លោក ហ៊ុន សែន ព្រមាន​វាយ​កងទ័ព​ឡាវ​បើ​​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​​ទឹកដី​​កម្ពុជា

ដោយ ខែ សុណង
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
Photo Provided

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា មួយ​សប្ដាហ៍​ទៀត កម្លាំង​រដ្ឋាភិបាល​កម្ពុជា នឹង​វាយ​កម្ទេច​កង​កម្លាំង​យោធា​របស់​ប្រទេស​ឡាវ ដែល​ចូល​ទឹកដី​កម្ពុជា តំបន់​អូរអាឡៃ ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​យូរ​ថ្ងៃ​ទី​១៧ ខែ​សីហា ប្រសិន​បើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​កម្ពុជា ដាក់​កម្លាំង​ត្រៀម​វាយ​ទ័ព​ប្រទេស​ឡាវ ដែល​បាន​ចូល​ទឹក​ដី​ខេត្ត​ស្ទឹងត្រែង ស្រប​ពេល​ដែល​លោក​គ្រោង​នឹង​ចេញ​ទៅ​ជួប​ពិភាក្សា​បញ្ហា​ព្រំដែន​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃ​ទី​១២ សីហា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃ​នេះ លោក​បាន​ផ្ញើ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ ហើយ ពី​ករណី​ដែល​កងកម្លាំង​របស់​ឡាវ ឆ្លង​ទន្លេ​សេកុង ចូល​ទឹកដី​កម្ពុជា ក្នុង​ហេតុផល​ទប់ស្កាត់​កម្ពុជា មិន​ឲ្យ​ធ្វើ​ផ្លូវ​លើ​ដី​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ហើយ​ភ្លាមៗ​កម្ពុជា ក៏​ព្រម​ផ្អាក​សកម្មភាព​ធ្វើ​ផ្លូវ​នោះ​ដើម្បី​បញ្ចៀស​បញ្ហា​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​រហូត​មក​ពេល​នេះ លោក​ថា ភាគី​ឡាវ មិន​ទាន់​តប​លិខិត​លោក​វិញ​នៅ​ឡើយ។ លោក​បន្ត​ថា លោក​គ្រោង​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ ភ្លាមៗ បើ​សិន​ឡាវ ព្រម​ជួប​ជជែក​គ្នា​ពី​ការ​ដក​កម្លាំង​ចេញ​ពី​ទឹកដី​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា លោក​ធ្លាប់​ហៅ​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ រួច​ហើយ​ពី​ករណី​នេះ ប៉ុន្តែ​គ្មាន​លទ្ធផល​រហូត​ដល់​លោក​ចង់​ទៅ​ជួប​មេដឹកនាំ​ឡាវ តែម្ដង ដើម្បី​សួរ​ឲ្យ​ច្បាស់​មុន​នឹង​កម្ពុជា សម្រេច​ប្រើ​កម្លាំង៖ «បើ​សិន​ជា​បង​ប្អូន​ឃើញ​មាន​ការ​ចល័ត​កងទ័ព​សូម​កុំ​ភ្ញាក់ផ្អើល គឺ​គោលដៅ​ទៅ​ស្ទឹងត្រែង ព្រំដែន​ឡាវ។ មិន​អាច​ឲ្យ​នរណា​មួយ​ជាន់​ដី​ខ្មែរ​ដែល​យើង​មិន​បាន​គិត​នោះ​ទេ មិត្តភ័ក្ដិ​គឺ​មិត្តភ័ក្ដិ​ហើយ តែ​បើ​មិត្ត​មក​ជាន់​ក្បាល​អ៊ីចឹង​មិន​បាន​ទេ។ ខ្ញុំ​សូម​បញ្ជូន​សារ​ពី​ទី​នេះ អំពាវនាវ​ចំពោះ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ឱសានវាទ​យូរ​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១៧ បើ​មិន​ចង់​មាន​រឿង​គឺ​ដក»

លោក​ថ្លែង​ដូច​នេះ​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ថ្នាក់​ដឹកនាំ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ប្រកាស​គោរមងារ​បណ្ឌិតសភាចារ្យ និង​សមាសភាព​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​បណ្ឌិត​សភាចារ្យ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា។

តាម​គម្រោង​គឺ​ថ្ងៃ​ទី​១២ ខែ​សីហា លោក ហ៊ុន សែន នឹង​ទៅ​ប្រទេស​ឡាវ ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ជា​លើក​ចុង​ក្រោយ ដើម្បី​ពិភាក្សា​បញ្ហា​ព្រំដែន។ ជំនួប​នេះ​អាច​នឹង​លុប​ចោល បើ​សិន​ជា​ភាគី​ឡាវ ដក​ទ័ព​ចេញ។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា បើ​សិន​ឡាវ អះអាង​ថា ទីតាំង​ដែល​កង​កម្លាំង​ខ្លួន​កំពុង​ឈរ​ជើង​នោះ​ជា​ទឹក​ដី​របស់​ឡាវ លោក​ស្នើ​ប្រទេស​ឡាវ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ឡាអេ ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចង់​បង្ក​សង្គ្រាម ឬ​វាយ​ប្រហារ​ប្រទេស​ណា​ទេ តែ​ដើម្បី​​ការពារ​ទឹកដី​កម្ពុជា នោះ​លោក​ត្រូវ​តែ​ធ្វើ៖ «បើ​មិន​អស់​ចិត្ត​គ្នា ថា​ដី​នរណា​អី​នរណា ឥឡូវ​ស្ម័គ្រ​ចិត្ត​ឡើង​តុលាការ​ទាំង​អស់​គ្នា បើ​សិន​ជា​ឡាវ ព្រម​ឥឡូវ​ហ្នឹង ទៅ​តុលាការ​ឡាអេ ទាំង​អស់​នេះ​ជៀសវាង​ហូរ​ឈាម»

