ជនជាតិដើមភាគតិចរស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចង់ឃើញមេឃុំអាណត្តិថ្មី យកចិត្តទុកដាក់អភិរក្សធនធានធម្មជាតិដែលកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ។ ពួកគេកត់សម្គាល់ថា មេឃុំដែលមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំមូលដ្ឋាននៅអាណត្តិទី៣ បានបរាជ័យក្នុងការអនុវត្តគោលនយោបាយអភិរក្សព្រៃឈើរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច ជាពិសេសគឺបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
ជនជាតិដើមភាគតិចកួយ បារម្ភពីអនាគតធនធានធម្មជាតិ ឬព្រៃសហគមន៍នៅក្បែរមូលដ្ឋានរបស់ពួកគេរស់នៅ ដែលកំពុងរងការកាប់បំផ្លាញជាប្រព័ន្ធ។ ការបារម្ភនេះ ធ្វើឡើងក្រោយពីមានជនជាតិចាម ពលរដ្ឋចំណាកស្រុក និងមួយចំនួនតូចជាពលរដ្ឋនៅមូលដ្ឋាន បានសម្រុកកាប់ទន្ទ្រានព្រៃយកដីធ្វើជាដីកម្មសិទ្ធិឯកជនច្រើនខែមកហើយ ពុំឃើញអាជ្ញាធរទប់ស្កាត់នោះទេ។ ដោយឡែកការរួមចំណែកអន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើរបស់អាជ្ញាធរឃុំកន្លងទៅ គឺទន់ជ្រាយ និងខ្សោយនៅឡើយ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន ឲ្យដឹងនៅថ្ងៃទី១៨ ឧសភា ថា មេឃុំស្រែឫស្សី លោក លួន ណាន មិនត្រឹមតែមិនជួយទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ បែរជាចោទប្រកាន់សហគមន៍ដែលឈឺឆ្អាលរឿងកាប់បំផ្លាញព្រៃឈើ ថាជាក្រុមបក្សប្រឆាំងទៅវិញ។ លោកសង្កត់ធ្ងន់ថា ភាពហិនហោចបាត់បង់ព្រៃសហគមន៍នេះ គឺជាផ្នែកមួយមិនយកចិត្តទុកដាក់របស់អាជ្ញាធរភូមិឃុំ និងស្រុក រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើផង។ លោកចាត់ទុកការបាត់បង់ព្រៃសហគមន៍ភូមិអន្លង់ក្រមួន ជាការកាត់ផ្តាច់មុខរបររបស់ជនជាតិដើមភាគតិចកួយ ដ្បិតប្រាក់ចំណូលរបស់ជនជាតិដើមភាគតិចកួយ តាំងពីដើមមកបានមកពីដងជ័រទឹក រកថ្នាំបុរាណ បេះបន្លែផ្លែឈើ រកឃ្មុំ និងបោចវល្លិ ជាដើម៖ « ដល់នៅព្រៃតិចតួច ក៏ខ្ញុំចាត់តាំងថាព្រៃសហគមន៍របស់ខ្ញុំដែរ។ ដល់ឥឡូវអត់មានទេព្រៃសហគមន៍ បើវាលសហគមន៍មាន។ ព្រៃដែលនៅសល់តិចតួចវានៅតែឈើតូចទេ ឈើធំអស់ហើយ។ បើសម្រាប់មេឃុំ និងមេភូមិអត់មានលទ្ធភាពជួយការពារ រឹតតែខឹងពួកខ្ញុំជាសហគមន៍ទៀត »។
