លោក ហ៊ុន សែន ប្រកាស​កាត់​ដៃ​ស្ដាំ​ចោល​បើ​លោក​លើក​លែង​ទោស​លោក សម រង្ស៊ី

0:00 / 0:00

សារ​នយោបាយ​បែប​សច្ចា​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​ឆ្នាំ​២០១៥ គឺ​ការ​កាត់​ដៃ​ចោល បើ​លោក​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើសុំ​លើក​លែង​ទោស​ដល់ លោក សម រង្ស៊ី។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តែង​មិន​ទៀងទាត់។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់​ទុក​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ថា តែង​តែ​ប្រែប្រួល​ស្មាន​មិន​បាន។ លោក យឹម សុវណ្ណ លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី លោក ហ៊ុន សែន ប្ដេជ្ញា​ចិត្ត​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា នឹង​កាត់​ដៃ​លោក​ចោល បើ​សិន​ជា​លោក​ចុះ​ហត្ថលេខា​លើក​លែង​ទោស​ឲ្យ​អ្នក​ណា​ម្នាក់​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ក្ដី តែ​ត្រូវ​គេ​មើល​ឃើញ​ថា លោក​ចង់​សំដៅ​ទៅ​លើ លោក សម រង្ស៊ី។ លោក យឹម សុវណ្ណ ចាត់​ទុក​សារ​នយោបាយ​បែប​នេះ​ថា ជា​នយោបាយ​មិន​ទៀងទាត់៖ «បើ​យើង​ក្រឡេក​មើល​ស្ថានការណ៍​នយោបាយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ស្ថានការណ៍​នយោបាយ​វិវឌ្ឍន៍​ប្រែប្រួល​ទៅ​តាម​ពេលវេលា ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ទៅ​តាម​និន្នាការ​នយោបាយ​របស់​សកលលោក។ ដូច្នេះ យើង​មិន​អាច​ទាយ​ទុក​ជា​មុន​ថា វា​នឹង​វិវឌ្ឍន៍​ដូចម្ដេច​ទេ​នៅ​ពេល​ខាង​មុខ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក ដែល​តែង​តែ​ចុះ​ហត្ថលេខា​លើ​លិខិត​លើក​លែង​ទោស​ឲ្យ លោក សម រង្ស៊ី ចំនួន​ពីរ​លើក​មក​ហើយ​នោះ បែរ​ជា​ពេល​នេះ លោក​ប្រកាស​ថា លោក​នឹង​កាត់​ដៃ​ចោល​ទៅ​វិញ៖ «ឥឡូវ​សុំ​កុំ​សង្ឃឹម។ ខ្ញុំ​ប្រកាស បើ​ខ្ញុំ​ចុះ​ហត្ថលេខា​លើក​ទោស​ឲ្យ​នរណា ខ្ញុំ​នឹង​កាត់​ដៃ​ស្ដាំ​ខ្ញុំ​គ្រវាត់​ចោល។ អ្នក​ឯង​ចាំ​ទៅ។ មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង គឺ​អ្នក​ឯង​អ្នក​ដាក់។ អ្នក​ឯង​ធ្វើ​ស្អី​ចំពោះ​ខ្ញុំ? ហួស​ពេល​ហើយ​អូន។ ដល់​តែ​ត្រូវ​ប៉ុន្មាន​កំផ្លៀង​ទៅ ទើប​មក​និយាយ​បង្រួប​បង្រួម​ជាតិ។ មាន​តែ​ខ្មែរ​ទេ ដែល​អាច​រួម​បាន​និយាយ​គ្នា​បាន ពឹង​បរទេស​អត់​បាន។ ប៉ុន្តែ​ទៅ​ពឹង​អឺរ៉ុប ឲ្យ​កាត់​ជំនួយ។ វា​ទៅ​ជា​អ៊ីចឹង​ទៅ។ ខ្ញុំ​ប្រកាស​ជូន​ឲ្យ​ហើយ ព្រោះ​លើក​ទី​ពីរ​ហើយ។ លើក​ទី​បី ហ៊ុន សែន នឹង​កាត់​ដៃ​ខ្លួន​ឯង​គ្រវាត់​ចោល។ នេះ​ជា​សារ​ចុង​ឆ្នាំ ប្រាប់​ឲ្យ​ហើយ។ អី​ក៏​ខូច​ម្ល៉េះ!»

