ក្រសួង​មហាផ្ទៃ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះ​ឆ្នោត

គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នៃ​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច​សំខាន់ៗ ដើម្បី​ជំរុញ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​យក​ចិត្ត​ទុក​ដាក់ បញ្ជា​ដឹកនាំ ចាត់ចែង​កម្លាំង និង​ចាត់​វិធានការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បម្រើ​ដល់​ដំណើរ​ការ​រៀបចំ​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង រហូត​ដល់​ថ្ងៃ​ទី​២៨ កក្កដា ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត។

សេចក្ដី​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា សរសេរ​ថា ដើម្បី​ធានា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នូវ​បរិយាកាស​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សម្រាប់​កិច្ច​ដំណើរ​ការ​បោះ​ឆ្នោត​ទាំង​មូល​នោះ គឺ​ត្រូវ​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ក្លាយ​ជា​យុទ្ធនាការ​មួយ​ព្រមៗ​គ្នា គ្រប់​ភូមិ ឃុំ សង្កាត់ ទូទាំង​ប្រទេស។

អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ទោះ​ក្នុង​ករណី​ណា​ក៏ដោយ ត្រូវ​ខិតខំ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់​នូវ​បទល្មើស​នានា​ដែល​កើត​ឡើង ជា​ពិសេស​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​រឿង​នយោបាយ និង​ឧបទ្ទវហេតុ​នានា ពាក់ព័ន្ធ​បរិយាកាស​នយោបាយ ដូចជា​គំរាម​កំហែង បំភិតបំភ័យ ឬ​ការ​ទម្លាក់​ស្លាក ផ្ដួល​រំលំ​ស្លាក​គណបក្ស ការ​លាប​ពណ៌​ផ្សេងៗ​លើ​ស្លាក​គណបក្ស​នានា។

ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​សហការ រៀបចំ និង​ចាត់​វិធានការ​ការពារ​សន្តិសុខ សុវត្ថិភាព​នៅ​គ្រប់​គោល​សំខាន់ៗ គឺ​ទី​កន្លែង​ជួបជុំ ទីស្នាក់ការ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ឧទាហរណ៍ មធ្យោបាយ សម្ភារៈ​ឃោសនា ទីតាំង​រក្សា​ទុក ឬ​ក្បួន​ដឹក​ជញ្ជូន​សម្ភារៈ និង​ឯកសារ​បោះ​ឆ្នោត​របស់ គ.ជ.ប ឬ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់។

គណៈ​បញ្ជា​សន្តិសុខ​អចិន្ត្រៃយ៍​ថ្នាក់​រាជធានី ខែត្រ ត្រូវ​ធានា​របប​រាយការណ៍​១​ថ្ងៃ​២​ដង ព្រឹក​ម៉ោង ៨ និង​រសៀល​ម៉ោង ៤ ចាប់​ពី​ពេល​នេះ រហូត​ដល់​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់​ជា​ស្ថាពរ លើក​លែង​ករណី​បន្ទាន់ ជះ​ឥទ្ធិពល​ផ្នែក​នយោបាយ ត្រូវ​រាយការណ៍​ជា​សាមញ្ញ​ជូន​មក​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជា​ការ​សន្តិសុខ​អចិន្ត្រៃយ៍ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។