លោក ថាន់ វ៉ន បន្ថែមថា សហគមន៍បានដាក់ពាក្យប្ដឹងមេឃុំ-មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតទៅតំណាងអយ្យការខែត្រស្ទឹងត្រែង តាំងពីឆ្នាំ២០១៣ ពីបទរួមគំនិតបើកដៃឲ្យជនល្មើសកាប់បំផ្លាញព្រៃសហគមន៍ ហើយរហូតបច្ចុប្បន្ន ពាក្យបណ្ដឹងនោះបានកប់ចោលពុំទាន់ជំនុំជម្រះនៅឡើយ។ លោកកត់សម្គាល់ថា កាលពីឆ្នាំ២០១៥ ព្រៃសហគមន៍អន្លង់ក្រមួន ត្រូវបានគេកាប់អស់ប្រមាណជាង ៤០០ហិកតារ។ សហគមន៍បានប្ដឹងករណីនេះទៅតុលាការដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ បំណងទប់ស្កាត់បទល្មើសព្រៃឈើ ក៏ប៉ុន្តែព្រៃឈើនៅតំបន់នោះនៅតែរងការកាប់បំផ្លាញដដែល ហើយរហូតមកដល់ពេលនេះ ព្រៃនៅតំបន់នោះត្រូវគេកាប់អស់ស្ទើរទាំងស្រុង។
ដោយឡែកការចុះល្បាតអភិរក្សព្រៃរបស់សហគមន៍មានគ្នាតិច ខ្វះខាតធនធាន និងសម្ភារ ពុំមានលទ្ធភាពទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ខណៈជនល្មើសសុទ្ធតែមានអាវុធច្នៃ និងមានគ្នាច្រើន៖ « ចុះធ្វើអីបើគ្មានលទ្ធភាព គ្រាន់តែពួកខ្ញុំចុះចាប់បានម៉ាស៊ីនមួយ ក្រោយមកអ្នកកាប់ព្រៃសុទ្ធតែមានស្នាតេស មានព្រោងព្រាត ព្រោះទៅសង្ឃឹមអាជ្ញាធរនៅពីក្រោយខ្នង តែអាជ្ញាធរមិននៅពីក្រោយខ្នងខ្ញុំទេ បែរជានៅពីក្រោយខ្នងជនល្មើសទៅវិញ »។
ព្រៃសហគមន៍ភូមិអន្លង់ក្រមួន មានផ្ទៃដីចំនួន ៨១០ហិកតារ ឋិតនៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដោយពុំទាន់ចុះបញ្ជីជាដីសមូហភាពសហគមន៍ស្របច្បាប់នៅឡើយ ក៏ប៉ុន្តែមានផែនទីកំណត់ទំហំផ្ទៃដីគ្រប់គ្រងរៀបចំដោយមន្ត្រីរដ្ឋបាលព្រៃឈើ និងជួយជ្រោមជ្រែងដោយអង្គការមិនមែនរដ្ឋាភិបាល។ សហគមន៍អះអាងថា អាជ្ញាធរឃុំធ្លាប់ទទួលស្គាល់ដីព្រៃសហគមន៍នេះ និងធ្លាប់ធ្វើលិខិតស្នើសុំទៅអាជ្ញាធរស្រុក ក៏ប៉ុន្តែត្រូវបានអាក់ខាន ដោយលោកអតីតអភិបាលស្រុកបដិសេធ។
ឆ្លើយតបការលើកឡើងនេះ មេឃុំស្រែឫស្សី លោក លួន ណាន ឲ្យដឹងនៅថ្ងៃទី១៨ ឧសភា ថា អាជ្ញាធរពាក់ព័ន្ធពុំទទួលស្គាល់ថា ព្រៃតំបន់នោះជាព្រៃសហគមន៍នោះទេ។ ចំណែកសកម្មភាពកាប់ទន្ទ្រានកន្លងទៅ ធ្វើឡើងដោយពលរដ្ឋចំណាកស្រុក និងពលរដ្ឋនៅមូលដ្ឋាន បានកាប់រានពង្រីកផ្ទៃដីជាច្រើនគ្រួសារ បង្កការលំបាកដល់ការទប់ស្កាត់របស់អាជ្ញាធរ។ លោកបញ្ជាក់ថា នៅឃុំស្រែឫស្សី ពុំមានដីព្រៃសហគមន៍នោះទេ ហើយដីព្រៃដែលពលរដ្ឋលើកឡើងនោះ ត្រូវបានគេដកហូត ដើម្បីផ្តល់ឲ្យពលរដ្ឋមួយចំនួន៖ « អត់មានព្រៃសហគមន៍ទេ ដីនោះគេដាក់ឲ្យពលរដ្ឋរស់នៅមួយចំនួនបាត់ទៅហើយ »។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ៣អាណត្តិកន្លងទៅ មានគណបក្សនយោបាយចំនួន ៣ ចូលរួមឈរឈ្មោះបោះឆ្នោត រួមមានគណបក្ស សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំស្រែឫស្សី ទាំង ៣អាណត្តិដែលមានលោក លួន ណាន ជាមេឃុំ។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤ ខាងមុខនេះ នៅឃុំស្រែឫស្សី មានគណបក្សនយោបាយចំនួនពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល