រាក់ជិត ៨០០លានដុល្លារ តែទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា មានមិនដល់ ៣លានតោនផង។ មកទល់ពេលនេះ លោក ហ៊ុន សែន មិនទាន់មានចំណាត់ការណាមួយទៅលើមន្ត្រីពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយនេះនៅឡើយទេ។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់នៅលើពិភពលោក។
សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយក្នុងវិស័យសាធារណៈឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញកាលពីឆ្នាំ២០១៧ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ ស្ថិតក្នុងលេខរៀងទី១៥៦ ក្នុងចំណោមប្រទេស១៧៦។ កម្ពុជាទទួលបានពិន្ទុ ២១ រយៈពេល ៣ឆ្នាំជាប់គ្នាមកហើយ។
លទ្ធផលនៃសន្ទស្សន៍នេះ បង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានអំពើពុករលួយខ្លាំង ហើយនៅតែឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចំណាត់ថ្នាក់ទាបបំផុតលំដាប់ទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទោះបីជារដ្ឋាភិបាលបរាជ័យក្នុងការដឹកនាំលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការទប់ស្កាត់ទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ នៅលើទីផ្សារក្ដី ប៉ុន្តែគេមើលឃើញថា រដ្ឋាភិបាលជោគជ័យលើការធ្វើច្បាប់ ដើម្បីរឹតត្បិតសេរីភាព និងការប្រើប្រាស់តុលាការរបស់ខ្លួន ដែលគេហៅថា តុលាការតេឡេនោះ ក្នុងការចាប់ចងសកម្មជនបរិស្ថាន សកម្មជនដីធ្លី តំណាងរាស្ត្រ មេបក្សប្រឆាំង អ្នកវិភាគ អ្នកសារព័ត៌មានឯករាជ្យ និងការរំលាយគណបក្សប្រឆាំងជាដើម។ អ្នកវិភាគហៅភាពជោគជ័យរបស់រដ្ឋាភិបាលលើការបិទមាត់អ្នកមានមតិផ្ទុយពីខ្លួននេះ ថាជាទង្វើដឹកនាំបែបផ្ដាច់ការនៅក្នុងរបបប្រជាធិបតេយ្យតែសំបកក្រៅ និងជារដ្ឋាភិបាលមិនចេះទទួលខុសត្រូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។