លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ជា​កូន​របស់​ជន​ក្បត់​ជាតិ

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​បាន​ផ្ញើ​សារ​នយោបាយ​ចុង​ក្រោយ​របស់​លោក ទៅ​កាន់​មេ​បក្ស​ជំទាស់​ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​សារ​អសីលធម៌ និង​មិន​គួរ​ឲ្យ​កើត​មាន​ឡើយ។ សារ​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​ហៅ​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​ដែល​អ្នក​វិភាគ​យល់​ថា គំរោះគំរើយ​នោះ គឺ​លោក ហ៊ុន សែន ហៅ​ថា ជា​កូន​អា​ក្បត់​ជាតិ។

ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ដែល​មិន​ទាន់​ទាំង​បាន​ត្រជាក់​ទៅ​វិញ​ស្រួលបួល​ផង​នោះ កើន​ឡើង​មួយ​កម្រិត​ថែម​ទៀត។

កម្ដៅ​នយោបាយ​ដែល​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត រហូត​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​ប្រើប្រាស់​វង្សត្រកូល​មក​ធ្វើ​ជា​ល្បែង​ម្ដង​វិញ​នេះ ខណៈ​ដែល​មេដឹកនាំ​បក្ស​ជំទាស់​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន ជួយ​បញ្ចុះ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​តែ​ឡើង​អង្សា​កាន់​តែ​ខ្លាំង ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​យ៉ាង​ពិស្ដារ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​កូន​អា​ក្បត់​ជាតិ។ បន្ថែម​លើ​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​ផ្សាយ​ផ្ទាល់​សារ​ទាំង​នោះ​តាម​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ទៀត។ លោក​បន្ត​ថា «ខ្ញុំ​គ្រាន់​តែ​និយាយ​តាម​សម្ដេច​ព្រះ​នរោត្តម សីហនុ អំពី សម សារី ក្បត់​ជាតិ។ តែ​ឪ​ក្បត់​ជាតិ វា​ត្រូវ​កូន​មាន​ឈ្មោះ​ថា​កូន​អា​ក្បត់​ជាតិ​ហើយ។ គេ​មិន​ដែល​ហៅ​ឯកឧត្ដម​ក្បត់​ជាតិ​ទេ គេ​ហៅ​អា​ក្បត់​ជាតិ»

បើ​ទោះ​ជា​បែប​ណា សម្រាប់​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បញ្ហា​នេះ​រឹត​តែ​រុញ​ច្រាន​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត បង្ហាញ​ការ​សោកស្ដាយ​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ហេតុផល​នយោបាយ​របស់​ខ្លួន។ លោក​បន្ត​ថា នេះ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត ដែល​ម្នាក់ៗ​បាន​ចម្លង​ទុក​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​បាន​ធ្វើ​ឲ្យ​សីលធម៌​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ លោក អ៊ូ វីរៈ ចាត់​ទុក​ថា មេដឹកនាំ​ទាំង​ពីរ លោក​រក​ពុំ​ទាន់​ឃើញ​ថា បាន​ប្រើប្រាស់​ឥរិយាបថ​ក្នុង​សេចក្ដី​ថ្លៃថ្នូរ និង​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ឡើយ​ទេ សម្រាប់​គំរូ​នៃ​ការ​ដឹកនាំ​ប្រទេស។ លោក​បន្ត​ថា «បើ​តាម​ខ្ញុំ​មើល​តាំង​ពី​ដើម​មក ការ​ជេរ​ប្រមាថ​គ្នា គឺ​ជា​កំហុស​ទាំង​សង​ខាង ហើយ​ខ្ញុំ​ការ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន គឺ​ជេរ លោក ហ៊ុន សែន សុទ្ធតែ​អា​ខ្វាក់​អា​អី។ ខ្ញុំ​សោកស្ដាយ​មែន ព្រោះ​អី​ជា​គំរូ​មួយ​ដ៏​អាក្រក់»

លោក ហ៊ុន សែន បាន​ព្រមាន និង​បាន​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ក្នុង​សារ​នយោបាយ​របស់​លោក និង​ស្នើ​ឲ្យ​វិនិច្ឆ័យ​ចុះ ​ថា​តើ​នរណា​បង្ក​ហេតុ ​ហើយ​បើ​មាន​អ្វី​កើត​ឡើង សូម​កុំ​បន្ទោស​លោក​ថា​ប្រើ​ពាក្យ​អសុរោះ។ លោក​បន្ត​ថា «យើង​បាន​កំណត់​បន្ទាត់​ក្រហម​នៅ​ពេល​ដែល​អ្នក​ឯង​បញ្ចេញ​សិទ្ធិ​ខុស​ជាមួយ​នឹង​ច្បាប់ ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​ផ្ដួល​រំលំ។ យើង​អស់​ជម្រើស​ហើយ ហើយ​អ្នក​ក៏​នឹង​ទទួល​បាបកម្ម​តាម​អ្វី​ដែល​អ្នក​បាន​សាង»