រកឃើញថា អាជ្ញាធរឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើ មិនសូវអើពើទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ លោកថា ជនជាតិដើមភាគតិចធ្លាប់បានប្ដឹងមេឃុំ អាជ្ញាធរភូមិ និងឈ្មួញទៅតុលាការ ៤ឆ្នាំមកហើយ តុលាការហាក់មិនអើពើរឿងក្តីនេះទេ ពោលពាក្យបណ្ដឹងរបស់សហគមន៍ត្រូវកប់ចោល។ បញ្ហានេះគឺជាផ្នែកមួយបង្កឲ្យកើនឡើងនូវវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍។
លោកសង្កត់ធ្ងន់ថា សកម្មភាពបំផ្លាញព្រៃឈើនឹងគ្មានទីបញ្ចប់ទេ ប្រសិនបើការអនុវត្តច្បាប់ព្រៃឈើនៅតែមានភាពចន្លោះប្រហោងច្រើន ហើយកិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើរបស់អាជ្ញាធរមូលដ្ឋាននៅមានកម្រិតដែរនោះ៖« ដូចជាពុំមានការយកចិត្តទុកដាក់ យើងឃើញតែមានអនុសាសន៍ មានបញ្ហាមែន គឺមានតែនៅក្រុងភ្នំពេញ ដោយឡែកការកាប់បំផ្លាញព្រៃឈើវានៅក្នុងព្រៃ។ គាត់ចាត់ទុកថា អាហ្នឹងជាទ្រព្យសម្បត្តិរដ្ឋ តែគាត់មិនការពារបានតែថា »។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ សុទ្ធតែជាក្រុមមនុស្សរងផលប៉ះពាល់ពីកាប់បំផ្លាញព្រៃឈើ ឬបទល្មើសព្រៃឈើ ដែលទាមទារឲ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះឲ្យមានប្រសិទ្ធភាព។ លោកថា ប្រសិនបើពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ គួរតែពិចារណាពីគោលនយោបាយរបស់គណបក្សនយោបាយណាដែលយកចិត្តទុកដាក់អភិរក្សព្រៃឈើ និងរួមចំណែកប្រឆាំងការកាប់បំផ្លាញព្រៃ៖ « ឃុំគ្មានអំណាចអីលើចាត់វិធានការផ្លូវច្បាប់លើការកាប់បំផ្លាញព្រៃឈើ ឬការកាប់បំផ្លាញធនធានធម្មជាតិទេ ប៉ុន្តែដោយសារតែឃុំគឺអ្នកដែលត្រូវមានគណនេយ្យភាពជាមួយពលរដ្ឋ។ ចឹងរាល់បញ្ហាដែលពលរដ្ឋសំណូមពរ ឬបញ្ហាដែលជាកង្វល់ពលរដ្ឋដែលបានលើកឡើង ឃុំត្រូវតែស្ទុះស្ទារកមធ្យោបាយ ឬរកការអន្តរាគមន៍ណាមួយជាការជួយដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋ »។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសារាចរស្ដីពីវិធានការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ និងបង្ក្រាប ព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ រួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារ និងអភិរក្សធម្មជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែរហូតមកដល់ពេលនេះ ការអនុវត្តជាក់ស្តែងគេសង្កេតឃើញរដ្ឋាភិបាលហាក់បរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអភិរក្ស ដែលការពារដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។