លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបជាលើកទី១ បន្ទាប់ពីការបោះឆ្នោតអាណត្តិទី៥។ ទស្សនកិច្ចផ្លូវការនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា។
លោក ហ៊ុន សែន និងគណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្សេបៃហ្សង់ (Azerbaijan) និងប្រទេសបេឡារូស (Belarus)។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ស្រ៊ី ថាមរុង្គ មានប្រសាសន៍ប្រាប់អ្នកកាសែតថា លោក ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាអាហ្សេបៃហ្សង់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ដោយខ្លឹមសារសំខាន់គឺការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ចំពោះដំណើរទៅកាន់ប្រទេសបេឡារូសវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋសភាប្រទេសបេឡារូស ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសហការគ្នារវាងវិស័យមួយចំនួននៃប្រទេសទាំងពីរទៀតផង។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងស្របពេលដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី កំពុងធ្វើទស្សនកិច្ចនៅក្នុងសហគមន៍អឺរ៉ុប ក្នុងទ្វីបអឺរ៉ុបដូចលោក ហ៊ុន សែន ដែរ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយកម្ពុជា កំពុងស្វែងរកផលចំណេញផ្នែកនយោបាយរៀងៗខ្លួន។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសដែលជាស្ថិតក្រោមអតីតសហភាពសូវៀត ដើម្បីប្រយោជន៍ការទូត និងនយោបាយ ហើយលោក ហ៊ុន សែន ក៏អាចរៀនសូត្រមេរៀននយោបាយដ៏រឹងមាំពីប្រធានាធិបតីបេឡារូសដែរ។ ចំពោះទស្សនកិច្ចរបស់លោក សម រង្ស៉ី វិញ ជាដំណើរស្វែងរកផលប្រយោជន៍នយោបាយដូចគ្នា។
លោក សម រង្ស៉ី នឹងស្នើឲ្យសហគមន៍អឺរ៉ុបជួយដាក់សម្ពាធមកលើកម្ពុជា ក្នុងបញ្ហានយោបាយ។ លោកសន្និដ្ឋានថា អ្នកនយោបាយកំពូលរបស់កម្ពុជា ទៅកាន់ទ្វីបអឺរ៉ុបដូចគ្នាមែន តែមិនអាចមានឱកាសជួបគ្នាទេ។
លោក សុខ ទូច៖ «សម្ដេចនាយករដ្ឋមន្ត្រីទៅគាត់អាចរៀនសូត្រពីប្រធានាធិបតីបេឡារូស ថាធ្វើម៉េចអាចរក្សាអំណាចបាន ហើយគណបក្សប្រឆាំងហ្នឹងទៅសហគមន៍អឺរ៉ុបនេះ កុំឲ្យសហគមន៍អឺរ៉ុបហ្នឹងមានការជ្រោមជ្រែងណាមួយ បើគ្មានការដោះស្រាយ។ ទឹកដីបេឡារូស អាចទទួលលោក សម រង្ស៉ី ហើយលោក សម រង្ស៉ី ក៏មិនទៅទីនោះដែរ ចំណែកលោក ហ៊ុន សែន វិញ ក៏រវល់ជាមួយប្រទេសម្ចាស់ផ្ទះដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៉ី កាលពីមុនថ្ងៃចូលឆ្នាំបានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលជិត ៥០នាទី។ ខ្លឹមសារសំខាន់ គឺពិភាក្សាពីការកែទម្រង់ការបោះឆ្នោត និងដោះស្រាយភាពមិនចុះសម្រុងគ្នាលើបញ្ហានយោបាយ ប៉ុន្តែមកដល់ពេលនេះ មិនមានការព្រមព្រៀងគ្នាណាមួយជាថ្មីនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