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ឲ្យ​តែ​មាន​ការ​រំលោភ​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​តែ​ប៉ះពាល់​ចំណង​មិត្តភាព​ហើយ។ លោក​ថា ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី លោក​សង្ឃឹម​ថា មិន​អាច​ឈាន​ទៅ​រក​ការ​ប្រឈម​ប្រដាប់​អាវុធ​ដាក់​គ្នា​ទេ ប៉ុន្តែ​ជា​សារ​មួយ​ផ្ញើ​ទៅ​ឲ្យ​រដ្ឋាភិបាល​ឡាវ ដើម្បី​ចូល​ខ្លួន​មក​កាន់​តុ​ចរចា​គ្នា​ដែរ៖ «ខ្ញុំ​គិត​ថា នេះ​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​មេ​ដឹកនាំ​ក្នុង​ប្រទេស​នីមួយៗ​ត្រូវ​តែ​ធ្វើ កាលណា​មាន​ការ​រំលោភ​បំពាន​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​និយាយ​គ្នា​ហើយ ​ព្រមាន​នេះ​ត្រូវ​ធ្វើ​ឡើង​ហើយ។ ជួនកាល​ការ​ព្រមាន​នេះ​វា​អាច​ជា​ដំណោះស្រាយ​មួយ​ដែរ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​អាវុធ​របស់​ខ្លួន មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

បន្ត​មក​ទៀត យោធា​ឡាវ​ក៏​​បន្ត​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ដដែល ពុំ​មាន​អ្វី​ប្រែប្រួល​ទេ បំណង​រារាំង​កង​កម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ និង​ចង់​គ្រប់គ្រង​ទីនោះ​ដដែល។

នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រើប្រាស់​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ស្ដីពី​ប្រាសាទ​ព្រះវិហារ យ៉ាង​មាន​ប្រសិទ្ធភាព។ លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០០៨ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​អាសនៈ​សភា​ចំនួន ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១២៣​អាសនៈ ពោល​គឺ​កើន​ឡើង​ពី ៧៣​អាសនៈ ដែល​គណបក្ស​នេះ​ទទួល​បាន​ពី​ឆ្នាំ​២០០៣ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

stars general have no soldier or no based

A lots stars general fighters platoon will go to war,but it's ridiculous for some stars general who didn't have a unit or no soldiers to fight,most those stars general risen up by bribed,corruption,party connection,despot,buy the ranks,family connection in easier to ripoff people lands or farmland across the board,and some stars general ranked just made up military effective list to cheat the govm't's benefit and some included their whole family or some one else to scam"phantom lists".

Aug 12, 2017 06:16 PM

stars general have no soldier or no based

A lots stars general fighters platoon will go to war,but it's ridiculous for some stars general who didn't have a unit or no soldiers to fight,most those stars general risen up by bribed,corruption,party connection,despot,buy the ranks,family connection in easier to ripoff people lands or farmland across the board,and some stars general ranked just made up military effective list to cheat the govm't's benefit and some included their whole family or some one else to scam"phantom lists".

Aug 12, 2017 06:15 PM

KODAK

ពី PHNOM PENH

ប្រជាពលរដ្ឋគួរកំុយកចិត្តទុកដាក់រឿងសង្គ្រាមកម្ពុជានឹងឡាវ ព្រោះជា
រឿងនយោបាយដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ។ចុះយួនចូលជីកស្រះ
ក្នុងដីខ្មែរម្ដេចមិនសម្លុតយួនផង បើហ៊ានចេត៕

Aug 11, 2017 08:47 PM

អ្នក​អាន​អនាមិក


ជិតដល់ពេលបោះឆ្នោតស្រាប់តែសម្តេចម៍ប្រកាសសង្គ្រាមជាមួយឡាវ ចុះយួនប្លន់ដីខ្មែរទាំងថ្ងៃម្តេចក៍សម្តេចម៍មិនប្រកាសសង្គ្រាមផង? បុរសខ្លាំងក្សោយមហាសែនក្សោយ បានតែខ្មែរ។

Aug 11, 2017 08:15 PM

អ្នក​អាន​អនាមិក

អ្វីដែលគួរធ្វើទាំងក្នុងស្រុក និង ជាមួយបរទេស និង​ព្រទេសជិឋាង បានធ្វើអស់ហើយ ចុងបញ្ចប់នៅតែចាញ់ឆ្នោត និង ចាញ់ច្រើនជាងមុនទៀត ។ នេះមកពីមិនដឹងថាត្រូវយកចិត្ត ប្រជាជនយ៉ាងម៉េច។ ចេះតែទាត់ធាក់ គុកច្រវ៉ាក់ សំដីពាល រុកកួន រើសអើង សីុជោរ មិនបានក្មេងថ្នាក់ទី២ឬ៣ផង ។ តើអ្នកពិតជាមិនយល់ត្រូវបង្រួបបង្រួមជាតិ ប្រជាជនយ៉ាងម៉េចឬ? គេមានសេរីភាព ជ្រើសរើសអ្វីដែលគេស្រឡាញ់ និង​ចូលចិត្ត សំរេចពីអនាគតរបស់គេ ដូចដែលអ្នករើសខោអាវ ឬ​អនាគតអស់លោក ឬកូនចៅអស់លោកអញ្ជឹងដែរ ។ ក្មេងៗជាច្រើនបានរៀនចប់ថ្នាក់ទី៩ យល់ច្រើនជាងមនុស្សពាលទាំងអស់នេះណាស់ ។​ ដល់ពេលហើយ ។

Aug 11, 2017 07:44 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល