លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងកំដរលេងល្បែងនយោបាយទាំងក្តៅ ឬត្រជាក់ គ្រប់រសជាតិ គ្រប់រដូវកាល ជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែប្រធានស្តីទីគណបក្សប្រឆាំងឆ្លើយតបភ្លាមៗថា លោក ហ៊ុន សែន និយាយដូចនេះ ព្រោះដឹងថា គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅពេលខាងមុខ ហើយគណបក្សសង្គ្រោះជាតិ មិនលេងល្បែងនយោបាយបែបនេះកំដរលោក ហ៊ុន សែន ទេ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំសភានៅចំពោះមុខសមាជិកសភាទាំងពីរបក្សថា លោកមិនគំរាមអ្នកណានោះទេ ប៉ុន្តែលោកអាចកំដរលេងបានគ្រប់ទម្រង់ទាំងអស់។
លោក ហ៊ុន សែន ថ្លែងដូចនេះនៅមន្ទីររដ្ឋសភា ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ ថ្ងៃទី២០ ខែតុលា ស្ដីពីការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារូស (Belarus) ស្ដីពីការជំរុញ និងការពារទៅវិញទៅមកនៃវិនិយោគ៖ «បើអស់លោកចង់បន្ត ខ្ញុំកំដរលេង! ខ្ញុំបានប្រាប់ទៅ រង្ស៊ី ហើយ ខ្ញុំកំដរលេងគ្រប់ទម្រង់លេង។ ខ្ញុំត្រូវតែនិយាយដើម្បីជៀសវាងការឆ្លៀតឱកាសបញ្ចេញមតិ។ គណបក្សប្រជាជនកំដរគ្រប់ទម្រង់លេង គ្រប់រសជាតិ ផ្អែម ល្វីង ជូរ ចត់ ខ្ញុំលេងបានទាំងអស់»។
ដើមចមដែលលោក ហ៊ុន សែន ថ្លែងបែបនេះ ត្រូវបានលោក ហ៊ុន សែន និយាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យកវេទិកាសេដ្ឋកិច្ច និយាយទាក់ទងរឿងផ្ទៀងផ្ទាត់ផែនទី និងរឿងផែនការក៥។
ក្នុងពេលផ្ញើសារនយោបាយទៅគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន ថែមទាំងព្រមានខ្លាំងៗ និងចង្អុលចំៗ ទៅអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅលោកនៅលើគណនេយ្យហ្វេសប៊ុក (Facebook) ឲ្យលោកបើកចិត្តឲ្យទូលាយ៖ «ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្ដមប្រដៅខ្ញុំនៅក្នុងហ្វេសប៊ុក របស់ឯកឧត្ដម ប៉ុន្តែឯកឧត្ដមក៏ភ្លេចគិតថា មេរបស់ឯកឧត្ដម ប្រមាថចំពោះអ្នករៀនសូត្រក្នុងស្រុកប៉ុណ្ណា»។
ឆ្លើយតបនឹងប្រសាសន៍របស់លោក ហ៊ុន សែន អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់បទសម្ភាសន៍មកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២០ ខែតុលា ក្រៅពីកិច្ចប្រជុំសភាបញ្ចប់ថា ការលើកឡើងរបស់លោកក្នុងគោលបំណងផលប្រយោជន៍រួម។ លោកបញ្ជាក់បន្ថែមថា ទស្សនៈដែលលោកលើកឡើងនោះ មិនសំដៅទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ទោះលោក ហ៊ុន សែន និយាយខ្លាំង និងចង្អុលចំៗទៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមេដឹកនាំគណបក្សនេះ មិនបានបង្ហាញការភ្ញាក់ផ្អើលនោះឡើយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា លើកឡើងថា លោក ហ៊ុន សែន និយាយដូច្នេះ ព្រោះលោក ហ៊ុន សែន ដឹងថា ខ្លួននឹងចាញ់ឆ្នោត ហើយថា ភាសានយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះ មិនមានអ្វីប្លែក ឬថ្មីនោះទេ៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា មិនមានអីថ្មីទេ ខ្ញុំគិតថា គាត់ដឹងថា គាត់នឹងចាញ់ ហើយសង្គ្រោះជាតិ នឹងឈ្នះ បានជាគាត់និយាយអីពេលឈ្នះឆ្នោត អ៊ីចឹងប្រហែលគាត់ដឹងថា សង្គ្រោះជាតិឈ្នះឆ្នោតហើយ»។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា និងជាអ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី ស្វាគមន៍សារនយោបាយរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោកស្នើឲ្យលោក ហ៊ុន សែន លេងល្បែងនយោបាយដែលមានប្រយោជន៍ចំពោះសាធារណជន ដូចជាការដេញដោលនៅលើវេទិកាសាធារណៈ។ ទោះយ៉ាងនេះក្តី លោក កែម ឡី សង្កេតឃើញថា ទម្រង់នយោបាយដែលលោក ហ៊ុន សែន លេងកន្លងមក គឺចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារចោទប្រកាន់គ្មានភស្តុតាង ឬប្រកាសថា នឹងមានសង្គ្រាមប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត៖ «មេបក្ស ទាំងពីរអាចប្រកួតប្រជែងគ្រប់ទម្រង់ដូចនៅប្រទេសគេទៅ ដូចជាការប្រកួតតាមរយៈការធ្វើវេទិកាសាធារណៈដេញដោលគ្នា ជជែកគោលនយោបាយ ការប្រឡងប្រណាំងជាមួយយុវជនអីទៅ ខ្ញុំគិតថាចំណេញជាង»។
លោក កែម ឡី សង្កេតឃើញថា រូបភាពដដែលតែងកើតឡើងនៅសង្គមនយោបាយខ្មែរតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ខណៈដែលលោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសនោះ គឺមានតែមនុស្សបាត់ខ្លួនដោយមិនមានហេតុផល ការសម្លាប់មនុស្ស សកម្មជនបក្សប្រឆាំង ករណីបោកគ្រាប់បែកចូលហ្វូងបាតុករ ការចោទប្រកាន់ និងបាញ់សម្លាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