ទោះ​បី​ជា​សារ​របស់ លោក ហ៊ុន សែន ដែល​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ មិន​ចំ​ឈ្មោះ​នរណា​ម្នាក់​ក្ដី ក៏​សាច់​រឿង​នេះ គឺ​សំដៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី។

លោក សម រង្ស៊ី កំពុង​គេច​ពី​ការ​ចាប់​ខ្លួន​របស់​រាជ​រដ្ឋាភិបាល ទាក់ទង​នឹង​រឿង​ក្ដី​ក្ដាំ​នៅ​តុលាការ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស លោក ហោ ណាំហុង។ លោក ហ៊ុន សែន ថ្លែង​ថា រឿង​ក្ដីក្ដាំ លោក សម រង្ស៊ី ជាមួយ​រាជ​រដ្ឋាភិបាល បាន​ដោះ​រួច​ហើយ ប៉ុន្តែ​រឿង​បន្ត​ទៀត​នេះ លោក​មិន​អាច​បំពាន​សិទ្ធិ លោក ហោ ណាំហុង បាន​ទេ។

ទាក់ទង​នឹង​ការ​គេច​ខ្លួន​របស់ លោក សម រង្ស៊ី នេះ​ដែរ លោក ហ៊ុន សែន ប្រកាស​ថា នៅ​ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ច្បាប់​កំណត់​ប្រធាន​គណបក្ស​នយោបាយ និង​ស្ថាប័ន​មួយ​ចំនួន ឲ្យ​មាន​សញ្ជាតិ​តែ​មួយ៖ «ខាង​គណបក្ស​ប្រជាជន កំពុង​តែ​គិតគូរ ដោយសារ​យើង​មាន​ច្បាប់​មួយ​រួច​ទៅ​ហើយ ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ។ ដូច្នេះ ពេល​ខាង​មុខ ច្បាប់​ស្ដីពី​បក្ស​នយោបាយ ចាំបាច់​ត្រូវ​កំណត់​ប្រធាន​បក្ស​នយោបាយ ត្រូវ​តែ​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឲ្យ​មាន​រឿង​អី កាន់​ប៉ាសស្ព័រ​បរទេស​រត់ ហើយ​បរទេស​មក​អន្តរាគមន៍។ យើង​ពិនិត្យ​មើល បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ហើយ តើ​ប្រធាន​បក្ស​នយោបាយ​ត្រូវ​ទេ? វា​ត្រូវ។ អ៊ីចឹង​ត្រូវ​រៀបចំ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំងអស់ រាប់​អគ្គសវនករ ប្រធាន​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំងអស់»

ជា​ការ​ឆ្លើយ​តប មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ហៅ​ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​បែប​នេះ ថា​ជា​ការ​រើសអើង ហើយ​គណបក្ស​លោក​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បែប​នេះ​ទេ៖ «យើង​មិន​គួរ​រើសអើង​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ហើយ​មាន​សញ្ជាតិ​ពីរ ខ្មែរ និង​បរទេស​នោះ​ទេ ពីព្រោះ​គេ​ក៏​ជា​កូន​ខ្មែរ គេ​មាន​ឈាម​ជ័រ​ជា​ខ្មែរ គេ​ស្រឡាញ់​ទឹក​ដី​ខ្មែរ។ គេ​ចង់​ចូលរួម​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ។ ដូច្នេះ​គួរ​តែ​បើក​ទូលាយ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​ប្រមែប្រមូល​ធនធាន​មនុស្ស​ទាំងអស់ មក​ជួយ​ប្រទេស​ជាតិ ដែល​កំពុង​ខ្វះខាត​ធនធាន​មនុស្ស​នោះ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​សារ​ខ្លាំងៗ​របស់​លោក​នៅ​ពេល​នេះ ថា​ជា​សារ​ជូន​ពរ​ចូល​ឆ្នាំ​ថ្មី​សម្រាប់​អ្នក​ទាំងអស់​គ្នា រាប់​ទាំង​អ្នក​ជាប់​គុក​ផង ដោយ​លោក​ដៀមដាម​ថា អ្នក​ជាប់​គុក​នៅ​ក្រៅ​ប្រទេស គឺ​នៅ​ប៉ារីស មិន​មែន​ជា​ការ​ជាប់​គុក​ពិបាក។ លោក​ទាមទារ​ឲ្យ​អ្នក​នយោបាយ ត្រូវ​មាន​សុជីវធម៌ ព្រោះ​កន្លង​មក មាន​អ្នក​នយោបាយ​ខ្លះ​ប្រៀបធៀប​លោក​ទៅ​នឹង​ចោរ និង​ជន​ផ្ដាច់​ការ​លីប៊ី ឈ្មោះ ហ្គាដាហ្វី (Gaddafi) ជាដើម។

ទោះ​ជា​បែប​នេះ​ក្ដី តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ជា​បន្តបន្ទាប់​នោះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ជា​ហេតុ​ផល​នយោបាយ។ អ្នក​វិភាគ​លើក​ឡើង​ថា ការ​ប្រកាស​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ជា​ការ​បិទ​ផ្លូវ​របស់ លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ នៅ​ខណៈ​លោក​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង នោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា ការ​ប្រកាស​របស់ លោក ហ៊ុន សែន នេះ គ្មាន​អ្វី​ឋិតថេរ​ទេ អ្នក​នយោបាយ​តែង​តែ​ផ្លាស់ប្ដូរ​នៅ​ពេល​មាន​ការ​វិវឌ្ឍ​នយោបាយ​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។