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក សឺន ស៊ូប៊ែរ្តិ៍ យល់​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​ហាក់​ដូច​ជា​អំនួត​សម្បើម​ណាស់ ដែល​លោក ហ៊ុន សែន ទំនង​ជា​ឆាប់​ភ្លេច​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង ដែល​ទើប​តែ​ចប់​ទៅ​កាល​ពី​ជាង ២០​ឆ្នាំ​មុន ក្រោយ​ចាញ់​ឆ្នោត​ឆ្នាំ​១៩៩៣។ លោក​បន្ថែម​ថា លោក ហ៊ុន សែន នៅ​ពេល​នោះ​ព្យាយាម​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា។

លោក សឺន ស៊ូប៊ែរ្តិ៍ ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ក្បត់​ជាតិ​នោះ គួរ​ជា​មេដឹកនាំ​បច្ចុប្បន្ន​វិញ ព្រោះ​មាន​បទល្មើស​ជា​ច្រើន​សំណុំរឿង ដូច​ជា​បន្ត​បង្ហូរ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កម្ពុជា និង​ព្រមាន​លុប​ចោល​របប​រាជា​និយម​ជា​ដើម។ លោក​បន្ត​ថា «ខេត្ត​ខាង​កើត​ហ្នឹង​នាំ​គ្នា​បែក​ពី​រាជាណាចក្រ​កម្ពុជា។ អ្នក​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ហ្នឹង មិន​ក្បត់​ជាតិ​ទេ​ហ្នឹង។ ដល់​ទី​បញ្ចប់ នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​ស្រុក​យួន»

វិទ្យុ​អាស៊ីសេរី ពុំ​​ទាន់​អាច​​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ថា ថ្វី​បើ​ពុំ​មាន​ឯកសារ​ដែល​បញ្ជាក់​ពី​សាវតារ​របស់​លោក សម សារី ឪពុក​របស់​លោក សម រង្ស៊ី ឲ្យ​បាន​ច្បាស់លាស់​ក្ដី រឿង​នេះ​វា​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ បន្ថែម​ពី​លើ​នេះ លោក​អះអាង​ថា ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លោក សម សារី ក្បត់​ជាតិ វា​ជា​នយោបាយ​សុទ្ធសាធ ដោយ​សារ​ឥទ្ធិពល​មហា​អំណាច​ពីរ​ធំៗ​កាល​ណោះ គឺ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​លោក​សេរី។ ម្យ៉ាង​វិញ​ទៀត លោក សម សារី ត្រូវ​គេ​រក​ឃើញ​ថា មាន​និន្នាការ​ទៅ​រក​លោក​សេរី​ច្រើន​ជាង ហេតុ​នេះ​ទើប​ជាប់​សង្ស័យ​ថា ជា​មនុស្ស​ក្បត់​ជាតិ។ លោក​បន្ត​ថា «សម សារី លោក​ជា​អគ្គលេខាធិការ​របស់​គណបក្ស​ព្រះករុណា នរោត្តម សីហនុ ហើយ​លោក​បាន​ជួយ​ឈ្នះ​ឆ្នោត​លើក​ទី​មួយ​ហ្នឹង ៩០​ភាគរយ បើ​តាម​ខ្ញុំ​ចាំ។ ក្រោយ​មក វា​មាន​ការ​ខ្វែង​គំនិត​គ្នា​ដោយ​ជំនាន់​ហ្នឹង​យើង​នៅ​ក្នុង​កាលៈទេសៈ​មួយ ដែល​ប្រទាញប្រទង់​គ្នា ដោយសារ​វា​មាន​សង្គ្រាម​ត្រជាក់​សកល​លោក»

យ៉ាង​ណា​អត្ថបទ​ដែល​លោក ហ៊ុន សែន បាន​បង្ហោះ​ដោយ​ពេបជ្រាយ​ឲ្យ​លោក សម រង្ស៊ី ថា មិន​គួរ​ប្រៀបធៀប​ជោគជ័យ​នៃ​លទ្ធផល​ឆ្នោត​នៅ​មីយ៉ាន់ម៉ា ឬ ភូមា ព្រោះ​ភូមា មិន​ដែល​បោះឆ្នោត រី​ឯ​កម្ពុជា បោះ ៥​ដង​រួច​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត បោះ​ឆ្នោត​នៅ​ភូមា ឆ្នាំ​២០១៥ រី​ឯ​កម្ពុជា បោះឆ្នោត​ឆ្នាំ​២០១៨។ លើស​ពី​នេះ​ទៀត មាន​អត្ថបទ​ប្រៀបធៀប​មួយ​ដែល​លោក ហ៊ុន សែន អះអាង​ថា មិន​ទាន់​ពេញលេញ​ចេញ​ពី​ប្រភព​ណា ប៉ុន្តែ​អាច​ជា​មូលដ្ឋាន​ឲ្យ​យល់​ពី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) និង សម រង្ស៊ី។ អត្ថបទ​ប្រៀបធៀប​នោះ​ដាក់​ថា "អ៊ុង សាន ស៊ូជី មាន​ឪពុក​ជា​អ្នក​ស្នេហា​ជាតិ រំដោះ​ជាតិ​ពី​អាណានិគម​និយម ដោយ​ឡែក​លោក សម រង្ស៊ី វិញ​មាន​ឪពុក​ជា​ជន​ក្បត់​ជាតិ ទោស​ប្រហារ​ជីវិត និង​រត់​ចោល​ស្រុក​ជាដើម"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។