លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នឹងចេញសេចក្តីសម្រេចទាក់ទងបណ្តឹងកម្ពុជា ស្នើអោយបកស្រាយសាលក្រមឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោកបញ្ជាក់ថា កម្ពុជាមិនបានទទួលតម្រុយថា តើសេចក្តីសម្រេចនោះនឹងទៅជាយ៉ាងណានោះទេ តែកម្ពុជាបានត្រៀមខ្លួនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការរួចហើយ។
លោក កុយ គួង៖ «យើងរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌អោយយើង សំខាន់យើងចង់បានតែយុត្តិធម៌ទេ យើងមិនចង់បានរបស់គេ យើងក៏មិនចង់បាត់របស់យើងដែរ។ ហើយទោះជាតុលាការសម្រេចបែបណាក៏ដោយ ក៏សេចក្តីសម្រេចនោះមិនប៉ះពាល់ទៅដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាធម្មតារវាងកម្ពុជានិងថៃទេ ដូច្នេះកម្ពុជា នឹងត្រៀមអនុវត្តសេចក្តីសម្រេចរបស់តុលាការឡាអេ ចេញហើយ កម្ពុជានឹងត្រៀមចរចាជាមួយភាគីថៃ ដើម្បីអនុវត្តសាលដីកាហ្នឹងក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាប្រទេសជិតខាងល្អនឹងគ្នានោះ»។
ដូចគ្នានេះដែរ លោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (Surapong Tovichakchaikul) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រាប់បណ្តាញសារព័ត៌មាន ស៊ីនហួ (Xinhua) ចិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ថា តុលាការយុត្តិធម៌អន្តរជាតិ នឹងចេញសាលដីកាជម្លោះព្រំដែនកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅពេលនេះ វាផ្ទុយពីអ្វីដែលកាសែត ឌឹ ណេហ្សិន (The Nations) របស់ថៃ បានចុះផ្សាយនៅពេលថ្មីៗ កន្លងមកនេះថា តុលាការយុត្តិធម៌អន្តរជាតិនឹងលើកការប្រកាសសេចក្តីសម្រេចទៅខែកុម្ភៈ ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
